ក្រុង​ឡុងដ៍៖ ក្រុម Tottenham Hotspur បាន​ដេញ​តាម​ពី​ក្រោយ​នៃ​ការ​នាំ​មុខ ​២ ​គ្រាប់ ​​រហូត​យក​ឈ្នះ​ទៅ​លើ​ក្រុម Olympiakos ​ក្នុង​លទ្ធផល​ ៤-២ និង​បាន​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League នៅ​ក្នុង​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី ​គឺ​លោក Jose Mourinho កាល​​ពី​ថ្ងៃ​អង្គារ​។​​

ក្លិប Spurs គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម ​៣ ​ក្រុម​ទៀត ​ដែល​បាន​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​ដែល​នៅ​សល់ ​១ ​ប្រកួត​ទៀត ​ខណៈ​ក្រុម Man City និង​ក្រុម Real Madrid ក៏​បាន​ឡើង​ទៅ​វគ្គ ​១៦ ​ចុង​ក្រោយ​​ដែរ​។​

វា​មើល​ទៅ​ដូច​ជា​វា​មិនមែន​ជា​រាត្រី​ល្អ​សម្រាប់​ក្រុម​ Tottenham ​នោះ​ទេ​នៅ​ពេល​ពួក​គេ​ត្រូវ​បាន​គូ​ប្រជែង​នាំ​មុខ​ ២-០ ​នៅ​ក្នុង​រយៈពេល​ ១៩ ​នាទី ​​ដោយ​ខ្សែ​ប្រយុទ្ធ ​Youssef El Arabi​ ជាមួយ​កីឡាករ​ Ruben Semedo រក​បាន​ម្នាក់ ​១ ​គ្រាប់ ​សម្រាប់​ក្រុម​ភ្ញៀវ​ Olympiakos។

ប៉ុន្តែ​កីឡាករ Dele Alli រក​បាន ​១ ​គ្រាប់ ​សម្រាប់​ក្រុម Spurs នៅ​មុន​ពេល​សម្រាក​​ ហើយ​កីឡាករ​ Lucas Moura បាន​បញ្ជូន​បាល់​ឲ្យ​កីឡាករ​ Harry Kane ស៊ុត​បញ្ចូល​ទី​ដើម្បី​តាម​ស្មើ​វិញ​នៅ​រយៈពេល ​៥ ​នាទី ​​ក្រោយ​ពី​សម្រាក​នៅ​តង់​ទី ​១​​។​​​

លុះ​ដល់​នាទី ​៧៣ ខ្សែ​ប្រយុទ្ធ Serge Aurier រក​បាន ​១ ​គ្រាប់​ទៀត ​ដើម្បី​នាំ​មុខ​ក្រុម​ភ្ញៀវ ៣-២ ​វិញ​ម្ដង​មុន​ពេល​កីឡាករ​ Kane បាន​តែត​បញ្ចូល​ទី ​១ ​គ្រាប់​ទៀត ​ក្រោយ​ពី​ទទួល​បាន​បាល់​ពី​ការ​ស៊ុត​ free-kick របស់​កីឡាករ​ Christian Eriksen ដែល​បាន​បង្ហាញ​ខ្លួន​លើក​ទី ​២៤ ​និង​ជា​កីឡាករ​លឿន​បំផុត​ក្នុង​ការ​រក​បាន ​២០ ​គ្រាប់ ​នៅ​​ក្នុង​ប្រវត្តិសាស្ត្រ​​ក្របខ័ណ្ឌ​ Champions League។​​​

លោក​ Mourinho គ្រូ​បង្វឹក​ក្លិប Spurs បាន​ប្រាប់​ BT Sport ​ថា៖ «​ក្មេង​ប្រុស​ទាំង​នេះ​បាន​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ដែល​មាន​អារម្មណ៍​ល្អ​ ហើយ​យើង​មាន​ការ​ប្រកួត​លំបាក​ដែល​ត្រូវ​ធ្វើ​ជា​ច្រើន​ទៀត​។ យើង​អាច​សម្លឹង​ឃើញ​ការ​ប្រកួត​ក្រុម Bayern Munich ដោយ​ខ្សែ​ចក្ខុ​ផ្សេង​ទៀត​»។​​

ក្រុម​ Spurs នឹង​បញ្ចប់​ត្រឹម​លេខ ​២ ​ក្នុង​ពូល​ B ដោយ​តាម​ពី​ក្រោយ​ក្រុម​ Bayern នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​ពួក​គេ​ដែល​បាន​ឈ្នះ​ទាំង ​៥ ​លើក​នៃ​​ក្របខ័ណ្ឌ​អឺរ៉ុប​នៅ​រដូវកាល​នេះ ​ខណៈ​កីឡាករ​ Lewandowski រក​បាន ​៤ ​គ្រាប់ ​ក្នុង​ការ​ប្រកួត​ដែល​​ក្រុម Bayern បាន​ឈ្នះ​ក្រុម FK Crvena Zvezda ៦-០ កាល​ពី​ថ្ងៃ​អង្គារ​។​

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ Lewandowski ​បាន​ប្រាប់​ Sky អាល្លឺម៉ង់​​ថា៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ខ្ញុំ​រក​បាន ​៤ ​គ្រាប់ ​តែ​ម្នាក់​ឯង​បែប​នេះ​ ហើយ​យើង​ឈ្នះ​ទៀត​»។​​

ទន្ទឹម​នោះ​ដែរ​ ក្លិប​ Man City របស់​លោក Pep Guardiola ទទួល​បាន​ពិន្ទុ​​ដែល​ពួក​គេ​ត្រូវ​ការ ​ដើម្បី​បោះ​ជំហាន​ទៅ​មុខ​​ថែម​ទៀត​នៅ​ក្នុង​​ពូល​ C ក្រោយ​ពី​ប្រកួត​ស្មើ​ជាមួយ​ក្រុម Shakhtar Donetsk ១-១ នៅ​ពេល​កីឡាករ​ Ilkay Gundogan រក​បាន​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី​​ ៥៦​ ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​ Manor Solomon ជួយ​ឲ្យ​ក្លិប​អ៊ុយក្រែន​នេះ ​តាម​ស្មើ​វិញ​ក្នុង​នាទី​ទី ​៦៩​​។​

លោក Guardiola បាន​និយាយ​ថា៖ «​ដំណាក់​កាល​ប្រកួត​ក្នុង​ពូល ​គឺ​តែងតែ​មាន​ការ​លំបាក ​ប៉ុន្តែ​គោលដៅ​គឺ​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត​ ហើយ​យើង​ធ្វើ​បាន​សម្រេច​​រួច​ហើយ​»។​

ជ័យជម្នះ​នេះ​​បាន​ធ្វើ​ឲ្យ​ក្រុម Man City ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល C មាន ​១១ ​ពិន្ទុ ​ក្នុង ​៥ ​ប្រកួត ​ខណៈ​ក្រុម Shakhtar ឈរ​នៅ​ចំណាត់​ថ្នាក់​​លេខ ​២ ​ដេញ​តាម​ពី​ក្រោយ​ក្រុម​ Man City ៥ ​ពិន្ទុ​៕ AFP/SN