ក្រុងស្តុកហូលម៍: កីឡាការិនី​ជិះ​ស្គី Mikaela Shiffrin បាន​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​ជា​លើក​ទី​ ១៤ ​នៃ​ព្រឹត្តិការណ៍ World Cup នៅ​រដូវកាល​នេះ ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​ទីក្រុង Stockholm កាលពី​ថ្ងៃ​អង្គារ​។

កីឡាការិនី​សញ្ជាតិ​អាមេរិក​រូប​នេះ​ដែល​បាន​ឈ្នះ​មេដាយមាស​ ២ ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​កាលពី​ដើម​ខែ​នេះ​បាន​តាម​ស្មើ​កំណត់ត្រា​សម្រាប់​វិញ្ញាសា​បុរស និង​នារី​ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​កីឡាការិនី Vreni Schneider ក្នុង​យុទ្ធនាការ​ឆ្នាំ​ ១៩៨៨-១៩៨៩ ខណៈ​នៅ​សល់​ការប្រណាំង​ ១០ ​លើក​ទៀត​។

Shiffrin បាន​យក​ឈ្នះ​លើ​កីឡាការិនី​អាល្លឺម៉ង់ Christina Geige យ៉ាង​ងាយ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​តាមរយៈ​ការនាំ​មុខ​ ០,២៧ ​វិនាទី ដើម្បី​បំពេញ​ការប្រកួត​លើ​វិញ្ញាសា​ជិះ​ស្គី​ចុះ​ភ្នំ​ចម្ងាយ​ឆ្ងាយ​ជា​លើក​ទី​ ៦ ​របស់​នាង ខណៈ​ដែល​គូប្រកួត​ដែល​ដេញតាម​ពី​ក្រោយ​យ៉ាង​ប្រកៀក​បំផុត​របស់​នាង​គឺ Petra Vlhova បាន​ខកខាន​ក្នុង​ការបញ្ចប់​ការប្រកួត​ក្នុង​វគ្គ​ ៨ ​នាក់​ចុងក្រោយ​របស់​ខ្លួន​។

Shiffrin ដែល​បាន​ជួប​បញ្ហា​ជំងឺ​ទាក់ទង​នឹង​សួរ​នោះ​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​បាន​ជិះ​ស្គី​បាន​យ៉ាង​ល្អ​តាម​ដែល​ខ្ញុំ​អាច​។ បើ​ទោះបី​ខ្ញុំ​មាន​សុខភាព​ល្អប្រសើរ​ជាង​នេះ ខ្ញុំ​ប្រហែល​ជា​មិន​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​នេះ​ឡើយ ហើយ​បច្ចុប្បន្ន​ខ្ញុំ​នឹង​មាន​ពេល​ក្នុង​ការសម្រាក​»​។

វា​គឺជា​ការ​ឈ្នះ​ជា​លើក​ទី​ ៥៧ ​ក្នុង​ការ​ប្រកួត​នៃ​យុទ្ធនាការ World Cup ក្នុង​អាជីព​របស់​កីឡាការិនី​វ័យ​ ២៣ ​ឆ្នាំ​រូប​នេះ ខណៈ​ជ័យជម្នះ​នេះ​គឺជា​ចំនួន​ច្រើន​ជាងគេ​លំដាប់​ទី​ ៥ ហើយ​ការ​តាម​ស្មើ​កំណត់ត្រា​នៃ​ការកត់ត្រា​ជ័យជម្នះ​សរុប​ចំនួន​ ៦២ ​លើក​របស់​កីឡាការិនី​អាមេរិក Moser-Proell គឺជា​គោលដៅ​បន្ទាប់​របស់​នាង​។

Shiffrin បាន​ដំណើរ​ទៅ​ដល់​ទីក្រុង Stockholm ក្នុង​នាម​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការទទួល​ជ័យជម្នះ ក្រោយពី​បាន​ឈ្នះ​ក្នុង​វិញ្ញាសា Super-G និង​ការប្រកួត​ចម្ងាយ​នៅ​ភ្នំ Are ប៉ុន្តែ​នាង​បាន​ឈាន​ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយពី​បាន​យក​ឈ្នះ​លើ​កីឡាការិនី​ម្ចាស់​ស្រុក Anna Swenn-Larsson ទាំង​ប្រផិត​ប្រផើយ​ក្នុង​ថិរវេលា​ ០,០១ ​វិនាទី​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

Swenn-Larsson បាន​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ ៣ ក្រោយពី​បាន​ផ្តួល​មិត្ត​រួម​ជាតិ​របស់​ខ្លួន Frida Hansdotter​។ កីឡាការិនី Shiffrin ដែល​កំពុង​តែ​នាំ​មុខ​លើ​កំពូល​តារាង​ក៏​បាន​បន្ថែម​ការនាំ​មុខ​លើ​ពិន្ទុសរុប​របស់​ខ្លួន​ផង​ដែរ លើ​កីឡាការិនី​ឈរ​លេខ​ ២ ពោល​គឺ​រហូត​ដល់​ ៧១៩ ​ពិន្ទុ​។

កីឡាការិនី​ទាំងអស់​នឹង​វិល​ទៅ​ប្រកួត​វិញ​នៅ​ចុង​សប្តាហ៍​នេះ​នៅ​លើ​ភ្នំ Crans-Montana និង​ចុះ​ចំណោត​ក្នុង​ប្រទេស​ស្វ៊ីស​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​៕ IS