ប៊ឺនលី៖ Son Heung-min លោត​តែត​ពេញ​ទំហឹង​ជួយ​ឱ្យ​ក្រុម Tottenham Hotspur (Spurs) ដែល​លេង​ដូច​អត់​មាន​កម្លាំង​កំហែង ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Burnley ១-០ ខណៈ​គ្រាប់​ ដែល​មាន​ភ្ជាប់​ទំនាក់ទំនង​​ជាមួយ​ដៃ​គូ​ប្រយុទ្ធ​ Harry Kane នេះ បាន​រុញ​ក្រុម​របស់ Jose Mourinho ឡើង​​ទៅ​លំដាប់​ទី​៥ ក្នុង​តារាង​ក្របខ័ណ្ឌ​ Premier League អង់គ្លេស​។

ក្រុម​ធំៗ​ទាំង ៦ បាន​បាត់បង់​ពិន្ទុ ដែល​មិន​គួរ​នឹង​កើត​មាន​នៅ​ប៉ុន្មាន​សប្ដាហ៍​នៃ​ដើម​រដូវកាល​នេះ ហើយ​ក្រុម​ Spurs ក៏​ទំនង​ជា​ចាកចេញ​ពី​កីឡដ្ឋាន Turf Moor ដោយ​ការ​ខក​ចិត្ត​​ដែរ តែ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​កូរ៉េ​ខាង​ត្បូង Son មាន​ឱកាស​រក​បាន​គ្រាប់​ទី៨ របស់​ខ្លួន​នៅ​នាទីទី​៧៦ ដោយ​ការ​តែត​បណ្ដាក់​គ្នា​ជាមួយ Kane ជួយ​ឱ្យ​ក្រុម​ត្រឡប់​ទៅ​ផ្ទះ​ដោយ​មាន ៣ ពិន្ទុ​​។

ឃើញ​ថា ពេល​នេះ Spurs ដណ្ដើម​បាន ១១ ពិន្ទុ​ហើយ ពី​ការ​ប្រកួត ៦ លើក​របស់​ខ្លួន ដោយ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Everton តែ ២ ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​​ពី​ឈ្នះ​ជា​លើក​ទី៣ ​ក្នុង​រដូវកាល​នេះ​។​

គ្រូ​បង្វឹក​របស់ Spurs លោក Mourinho បាន​និយាយ​សរសើរ​កូន​ក្រុម​ដៃគូ​ប្រយុទ្ធ​របស់​គាត់​ ដែល​គិត​ទាំង​គ្រាប់​នេះ​ផង រួម​សហការ​គ្នា​ទម្លុះ​សំណាញ់​ទី​បាន ២៩ គ្រាប់​ហើយ នៅ Premier League ដោយ​កាល​ពី​មុន មាន​តែ​អតីត​កីឡាករ​ Didier Drogba និង Frank Lampard ប៉ុណ្ណោះ ដែល​មាន​ចំណែក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ធ្វើ​បាន​​រហូត​ដល់ ៣៦​ គ្រាប់​។

លោក​ Mourinho បាន​និយាយ​ថា​៖ «​ត្រូវ​យល់​ថា គ្រប់​យ៉ាង​ គឺ​កើត​ឡើង​ត​ពី​សម័យកាល​របស់ Maurcio Pochettino។ ខ្ញុំ​មិន​ចង់​បាន​សមិទ្ធផល​នេះ តែ​ម្នាក់​ឯង​ទេ ត្រូវ​ផ្ដល់​ពិន្ទុ​នេះ ឱ្យ Pochettino​។ ពួក​គេ​លេង​ជាមួយ​គ្នា​យូរ​ហើយ។ អ្វី​ដែល​ធ្វើ​ឱ្យ​សប្បាយ​ចិត្ត​កាន់​តែ​ខ្លាំង​ជាមួយ​ពួក​គេ​ទាំង ២ គឺ​ថា ទាំង ២ នាក់ មិន​ត្រឹម​តែ​ជា​កីឡាករ​​កម្រិត​កំពូល​ទេ ​ថែម​ទាំង​ជា​មិត្ត​ស្និទ្ធស្នាល គ្មាន​ការ​ច្រណែន​គ្នា ពោល​គឺ​ពួក​គេ​លេង​ដើម្បី​ក្រុម​»​។

ការ​យក​បាន​ ៣ ពិន្ទុ​ដ៏​លំបាក​​នេះ នឹង​នាំ​ឱ្យ​មាន​ភាពធូរ​ស្រាល​​អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​លោក​ Mourinho ដែល​ក្រុម​របស់​លោក ហាក់​បី​ដូច​ជា​អ្នក​ពិឃាត​​ពិភព​លោក​អ៊ីចឹង ដើម​ខែ​នេះ​ ដោយសារ​បាន​ទៅ​បំបាក់​ក្រុម​បិសាច​ក្រហម Manchester United ៦-១ ដល់​ផ្ទះ មុន​នឹង​ភ្លាត់​ស្មើ ​ West Ham ទាំង​ដែល​ខ្លួន​នាំ​មុខ ៣-០​ មុន​​។

តែ​យ៉ាង​ណា​ សកម្មភាព​ប្រយុទ្ធ​ប្រកប​ដោយ​ភាព​ក្លៀវក្លា​របស់​ក្រុម​ Spurs ស្ទើរ​តែ​រលាយ​បាត់​អស់ អំឡុង​ការ​ប្រកួត​នៅ Turf Moor កន្លែង​ដែល​ពួក​គេ​ព្យាយាម​យ៉ាង​ខ្លាំង ដើម្បី​បង្កើត​បាន​នូវ​​ការ​លេង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ទល់​នឹង​ក្រុម​ដឹកនាំ​ដោយ​លោក Sean Dyche ដែល​ទៅ​ណា​មិន​រួច​ពី​តំបន់​គ្រោះ​ថ្នាក់ ដោយ​ការ​មិន​ឈ្នះ​សូម្បី ១ ប្រកួត​នា​រដូវកាល​នេះ​។

សម្រាប់​ប្រកួត​ដែល​មាន​សភាព​តឹងតែង​នេះ កីឡាករ​ខ្ចី​ជើង​ពី​ក្រុម​ Real Madrid ១ រដូវកាល គឺ Gareth Bale បាន​ត្រឹម​អង្គុយ​កៅអី​កីឡាករ​បម្រុង​តែ​ប៉ុណ្ណោះ ដែល​នេះ​មាន​ន័យ​ថា កីឡាករ​អន្តរជាតិ​វេលល៍​រូប​នេះ ត្រូវ​រង់ចាំ​តទៅ​ទៀត ​សម្រាប់​ការ​បាន​បង្ហាញ​​​​ខ្លួន​លើក​ទី១ នៅ​​ Premier League ក្នុង​ចំណោម​ ១១ នាក់​ដំបូង រយៈពេល ៧ ​ឆ្នាំ​៕ AFP/VN