ក្រុង​ឡុងដ៍: កិច្ច​ប្រឹង​ប្រែង​ឲ្យ​មាន​ការ​ចាប់ផ្ដើម​​ជា​ថ្មី​​នៃ​​ក្រប​ខ័ណ្ឌ Premier League របស់​ប្រទេស​អង់គ្លេស ទទួល​បាន​ភាព​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​ហើយគិត​ត្រឹម​ថ្ងៃ​ពុធ ដោយសារ​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​​វិជ្ជមាន ក្នង​​ចំណោមលទ្ធផល​តេស្ត​ទាំង ១ ១៩៧ នាក់​ សម្រាប់​​ការ​ពិនិត្យ​រក​វីរុស​កូរ៉ូណា​​ដំណាក់​កាល​ចុងក្រោយ​។​

អ្នក​ដែល​ទទួលបាន​លទ្ធផល​វិជ្ជមាន​នោះ​ គឺ​​ជា​មនុស្ស​របស់​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur (Spurs) ដោយ​​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹងថា តើ​អ្នក​នោះ ជា​កីឡាករ ឬ​បុគ្គលិក​បម្រើ​ការ​ទូទៅ​នោះ​ឡើយ​​ តែ​គ្រាន់​តែ​ដឹង​ថា ពេល​នេះ បុគ្គល​រូប​នោះ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​អ្នក​ដទៃ​រយៈ​ពេល ​៧ ​ថ្ងៃ​។

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួនក្លិប Spurs បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ត្រូវ​បាន​ខាង Premier League ប្រាប់​ថា ក្រុម​យើងទទួល​បានលទ្ធផល​​វិជ្ជមាននៃ​​ជំងឺ​កូវីដ​ ១៩​ ចំនួន ១​ ករណី សម្រាប់​ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ចុងក្រោយ នៅ​ឯ​កន្លែង​ហ្វឹក​ហាត់​របស់​យើង​។ ដោយសារ​ការ​រក្សា​ការ​សម្ងាត់​របស់​ពេទ្យ ឈ្មោះ​របស់​អ្នក​ឆ្លង​នោះ នឹង​មិន​ត្រូវបាន​ប្រាប់​ឲ្យ​ដឹង​ឡើយ​»​។​​​

សេចក្ដី​ប្រកាស​របស់​ក្លិប​ ដែល​មាន​ទី​តាំង​នៅ​ក្រុង​ឡុងដ៍​មួយនេះ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ឥឡូវ​ហ្នឹង បុគ្គល​ម្នាក់​នោះ មិន​មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ ហើយ​ពេល​នេះ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ៧ ​ថ្ងែ ស្រប​តាម​ការ​ណែ​នាំ​អ្នក​គ្រប់​គ្រង​​ក្រប​ខ័ណ្ឌ​ Premier League។ សម្រាប់​ក្លិបរបស់យើងនឹង​បន្ត​អនុវត្ត​យ៉ាង​តឹង​រ៉ឹង ដើម្បី​​ត្រៀម​ចាំ​ការ​ចាប់​ផ្ដើម​ឡើង​វិញ​របស់​ Premier League ចំពោះ​វិធានការ​ហ្វឹក​ហាត់ ដែល​នឹង​ធានា​បាន​ថា កន្លែង​​ហ្វឹក​ហាត់​របស់​យើង​ នៅ​តែមាន​សុវត្ថិភាព និង​បរិយាកាស​ការងារ​​ ដែល​គ្មាន​ការ​ឆ្លង​វីរុស»​។

កីឡាករ​ និង​បុគ្គលិក​ទាំង​អស់​ ក្នុងក្លិប​​ នៅក្រប​ខ័ណ្ឌ​ Premier League បាន​ធ្វើ​តេស្ត កាល​ពី​ថ្ងៃ​ចន្ទ និង​អង្គារ ហើយ​លទ្ធផល​វិជ្ជមានក្នុង​ចំនួន​តិច​តួច​​បែបនេះ​ កំពុង​បង្ហាញ​នូវ​សញ្ញា​ល្អ​មួយ​ទៀត សម្រាប់​ក្រប​ខ័ណ្ឌ​ដ៏​ល្បី​លើ​លោក​មួយ​នេះ ខណៈ​ខ្លួន​​កំពុង​ព្យាយាម​បញ្ចប់​យុទ្ធនាការ​ ដែល​ត្រូវ​​បាន​​ផ្អាក​។ មក​ទល់​ពេល​នេះ ការ​ធ្វើ​តេស្ត​ទាំង​ ៥​ លើក​ ឃើញ​ថា មាន​លទ្ធផល​វិជ្ជមាន​សរុប ១៣​ ករណី ក្នុង​ចំណោម​ការ​ធ្វើ​តេស្ត ៥ ០៧៩​ នាក់​។​​

ជាមួយ​គ្នា​នេះ កីឡាករ និង​បុគ្គលិក​របស់​ Premier League ត្រូវ​ធ្វើ​តេស្ត ២​ ដង ក្នុង ១​ សប្ដាហ៍​ ខណៈ​ខាង​លីក​ប៉ុនប៉ងឲ្យ​មាន​ការ​​​ចាប់ផ្ដើមវិញ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ នេះ ក្រោយ​ការ​ផ្អាក​ក្នុង​ខែ​មីនា ដោយសារការ​រាត​ត្បាត​នៃ​ជំងឺ​ខាង​លើ​ ហើយពាក់​ព័ន្ធ​នឹង​​តេស្ត​ចុង​ក្រោយ​នេះ​ ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​​ក្រប​ខ័ណ្ឌ Premier League បាន​សរសេរ​រៀបរាប់​ថា​៖ «​ក្រប​ខ័ណ្ឌ Premier League ថ្ងៃ​នេះ អាច​ធ្វើ​ការ​អះអាង​ថា ថ្ងៃចន្ទ ទី​ ១ និងថ្ងៃ​អង្គារ ទី ២ ខែ​មិថុនា សម្រាប់​ការ​ធ្វើ​តេស្ត​ចំពោះ​កីឡាករ និង​បុគ្គលិក​របស់​ក្លិប ចំនួន ១ ១៩៧​ នាក់ ដើម្បី​រក​ជំងឺ​កូវីដ​ ១៩ ឃើញ​ថា​មាន​អ្នក​វិជ្ជមាន​តែ​មួយ​ករណី​ប៉ុណ្ណោះ​»​៕ AFP/VN ​