ក្រុង​ឡុងដ៍៖ លោក Ole Gunnar Solskjaer បាន​លើក​ឡើង​​ពី​ការ​រៀបចំ​កាល​វិភាគ​ប្រកួត​របស់​ក្រុម Manchester United (United) ទល់​នឹង​ Everton កាល​ពី​ថ្ងៃ​សៅរ៍​ថា ជា​រឿង​លេង​សើច​ទាំង​ស្រុង ខណៈ​ ​Chelsea ​បំបាក់​ Sheffield United ៤-១ ឡើង​​ទៅ​ឈរ​លេខ ៣ ក្នុង​​តារាង​ពិន្ទុ​ក្របខ័ណ្ឌ Premier League។

United បន្ថយ​សម្ពាធ​ឱ្យ​​អ្នក​ចាត់​ការ​របស់​ពួក​គេ ដោយ​ការ​យក​ជ័យជម្នះ ៣-១ ក្នុង​ប្រកួត ដែល​​ចាប់​ផ្តើម​លឿន នៅ​​កីឡដ្ឋាន Goodison Park តែ​បុរស​សញ្ជាតិ​ន័រវែស ​សម្ដែង​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​ប្រធាន​គ្រប់គ្រង​លីគ ដោយសារ​ក្រុម​មាន​កីឡាករ​របួស​ច្រើន​។

ការ​​ចាប់​អារម្មណ៍​សំខាន់ នៅ​ថ្ងៃ​សៅរ៍ គឺ​ថា តើ United អាច​ស្ដារ​មុខ​មាត់​បាន​វិញ ឬ​អត់ ពី​ការ​បរាជ័យ​ជា​បន្ត​បន្ទាប់ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ជា​ថ្មី​អំពី​តួនាទី​របស់​លោក Solskjaer នៅ​ក្លិប​នេះ​។

United ទើប​បាន​វិល​ត្រឡប់​មក​ពី​លេង​នៅ​ Champions League ដែល​ខ្លួន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ Istanbul Basaksehir នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ តែ​នៅ​ត្រូវ​​លេង ឯ Goodison Park នាម៉ោង ១២:៣០ នាទី​រសៀល​ថ្ងៃ​សៅរ៍​ទៀត​។

ប្រកួត​នេះ​ Bruno Fernandes ស៊ុត​ ២ គ្រាប់ ហើយ​កីឡាករ​ចំណូល​ថ្មី Edinson Cavani បាន​ចាប់​ផ្ដើម​បើក​បញ្ជី​កំណត់ត្រា​ចុះ​គ្រាប់​បាល់​ដំបូង ខណៈ​ United តាម​ពី​ក្រោយ​រហូត​​យក​ឈ្នះ​លើ​​ក្រុម​ម្ចាស់​ផ្ទះ​ ដែល​ជា​ក្រុម​នាំ​មុខ​គេ​ក្នុង​តារាង​នៅ​ដើម​រដូវកាល​នេះ​។​

តែ​​លោក Solskjaer ​រិះ​គន់​សម្រាប់​ការ​កែប្រែ​ឆាប់​រហ័ស​នេះ​​ថា បណ្ដាល​ឱ្យ​កីឡាករ​របស់​ខ្លួន​មាន​របួស ដូច​ជា Luke Shaw (សរសៃ​ពួរ) Victor Lindelof (ខ្នង) និង​ Marcus Rashford (ស្មា)​។

លោក Solskjaer ​និយាយ​ថា​៖ «​តើ​អ្នក​រំពឹង​ថា កីឡាករ​​នឹង​លេង​ឱ្យ​បាន​ល្អ​អស់​ពី​សម្ថភាព​យ៉ាង​ដូច​ម្ដេច ពេល​អ្នក​ឱ្យ​ពួក​គេ​ចេញ​ទៅ​ធ្វើ​ការ​ប្រកួត​នៅ​ម៉ោង ១២:៣០ នាទី​រសៀល? ពិត​ជា​គួរ​ឱ្យ​អស់​សំណើច​​»​។​

គ្រូបង្វឹក​វ័យ ៤៧ ​ឆ្នាំ​បាន​បន្ថែម​ថា​៖​ «​កីឡាករ​​យើង​ដូច​ត្រូវ​រៀបចំ​ឱ្យ​ចាញ់​នៅ​ថ្ងៃ​នេះ ជាមួយ​​​ពេល​វេលា​ប្រកួត​​។ ខ្ញុំ​ជំរុញ​ឱ្យ​ក្លិប​តវ៉ា​ ដើម្បី​ឱ្យ​យើង​មាន​ឱកាស​យ៉ាង​ហោច​ណាស់​ក៏​ពាក់​កណ្ដាល​ដែរ តែ​វា​ក៏​បរាជ័យ​»​។

ចំណែក​​ Chelsea ហាក់​បាន​ទទួល​ផល​ពី​ការ​ចំណាយ​ប្រាក់​​ទិញ​កីឡាករ​ថ្លៃៗ នា​រដូវ​ក្ដៅ​នេះ​ហើយ បន្ទាប់​ពី​​បាន​វាយ​បក​យក​ឈ្នះ​ក្រុម​ភ្ញៀវ Sheffield United ៤-១ ឡើង​ទៅ​​លេខ ៣ ក្នុង​តារាង​លីគ​កំពូល​​អង់គ្លេស ដោយ​មាន​ ១៥​ ពិន្ទុ​ ពោល​គឺ​​តាម​ពី​ក្រោយ​ក្រុម​ទី ១ Southampton តែ ១ ពិន្ទុ​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​។

ក្រុម​របស់​លោក Frank Lampard ដែល​​មិន​ចាញ់​ ៦ ​ប្រកួត​ នៅ Premier League នោះ ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​មុន ​នៅ Stamford Bridge នេះ ពេល​ David McGoldrick ប្រើ​កែង​ជើង​ស៊ុត​បញ្ចូល​ទី​យ៉ាង​ស្អាត​។

តែ​តោ​ខៀវ​តាម​ស្មើ​វិញ ដោយ Tammy Abraham ហើយ​បន្ទាប់​មក Ben Chilwell និង Thiago Silva ព្រម​ទាំង Timo Werner ធ្វើ​សម្រេច​ម្នាក់ ១ គ្រាប់​ បន្ត​បន្ទាប់​គ្នា ជួយ​ឱ្យ​ក្រុម​បាន ៣ ពិន្ទុ ពី​​ប្រកួត​ នាសប្ដាហ៍​ទី ៨ របស់​ខ្លួន​នេះ​។

Lampard ថា​៖ «​យើង​នៅ​ទី ៣​។ កីឡាករ​ទាំង​អស់ ​ស័ក្តិសម​ទទួល​បាន​ការ​កោត​សរសើរ​​។ ពួក​គេ​ធ្វើ​បាន​ល្អ​មែនទែន។ ​វា​​គួរ​ឱ្យ​រីករាយ​ ដែល​បាន​ឃើញ​នូវ​ទិដ្ឋភាព​ហ្នឹង​»​៕ AFP/VN