ភ្នំពេញ៖ ​ការ​ប្រកួត​បាល់ទាត់​​ពាន​រង្វាន់ Soccer League ឆ្នាំ ​២០១៩ ​​បាន​​និង​កំពុង​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​នៅ​លើ​ទីលាន​ចំនួន ៦​ ហើយ​ព្រឹត្តិការណ៍ ដែល​មាន​ក្រុម​ចូល​រួម​ច្រើន​បំផុត​នេះ ​ត្រូវ​បាន​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្នក​រៀបចំ​បាន​ចាត់​ទុក​ថា ជា​ស្ពាន​រឹត​ចំណង​មិត្តភាព សាមគ្គីភាព​រវាង​យុវជន ដែល​មក​ពី​អង្គភាព និង​ស្ថាប័ន​ខុសៗ​គ្នា ព្រម​ទាំង​ជា​ឱកាស​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​វ័យ​ក្មេង​ក្នុង​ការ​ត្រៀម​ទៅ​ស៊ីហ្គេម លើក​ទី ​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ។

លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​នៅ​កីឡដ្ឋាន​វិសាខា​កាល​ពី​ថ្ងៃ សៅរ៍​ថា៖ ​«គោល​បំណង​នៃ​ការ​ប្រកួត​នេះ គឺ​ដើម្បី​បង្កើន​ឱកាស​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការ​ជួបជុំ​គ្នា​រឹត​ចំណង​មិត្តភាព សាមគ្គីភាព និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា និង​គ្នា​តាមរយៈ​ការ​ប្រកួត​ Soccer League»។

លោក​បាន​បន្ថែម​ថា៖ ​«ឱកាស​នៃ​ការ​លេង​កីឡា នឹង​ផ្តល់​ឲ្យ​យុវជន ដែល​មក​ពី​អង្គភាព​ស្ថាប័ន​ខុសៗ​គ្នា មាន​មុខងារ និង​វិជ្ជាជីវៈ​ផ្សេងៗ​គ្នា បាន​បង្កើត និង​បង្កើន​ចំណង​មិត្តភាព​សាមគ្គីភាព​ក្នុង​ចំណោម​យុវជន ព្រម​ទាំង​ឈ្វេង​យល់​ពី​គ្នា និង​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ក្លាយ​ទៅ​ជា​បណ្តាញ​ទំនាក់​ទំនង​មួយ ដែល​រួបរួម​គ្នា​ក្នុង​បរិយាកាស​ស្និទ្ធ​ស្នាល ចេះ​អត់ឱន អធ្យាស្រ័យ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក»។

សម្រាប់​ការ​ប្រកួត​​ដណ្តើម​ពាន​រង្វាន់ Soccer League ឆ្នាំ ២០១៩ ​នេះ មាន​ក្រុម​ចូល​រួមរហូត​ដល់ ​៧២ ​ក្រុម គឺ​លើស​កាល​ពី​ឆ្នាំ​មុន​ចំនួន ​១២ ​ក្រុម ហើយ​នៅ​ក្នុង​ចំណោម​ក្រុម​ទាំង ​៧២ ​នេះ គឺ​មាន​មក​ពី​សមាគម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចំនួន ​១៤ ​ក្រុម គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​១ ​ក្រុម ស្ថាប័ន​អង្គភាព និង​ក្រុម​ហ៊ុន​នានា ​៥៧ ​ក្រុម។

ក្រុម​ទាំង ​៧២ ​នេះ ត្រូវ​បាន​បែងចែក​ការ​ប្រកួត​ជា ១៦ ​ពូល ហើយ​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល​នីមួយៗ ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃទី ​២ ខែវិច្ឆិកា នៅ​លើ​ទីលាន​កីឡដ្ឋាន​វិសាខា,​ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក, ស្តាត​ចាស់, KMH, អគ្គិសនី​កម្ពុជា និង​អូបេន ដើម្បី​ស្វែងរក​ក្រុម​លេខ ​១ ​តាម​ពូល​នីមួយៗ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ខ្វែង ​១៦ ​ក្រុម រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ព្រឹត្តិការណ៍​នេះ ក្រុម​ម្ចាស់​ជើងឯក នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​ជាង​មុន គឺ ​២០ ​លាន​រៀល ក្រុមលេខ ​២ បាន ​១០ ​លាន​រៀល ​ក្រុម​លេខ ​៣ បាន ​៥ ​លាន ព្រម​ទាំង​រង្វាន់​ផ្សេងៗ​ទៀត។

ជាមួយ​ការ​ប្រកួត​នេះ​ដែរ លោក ស សុខា អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​ការ​ប្រកួត​ពាន​នេះ​ បាន​ចាត់​ទុក​ការ​ប្រកួត Soccer League ឆ្នាំ ​២០១៩ ​នេះ ថា​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​បញ្ចេញ​សមត្ថភាព និង​ស្នាដៃ ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួក​គេ និង​ជំរុញ​លើក​កម្ពស់​សកម្មភាព​កីឡា ត្រៀម​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។

លោក ស សុខា បាន​ថ្លែង​ថា៖​ «ការ​ប្រកួត​ពាន​រង្វាន់​នេះ ​ធ្វើ​ឡើង​ដើម្បី​ជំរុញ និង​លើក​កម្ពស់​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន និង​រឹងមាំ​ថែម​ទៀត ក្នុង​ស្មារតី​សាមគ្គីភាព​រវាង​ស្រទាប់​យុវជន និង​ក្រុម​ការងារ ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​វិស័យ​កីឡា​កម្ពុជា កំពុង​តែ​រីក​ចម្រើន និង​មាន​​ប្រជាប្រិយភាព​ខ្ពស់។ ម្យ៉ាង​ទៀត ការ​ប្រកួត​នេះ បាន​ផ្តល់​ឱកាស​ឲ្យ​ក្លិប សមាគម មហាគ្រួសារ ក្រុម​យុវជន គ្រឹះស្ថាន​ឧត្តម​សិក្សា អង្គភាព និងក្រុម​ហ៊ុននានា ​មាន​ឱកាស​បាន​បញ្ចេញ​​សមត្ថភាព និង​ស្នាដៃ ប្រកួត​ដណ្តើម​ពាន​រង្វាន់​នេះ និង​ជំរុញ​លើក​កម្ពស់​សម្រាប់​ត្រៀម​ខ្លួន​​ទៅ​ស៊ីហ្គេម ​ឆ្នាំ ​២០២៣»៕