ក្រុងញូវយ៉ក: កីឡាការិនី Serena Williams បានប្រឹងប្រែងរហូតដល់បានឆ្លងទៅវគ្គ ៤ នាក់ចុងក្រោយ សម្រាប់កម្មវិធីប្រកួតវាយកូនបាល់ (តិន្នីស) ក្នុងព្រឹត្តិការណ៍ US Open កាលពីថ្ងៃពុធម្សិលមិញ ហើយត្រូវឡើងទៅជួបកីឡាការិនី Victoria Azarenka ខណៈផ្នែកបុរស កីឡាករ Dominic Thiem និង Daniil Medvedev នឹងត្រូវប្រឈមជាមួយគ្នា ក្រោយកក់កៅអីរៀងខ្លួន សម្រាប់វគ្គនេះរួចហើយ។
កីឡាការិនីអាមេរិក Williams ដែលត្រូវបានផ្ដល់ចំណាត់ថ្នាក់លេខ ៣ ក្នុងកម្មវិធីនេះ បានចាញ់គូប្រកួតសញ្ជាតិប៊ុលហ្គារី Tsvetana Pironkova នៅសិតដំបូងជាមួយនឹងពិន្ទុ ៦-៤ តែអាចវាយបកយកឈ្នះ ២ សិត ផ្ទួនៗបានវិញ ដោយពិន្ទុ ៦-៣ និង ៦-២ ខណៈជ័យជម្នះនេះ បានរក្សាក្ដីសង្ឃឹមរបស់នាង ក្នុងការប៉ុនប៉ងឲ្យបានក្លាយជាជើងឯកពានលំដាប់ Grand Slam នេះ ជាលើកទី ២៤។
ក្រោយបានឆ្លងទៅវគ្គបន្ត ដោយប្រើពេលដល់ទៅ ២:១២ ម៉ោង កីឡាការិនី Williams បានប្រាប់ថា៖ «នៅចំនុចនេះ ខ្ញុំប្រឹងប្រែងខ្លាំងណាស់។ ខ្ញុំគ្រាន់តែដឹងថា ត្រូវព្យាយាមធ្វើគ្រប់យ៉ាង ដែលខ្ញុំអាច។ ខ្ញុំមិនបោះបង់ ហើយអ្នកក៏ដឹងថា ខ្ញុំពិតជាមិនបោះបង់មែន»។
ចំណែកផ្នែកបុរស កីឡាករអូទ្រីស Thiem បានទម្លាក់កីឡាករ Alex de Minaur របស់អូស្ត្រាលី ជាមួយនឹងជ័យជម្នះ ៣-០ សិត ៦-១ ៦-២ និង ៦-៤ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅក្រុងញូវយ៉កនេះ ជាលើកដំបូង ដោយត្រូវទៅជួបកីឡាកររុស្ស៊ី Medvedev ដែលប្រកួតឈ្នះមិត្តរួមជាតិ និងមិត្តកាលពីកុមារភាពរបស់ខ្លួន Andrey Rublev ក្នុងលទ្ធផល ៧-៦ ៦-៣ និង ៧-៦៕ AFP/VN