ក្រុងម៉ាឌ្រីដ: ក្រុម Real Sociedad បានបន្តការចាប់ផ្ដើមរដូវកាលថ្មីដែលនឹកស្មានមិនដល់ នៅក្របខ័ណ្ឌ La Liga អេស្ប៉ាញ ដោយការឡើងទៅឈរទីកំពូលតារាងបណ្ដោះអាសន្នកាលពីថ្ងៃអាទិត្យ ក្រោយឈ្នះ ៣-០ លើក្រុមម្ចាស់ផ្ទះ Real Betis។
ក្រុម Villarreal បានដណ្ដើមតំណែងលេខ ១ ពេលធ្វើការប្រកួតមុន ដោយការយកឈ្នះ ២-១ លើក្រុម Valencia នៅទឹកដីរបស់ខ្លួន la Ceramica តែជ័យជម្នះដ៏អស្ចារ្យរបស់ក្រុម Sociedad បានរុញពួកគេឡើងទៅនៅទីកំពូលជាមួយនឹងគ្រាប់បាល់ចំណេញច្រើនជាង។
មកទល់ពេលនេះ មាន ៦ ក្រុម មានពិន្ទុប្រដេញគ្នានៅកំពូលតារាង La Liga ក្រោយការប្រកួតបញ្ចប់ទៅ ៦ សប្ដាហ៍ ខណៈក្រុមជើងឯកចាស់ Real Madrid បានបោះបង់តំណែងទី ១ ក្រោយភ្លាត់ប្រកួតចាញ់ក្រុម Cadiz នៅផ្ទះខ្លួនឯង កាលពីថ្ងៃសៅរ៍។ ដូចគ្នាដែរ ក្រុមយក្សមួយទៀត Barcelona ធ្លាក់ទៅដល់លេខ ៩ ដោយសារចាញ់ក្រុមម្ចាស់ផ្ទះ Getafe គ្រាន់តែថា ទើបប្រកួតបាន ៤ លើកប៉ុណ្ណោះ។
សម្រាប់ ៣ គ្រាប់ ដែលធ្វើឱ្យក្រុម Real Sociedad បាន ៣ ពិន្ទុនេះ ធ្វើបានសម្រេចដោយខ្សែបម្រើទាំង ៣ រូប ក្នុ គឺ Cristian Portu នាទីទី៤៣ Mikel Oyarzabal នាទីទី៧៤ (ប៉េណាល់ទី) និង Adnan Januzaj នាទីទី៨៨។
ក្រោយឈ្នះប្រកួតសប្ដាហ៍ទី ៦ នេះ ក្រុម Sociedad ឈរលេខ ១ ក្នុងតារាងលីគកំពូល មាន ១១ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ ២ Villarreal ខណៈក្រុមពីលេខ ៣ ដល់លេខ ៦ មានដូចជា Real Madrid, Getafe, Cadiz និង Granada មាន ១០ពិន្ទុដូចគ្នា តែលើសខ្វះគ្នា ចំនួនគ្រាប់បាល់ ហើយចំនួនការប្រកួត មានក្រុមខ្លះតិចជាង ១លើក៕ AFP/VN