ក្រុង​ប៉ារីស: ពហុ​កីឡដ្ឋាន Stade de France នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចំនួន ១០ ប្រកួត សម្រាប់​​ព្រឹត្តិ​ការណ៍​​ជើង​ឯក​ពិភពលោក​កីឡា​បាល់​ឱប ឆ្នាំ​ ២០២៣ (Rugby World Cup 2023)។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈ​កម្មា​ធិការ​រៀប​ចំ កាល​ពី​ថ្ងៃ​ចន្ទ​។

ពហុ​កីឡដ្ឋានត្រូវបាន​សាង់​សង់​ផ្លូវ​ការ​លើ​អតីត​​ទីតាំង​​ឧស្សាហកម្មក្នុង​ក្រុង Saint Denis សម្រាប់​រៀប​ចំ​ការ​ប្រកួត​ប្រជែង​កីឡា​បាល់​ទាត់ World Cup 1998 ហើយ​បន្ទាប់​មក ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ សម្រាប់​ព្រឹត្តិការណ៍​កីឡា​បាល់​ឱប World Cup 2007 និង​បាល់​ទាត់ Euro 2016 ។

ក្នុង​ចំណោម​ការ​ប្រកួត ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​របស់​ប្រទេស​បារាំង​នេះ មាន​ដូច​ជា​ការ​ប្រកួត​បើក​ឆាក វគផ្ដាច់​ព្រ័ត្រ វគ្គ ១/២ ផ្ដាច់​ព្រ័ត្រ ២ ប្រកួត និង​វគ្គ ៨ ក្រុម​ចុង​ក្រោយ ២ ប្រកួត​។

សង្ឃឹម​ថា​ ចំនួន​អ្នក​គាំទ្រ​ជាង ៨០ ម៉ឺន​នាក់ នឹង​មាន​វត្ត​មាន​នៅ Stade de France ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង​ក្រុង​ប៉ារីស អំឡុង​ព្រឹត្តិការណ៍​នេះ ដែល​គ្រោង​នឹង​ធ្វើ​​ឡើង​ នៅ​ចន្លោះ​ថ្ងៃ​ទី​ ៨ ខែកញ្ញា ដល់​ថ្ងៃ​ទី ​២១ ខែ​តុលា​។​

Thomas Ramos (មុខ) របស់​ក្រុម​បារាំង ឱប​បាល់​រត់ អំឡុង​ការ​ប្រកួត​ជាមួយ​ក្រុម​អ៊ីតាលី នៅពហុ​កីឡដ្ឋាន Stade de France នាក្រុង​ប៉ារីស នា​ពេល​កន្លង​មក​។

សម្រាប់​ក្រុង Marseille នឹង​ទទួល​ភារៈ​រៀប​ចំ​វគ្គ ៨​ ក្រុម ២​ ប្រកួត ខណៈ​ការ​ប្រកួត​នេះ ក៏​នឹង​កើត​មាន​ផង​ដែរ នៅ​ក្រុង​ផ្សេង​ៗ ដូច​ជា Lille, Bordeaux, Toulouse, Nantes, Lyon, Nice និង Saint-Etienne​។

ការ​ចាប់​ឆ្នោត​សម្រាប់​ World Cup 2023 ដែល​នឹង​មាន​ក្រុម​ចំនួន ២០ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ១៤ ខែ​ធ្នូ​ នាក្រុង​ប៉ារីស​។

១២ ក្រុម ដែល​មាន​ដូច​ជា​អូស្ត្រាលី អាហ្សង់ទីន អាហ្វ្រិក​ខាងត្បូង នូ​វែល​សេ​ឡង់ បារាំង ស្កុតឡេន អៀរឡង់ អ៊ីតាលី វេលល៍ អង់គ្លេស ហ្វ៊ីជី និង​ជប៉ុន ទទួល​បាន​សិទ្ធិ​ទៅ​វគ្គ​ចែក​ពុល​ហើយ ក្រោយ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​ទី​កំពូល​ទាំង ៣ ក្នុង​ពូល​រៀង​ខ្លួន​ៗ កាល​ពី​ World Cup 2019​៕ AFP/VN