ក្រុង​ឡុង​ដ៍:​ លោក Ole Gunnar Solskjaer នឹង​មិន​បោះ​បង់​ក្ដី​សង្ឃឹម​ ដែល​ក្រុម​បិសាច​ក្រហម Manchester United របស់​ខ្លួន អាច​តាម​ប្រជែង​ជាមួយ​ក្រុម​មេឃខៀវ Manchester City ដើម្បី​ដណ្ដើម​ពាន​ក្រប​ខ័ណ្ឌ Premier League ទោះ​បី​ជា​ក្រុម​​នៅ​ទី​កំពូល​តារាង កំពុង​មាន​ទម្រង់​លេង​យ៉ាង​ល្អ​ឥត​ខ្ជោះ​ក៏​ដោយ​។

Man City បាន​បន្ថែម​គម្លាត​នាំមុខ​ដាច់​រហូត​ដល់​ទៅ ១០​ ពិន្ទុ​ លើ​ក្រុម​គូប្រជែង​ក្នុង​ក្រុង​តែ​ ១ របស់​ខ្លួន​ បន្ទាប់ពី​ធ្វើ​ដំណើរ​ទៅ​យក​ជ័យ​ជម្នះ​ពី​ក្រុម​ម្ចាស់​ផ្ទះ​ Arsenal ក្នុង​លទ្ធផល ១-០ ដែល​វា​ក៏​ជាការ​ឈ្នះ​ ១៨ ហ្គេម​បន្ត​បន្ទាប់​គ្នា សម្រាប់​​ក្រុមរបស់​លោក Pep Guardiola ពី​ការ​ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់ផងដែរ​។

ជាមួយ​គ្នា​នេះ ទម្រង់​លេង​ម្ដង​ឡើង​ម្ដង​ចុះ​របស់​ក្រុម​ Man United ខ្លួន​ឯង​ផ្ទាល់ ក៏​បាន​រួម​ចំណែក​ជួយ​ឱ្យ​មាន​គម្លាត​ដ៏​ឆ្ងាយ​នេះ​ដែរ តែ​ក្រុម​បិសាច​ក្រហម បាន​យកឈ្នះ​ក្រុម Newcastle ៣-១ ដែល​វា​ជា​ការ​​ស្គាល់​ ៣ ពិន្ទុ ជា​លើក​ទី២ ក្នុង​ចំណោម​ ៦ ​ប្រកួត​ចុង​ក្រោយក្នុង​លីគ​។

គ្រូបង្វឹក​របស់​ក្រុម Man United​ លោក Solskjaer បាន​ថ្លែង​ថា​៖ «យើង​ត្រូវ​តែ​ទៅ​ឱ្យ​ដល់​ទីនោះ ទោះ​អាច ឬ​មិន​អាច​។ គ្រប់​ពេល ដែល​យើង​ទទួល​បាន ៣​ ពិន្ទុ យើង​បាន​ធ្វើ​កិច្ច​ការ​របស់​យើង​រួច​ហើយ ហើយ​នោះ​ជា​អ្វី ដែល​យើង​ត្រូវ​ធ្វើ និង​ត្រូវ​តាម​អ្វីដែល​ក្រុម​ដទៃ​កំពុង​ធ្វើ​»​។

គ្រូបង្វឹក​របស់ Man United លោក Solskjaer (ស្ដាំ) ជជែក​ជាមួយលោក Steve Bruce (ឆ្វេង) របស់ Newcastle អំឡុង​​ប្រកួត នៅ Premier League កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក​ Solskjaer បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ដល់​ទៅ ៥ ​រូប​ ពី​ជម្រើស ១១ ​នាក់​ដំបូង ដែល​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍ ដោយ​ការ​បំបាក់​ក្រុម Real Sociedad ៤-០​ ក្នុង​ប្រកួត នៅ​ក្រប​ខ័ណ្ឌ​​ Europa League កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​សំណាង​ល្អ ដែល​អត់​មាន​កំហុស​កើត​ឡើង សម្រាប់​ការ​ដក​កីឡាករ​របស់​ក្រុម​ម្ចាស់​ផ្ទះ​នេះ។​

លោក​ Solskjaer បាន​បន្ថែម​ថា​៖ «​យើង​ត្រូវ​តែ​រក​វិធី ដើម្បី​ឈ្នះ​ការ​ប្រកួត នៅ​វគ្គ​ទី២។ វគ្គ​ដំបូង យើង​លេង​មិន​ដល់​ស្ដង់​ដា ដែល​យើង​ចង់​បាន​នោះ​ទេ​។ ប្រហែល​ដោយសារ​ក្រុម Newcastle។ ប្រហែល​ដោយសារ​អ្វី ដែល​​យើង​បានធ្វើ​ ​នៅ​សប្ដាហ៍​នេះ។ យើងបានសុំ​ឱ្យ​ពួក​គេ ឡើង​ឱ្យ​ដល់​ចំណុចកំពូល ដូច​ក្នុង​ប្រកួតនៅ​​មុនហ្នឹង តែ​វា​ធ្វើ​យើង​ត្រូវ​ចប់​តង់​ទី១ ទើប​​អាច​ប្រមូល​កម្លាំង និង​ថាម​ពល​របស់​យើង​ឡើង​វិញ​បាន​»​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍ទី២៥ នេះ ក្រុម​គូប្រជែងក្នុង​ក្រុង​មេន​ឆែសស្ទ័រ​ជាមួយ​​គ្នា Man City និង Man United ឈរ​នៅ​លំដាប់​ទី១ និងទី២​ ដោយមាន ៥៩ ​ពិន្ទុ និង​ ៤៩​ ពិន្ទុ​ ខណៈ​ក្រុម​ការ​ពារ​ជើង​ឯក​ហង្សក្រហម​ Liverpool ធ្លាក់​ទៅ​ដល់​ចំណាត់​ថ្នាក់​ទី៦ មាន​ ៤០ ​ពិន្ទុ​៕ AFP/VN