ក្រុង​ប៉ារីស៖ ក្រុម​ដែល​ទៅ​ពី​ប្រទេស​​​អេស្ប៉ាញ Sevilla និង Shakhtar Donetsk របស់​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ដំណើរ​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូច​ៗ​គ្នា​ក្នុង​ក្របខ័ណ្ឌ Europa League ក្រោយ​ពី​មាន​ជ័យជម្នះ​រៀងៗ​ខ្លួន​លើ​ក្រុម​គូ​បដិបក្ខ Wolverhampton Wanderers (Wolves) និង Basel​។

សម្រាប់​ក្រុម​ Sevilla ដែល​ធ្លាប់​លើក​ពាន​កម្រិត​ទី២ របស់​តំបន់​អឺរ៉ុប​នេះ ដល់​ទៅ​ ៥ ​សម័យ​កាល ទម្រាំ​​យក​ឈ្នះ Wolves ទាំង​ប៉ផុត​ប៉ផើយ ១-០ បាន​ អាច​ជា​ចាត់​ទុក​ថា​ជា​សំណាង ព្រោះ​នៅ​ដើម​វគ្គ​ទី​១ ក្រុម​ទៅ​ពី​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​ក៏​មាន​​ឱកាស​ស៊ុតបាល់​ពិន័យ ១១ ម៉ែត្រ​ដែរ តែ​គួរ​ឲ្យ​ស្ដាយ ​កីឡាករ Raul Jimenez ដែល​មុន​ហ្នឹង​ មិន​ដែល​ភ្លាត់​ក្នុង​ចំណោម​ការ​បាល់​ពិន័យ​នេះ ៨ លើក​កន្លង​មក មិន​អាច​ទាត់​បាល់​ផុត​ដៃ​អ្នក​ចាំទី​ Yassine Bounou បាន​។

ប្រសិន​បើ Sevilla ​ក្រុម​នៃ​ក្របខ័ណ្ឌ La Liga ត្រូវ​បាន​ក្រុម​គូប្រជែង​នាំ​មុខ នោះ​លទ្ធផល​ចុង​ក្រោយ​ ​ប្រហែល​អាច​ប្រែប្រួល​ខុស​ពី​នេះ​ក៏​ថា​បាន ដោយសារ​កម្លាំង​ចិត្ត​នៃ​ក្រុម​ទាំង ២ នឹង​មាន​ខុស​គ្នា​ជា​​មិន​ខាន។

តែ​យ៉ាង​ណា Sevilla ក្រុម​ដែល​មាន​បទពិសោធ​ជោគជាំ សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ក្របខ័ណ្ឌ​មួយ​នេះ នៅ​តែ​​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​គឺ​ជា​ក្រុម​មាន​សិទ្ធិ​លើក​ពាន​នេះ​ម្ដង​ទៀត បន្ទាប់​ពី​ការ​តែត​បញ្ចូល​ទី​របស់​កីឡាករ​ Lucas Ocampos នៅ​នាទីទី​៨៨​។

បើ​ទោះបី​ជា​ក្រុម​​ឆ្លង​ផុត​វគ្គ ៨ ក្រុម​នេះ ទាំង​ត្រដាប​ត្រដួស ក៏​ពិត​មែន​តែ​គ្រូបង្វឹក​ លោក Julen Lopetegui នៅ​តែ​សរសើរ​កូន​ក្រុម​របស់​ខ្លួន ដោយ​លោក​បាន​និយាយ​ទៅ​កាន់​ទូរទស្សន៍ BT Sport ដូច្នេះ ថា​៖ «​ខ្ញុំ​មាន​មោទនភាព​មែន​ទែន​ចំពោះ​កូន​ក្រុម​របស់​ខ្ញុំ​។ យើង​ត្រូវ​តែ​មាន​ការ​អត់​ធ្មត់​ឲ្យ​បាន​ច្រើន ពេល​ប្រកួត​ជាមួយ​ក្រុម​ល្អៗ​ដូច​នេះ​។ យើង​មាន​ឆន្ទៈ ដែល​នាំ​ឲ្យ​ពួក​យើង​ប្រឹងប្រែង​យ៉ាង​ខ្លាំង ហើយ​ការងារ​ធ្ងន់​ជាង​នេះ​ទ្វេ​ដង កំពុង​រង់ចាំ​យើង ព្រោះ​យើង​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ដ៏​ធំ​បំផុត​សម្រាប់​វិស័យ​បាល់ទាត់​​ពិភព​លោក គឺ​ក្រុម Manchester United​​»​។

ចំណែក​ឯ​ក្រុម Shakhtar បាន​ឡើង​ទៅ​វគ្គ ១/២ ដែរ ដោយ​ត្រូវ​ទៅ​ជួប​ក្រុម​របស់​ប្រទេស​អ៊ីតាលី Inter Milan ក្រោយ​ពី​​​បំបាក់​ក្រុម​របស់​ស្វ៊ីស Basel ៤-១ ដែល​គ្រាប់​បាល់​ទាំង ៤ គ្រាប់​នោះ ធ្វើ​បាន​ដោយ​កីឡាករ​ ៤ ​រូប​ផ្សេង​គ្នា គឺ​កីឡាករ​​​ Junior Moraes នាទីទី២, Taison នាទីទី​២០, Alan Patrick នាទីទី៧៥ (ប៉េណាល់​ទី​) និង Dodo នាទីទី​៨៨។

ដូច្នេះ សម្រាប់​ក្របខ័ណ្ឌ​ Europa League ដែល​បាន​កែ​ប្រែ​រូបមន្ត​ប្រកួត​ខុស​ពី​ដើម​នោះ ឥឡូវ​នេះ​បាន​ឈាន​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ហើយ ដោយ​ក្រុម​ទាំង ៤ នោះ​សុទ្ធ​តែ​ធ្លាប់​លើក​ពាន​នេះ​ដូច​គ្នា ក្នុង​នោះ នៅ​ថ្ងៃទី ​១៧ ខែ​សីហា​​ ​ក្រុម Sevilla ដែល​ធ្លាប់​ឈ្នះ​ច្រើន​ជាង​គេ ត្រូវ​ជួប​ក្រុម​ Manchester United ដែល​ធ្លាប់​លើក​ពាន​នេះ​ម្ដង​។

ថ្ងៃទី​ ១៨ ខែ​សីហា​ អតីត​ជើង​ឯក​ពាន​នេះ ៣ ​ដង Inter Milan ត្រូវ​តទល់​ជាមួយ​ក្រុម Shakhtar ដែល​ធ្លាប់​ឈ្នះ​ ១ ​លើក។ ចាប់​ពី​គូ​ខ្លះ​នៅ​វគ្គ ១៦ ​ក្រុម, វគ្គ ១/៤, វគ្គ​ ១/២ និង​វគ​​្គផ្ដាច់ព្រ័ត្រ ​សុទ្ធតែធ្វើឡើង​នៅ​អាល្លឺម៉ង់​៕ AFP/VN