The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Solskjaer ជឿ​ថា De Gea នឹង​បន្ត​កុងត្រា​ជាថ្មី

Solskjaer ជឿ​ថា De Gea នឹង​បន្ត​កុងត្រា​ជាថ្មី

Content image - Phnom Penh Post
អ្នក​ចាំ​ទី De Gea លោត​ចាប់​បាល់​ដែល​ស៊ុត​ដោយ​ខ្សែ​បម្រើ​ក្លិប​ Cardif City ក្នុង​ពេល​កន្លង​មក​នេះ​។ រូបថត AFP

Solskjaer ជឿ​ថា De Gea នឹង​បន្ត​កុងត្រា​ជាថ្មី

ក្រុងភើសៈ គ្រូ​បង្វឹក​ក្លិប Man Utd បាន​និយាយ​ពី​ថ្ងៃ​អង្គារ​ថា លោក​មាន​សុទិដ្ឋិនិយម​ថា អ្នក​ចាំ​ទី​ David De Gea នឹង​បន្ត​កុងត្រា​ជា​ថ្មី​ដើម្បី​លេង​នៅ​កីឡដ្ឋាន​ Old Trafford ​ជា​បន្ត​ទៀត​ខណៈ​ក្លិប Man Utd កំពុង​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​គូស​ត្រូវ​ចាស់ Leeds របស់​អង់គ្លេស​នៅ​ទីក្រុង Perth ប្រទេស​អូស្ត្រាលី​។

ដំណើរ​កម្សាន្ត​​មុន​រដូវកាល​របស់​ក្លិប​ Man Utd នៅ​ប្រទេស​អូស្ត្រាលី​​នេះ​បាន​ចោលការ​សង្ស័យ​ពី​អនាគត​នៃ​តារា​បាល់​ទាត់​មួយ​ចំនួន​រួម​ទាំង​​អ្នក​ចាំ​ទី​ De Gea ដែល​​កុងត្រា​របស់​រូប​​គាត់​បញ្ចប់​​ពី​ឆ្នាំ​មុន និង​មាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ជើងឯក​បារាំង Paris Saint-Germain។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ ជិត​នឹង​បន្ត​កុងត្រា​រយៈពេល​ ៥ ​​ឆ្នាំ​ទៀត​ជាមួយ​ក្លិប Man Utd នៅ​ក្នុង​​​តម្លៃ​ខ្លួន​ ៣៥០,០០០ ​ផោន​ក្នុង​ ១ ​សប្ដាហ៍​​ហើយ​ដែល​នឹង​ធ្វើឲ្យ​រូប​គេ​ក្លាយ​ជា​អ្នក​ចាំ​​ទី​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​។

កីឡាករ​ De Gea មិន​បាន​ចូលរួម​ប្រកួត​បើក​ឆាក​មុន​រដូវកាល​រវាង​ក្លិប Man Utd និង​ក្លិប​ Perth Glory ពី​ថ្ងៃ​សៅរ៍​ទេ​ ប៉ុន្តែ​រូប​គេ​នឹង​ចូល​លេង​នៅ​ពេល​ប្រកួត​ជាមួយ​ក្លិប​ Leeds នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​បញ្ចប់​ដំណើរ​​កម្សាន្ត​​រយៈពេល​​ ១០ ​ថ្ងៃ​របស់​ក្លិប​បិសាច​ក្រហម​នេះ​​នៅ​ទីក្រុង​ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​អូស្ត្រាលី​មួយ​នេះ​។

គ្រូបង្វឹក​លោក Solskjaer បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា៖ «​គាត់​នឹង​ចូល​លេង ហើយ​សង្ឃឹម​ថា​យើង​អាច​ព្រមព្រៀង​គ្នា​ក្នុង​កុងត្រា​ថ្មី​មួយ​ជាមួយ​ De Gea ព្រោះ​​ខ្ញុំ​បាន​និយាយ ២-៣ ​លើក​មក​ហើយ​»។

គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ ​«​ទោះ​យ៉ាង​ណា​អ្វី​ៗ​អាស្រ័យ​លើ​កីឡាករ De Gea ក្នុង​ការប្រកាស​នៅ​ពេល​ណា​រឿង​នោះ​នឹង​កើតឡើង​តែ​ប៉ុណ្ណោះ​»។

គ្រូបង្វឹក​ក្លិប​ Man Utd បាន​បដិសេធ​មិន​បំភ្លឺ​ជុំវិញ​ថា​ តើ​ខ្សែ​បម្រើ​ Harry Maguire នៅ​ក្លិប​ Leicester City និង​ជម្រើស​ជាតិ​អង់គ្លេស​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​នឹង​ក្លិប​ Man Utd ឬ​យ៉ាង​ណា​នោះ​ទេ​។

លោក Solskjaer បាន​និយាយ​ថា៖ «​មាន​ការសង្ស័យ​ជាច្រើន​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ពិត​ជា​មិន​អាច​និយាយ​អ្វី​បាន​នោះ​ទេ​»។

គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ ​«​មាន​កម្រិត​កីឡាករ​ ហើយ​អ្នកណា​ក៏​ដោយ​ឲ្យ​តែ​ចង់​លេង​នឹង​ជា​ផ្នែក​មួយ​នៃ​ក្រុម​នេះ​ ប៉ុន្តែ​អ្នក​ណា​មិន​ចង់​លេង​​ទេ​​គឺ​ពួកគេ​នឹង​ត្រូវ​ប្រជែង​គ្នា​ដើម្បី​​ត្រឡប់​ទៅ​វិញ​»។

ក្រោយពី​ទទួល​បាន​ជ័យជម្នះ ២-០ ទៅ​លើ​ក្លិប​ Perth រួច​មក​ក្លិប Man Utd កំពុង​សង្ឃឹម​សម្រាប់​ទម្រង់​លេង​កាន់​តែ​ល្អ​នៅ​ពេល​ប្រកួត​ជាមួយ​គូសត្រូវ​ល្វីង​ជូរចត់​ Leeds លេង​នៅ​ក្របខ័ណ្ឌ Premier League​។

លោក Solskjaer បាន​និយាយ​ថា ក្លិប Man Utd រំភើប​ចិត្ត​ដែល​បាន​ជួប​នឹង​គូ​សត្រូវ​របស់​ខ្លួន​​​ជាថ្មី​​ដោយ​និយាយ​ថា៖ «​ជា​ការពិត​អ្នក​ចង់​មាន​ការប្រកួត​ជាមួយ​ក្លិប​ធំៗ​បំផុត​ ហើយ​នេះ​ជា​ឱកាស​ដ៏អស្ចារ្យ​មួយ​សម្រាប់​អ្នក​គាំទ្រ​ និង​កីឡាករ​ទាំង​សង​ខាង​ព្រោះ​មាន​ការប្រកួត​អស្ចារ្យ​ជាច្រើន​កាលពី​ពេល​កន្លង​​មក​»។

កីឡាករ Romelu Lukaku ដែល​គេ​រាយការណ៍​ថា​កំពុង​សម្លឹង​រក​ឱកាស​ដើម្បី​ទៅ​ចូលរួម​នឹង​ក្លិប Inter Milan នោះ​គ្រោង​នឹង​ចូល​លេង​ក្នុង​ការប្រកួត​មុន​រដូវកាល​ជាមួយ​ក្លិប​ Leeds នេះ​ដែរ​ក្រោយ​ពី​ជា​សះស្បើយ​ពី​របួស​រួច​មក​ ខណៈ​កីឡាករ Luke Shaw ទំនង​ជា​មិន​បាន​ចូល​លេង​ទេ​ក្រោយ​ពី​រងរបួស​ក្នុង​ការប្រកួត​ជាមួយ​ក្លិប Perth។

ក្លិប Man Utd នឹង​មាន​ការប្រកួត​មុន​រដូវកាល​បន្ថែម​ទៀត​ជាមួយ​ក្លិប​ Inter Milan នៅ​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី​ ២០ ខែ​កក្កដា​ និង​ជាមួយ​ក្លិប​ Tottenham នៅ​ទីក្រុង​ស៊ាងហៃ​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កក្កដា​ ខណៈ​ក្លិប Leeds នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ស៊ីដនី​ដើម្បី​ប្រកួត​ជាមួយ​ក្លិប Western Sydney Wanderers៕ SN

អត្ថបទគួរចាប់អារម្មណ៍