ក្រុងលេស៊ីង​តោន​: កីឡាការិនី Serena Williams បាន​ត្រឡប់​មក​មាន​សកម្ម​ភាព​លើ​ទីលាន​ជា​លើក​ដំបូង​ហើយ គិត​តាំង​ពី​មាន​​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ១៩ ដែល​បាន​ប៉ះ​ពាល់​ដល់​កាល​វិភាគ​ការ​ប្រកួត​វាយ​កូន​បាល់ (តិន្នីស) អាជីព ដោយ​ប្រកួត​ដំបូង​នេះ បាន​យក​ឈ្នះ​កីឡាការិនី Bernarda Pera ហើយ​ត្រូវ​ឡើង​ទៅ​ជួប​បង​ស្រី​របស់​ខ្លួន Venus Williams នៅ​ជុំ​ទី ២ នៃ​កម្ម​វិធី​ Top Seed Open នា​ក្រុងលេស៊ីង​តោន (Lexington) រដ្ឋ​ខេនតាក់​ឃី (Kentucky)​។

វា​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​សម្រាប់​​កីឡាការិនី​សញ្ជាតិ​អាមេរិក Serena ក្រោយ​ពី​អាច​វាយ​បក​យក​​ឈ្នះ​មិត្ត​រួម​ជាតិ Pera បាន​វិញ ក្នុង​លទ្ធផល ២ សិត​ទល់ ១ គឺ ៤-៦ ៦-៤ និង ៦-១ ដើម្បី​បាន​​ទៅ​ប្រឈម​ជាមួយបង​ប្អូន​រួម​ផ្ទៃ​ Venus ដែល​បាន​ទម្លាក់​អតីតកីឡាការិនី​លេខ​ ១ ពិភព​លោក Victoria Azarenka របស់​បេឡារុស ២ សិត ០ គឺ ៦-៣ និង ៦-២​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ដំបូង​របស់​ខ្លួន កីឡាការិនី Serena បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​ក្ដី​រំភើប​ថា​៖ «​វា​ជា​រឿង​ល្អ ដោយ​ទូទៅ ព្រោះ​ខ្ញុំ​ខាន​លេង​យូរ​ហើយ ខណៈ​អ្នក​​លេង​ជាច្រើន កំពុង​លេង ក្នុង​ព្រឹត្តិការណ៍ និង​ការ​ប្រកួត​តូច​ៗ ព្រម​ទាំង​ប្រកួត​ជាមួយ​គ្នា ក្នុង​កម្មវិធី​ផ្សេង​ៗ​ តែ​ខ្ញុំ​បាន​ត្រឹម​តែ​ហ្វឹក​ហាត់​ប៉ុណ្ណោះ ដូច្នេះ លទ្ធផល​នេះ គឺ​ពិត​ជា​ប្រសើរ​សម្រាប់​ខ្ញុំ​ណាស់​»​។

កម្ម​វិធី Top Seed Open ជា​ព្រឹត្តិការណ៍ WTA Tour ទី១ នៅ​សហរដ្ឋ​អាមេរិក ​តាំង​ពី​មាន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ដែលបង្អាក់​ការ​ប្រកួត​ប្រជែង​គ្រប់​កម្មវិធី​ទាំង​អស់នោះ បាន​ផ្ដល់​នូវ​តេស្តពី​អ្វី ដែល​នឹង​​កើត​មាន​​ចំពោះ​កីឡការិនី​វ័យ ៣៨ ឆ្នាំ ខណៈ​នាង​ប៉ុន​ប៉ង​ចង់​ឈ្នះ​ពាន​ Grand Slam ជាកំណត់​ត្រា​លើក​ទី២៤ នៅ​កម្ម​វិធី​ប្រចាំ​ឆ្នាំ​ US Open ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ឯមជ្ឈ​មណ្ឌល​កីឡា Flushing Meadows ដោយ​គ្មាន​សំឡេង​ទះ​ដៃ​របស់​ទស្សនិក​ជន​។

កីឡាការិនី​លេខ​ ៩ ពិភព​លោក Serena បាន​បន្ថែម​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ធំ ដែល​អត់​មាន​អ្នក​គាំ​ទ្រ​​ថា៖ «​ខ្ញុំ​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ច្រើន​ណាស់ ក្នុង​អាជីព​របស់​ខ្ញុំ តែ​លើក​នេះ ពិត​ជា​ប្លែក​ខុស​ពី​មុន​ទាំង​ស្រុង​។ ការ​លេង​នៅ​ក្រុង​ញូវយ៉ក​នេះ នឹង​កាន់​តែ​ប្លែក​ទៀត​ ព្រោះ​ថា​ កីឡដ្ឋាន​នោះធំ​ណាស់​»​៕ AFP/VN