ក្រុង​ម៉ាឌ្រីដ​៖ លោក​ Diego Simeone កាល​ពី​ថ្ងៃ​អាទិត្យ បាន​សរសើរ​ Luis Suarez ថា​ ជា​មនុស្ស​ពិសេស​ម្នាក់ បន្ទាប់​ពី​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយរ៉ូហ្គាយ​ ស៊ុត​បញ្ចូល​ទី១ គ្រាប់ ដែល​អាច​ជួយ​ឱ្យ​ក្រុម Atletico Madrid កា្លយ​ជា​ជើង​ឯក​​ក្រប​ខ័ណ្ឌ La Liga ដោយ​គ្រាប់​បាល់​នោះ បានធ្វើ​ឱ្យ​ក្រុមវាយ​បក​​ដណ្ដើម​បាន​​នូវ​ជ័យ​ជម្នះដ៏​មាន​តម្លៃ​​នៅ​ចុង​ម៉ោង​លើ​ក្រុម​ Osasuna ក្នុង​លទ្ធផល ២-១។

ក្រុម Atletico តាម​ពី​ក្រោយ​ក្រុម​ភ្ញៀវ Osasuna ជាមួយ​នឹង​ការ​ប្រកួត នៅ​ឯ​កីឡដ្ឋាន Wanda Metropolitano សល់ ៩ ​នាទី​ទៀត ហើយ​ប្រឈម​ជាមួយ​នឹង​បរាជ័យ ដែល​នឹង​មិន​ត្រឹម​តែ​បញ្ឈប់​ការ​ប៉ុន​ប៉ងរបស់​ខ្លួន ក្នុង​ការ​ឈ្នះ​ជើង​ឯក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បណ្ដោយ​ឱ្យ​ក្រុម​គូប្រជែង Real Madrid ដែល​ឈ្នះ​ Athletic Bilbao ឡើង​ទៅ​ឈរ​លេខ ១ ជាមួយ​នឹង​ការ​ប្រកួត​ នៅសល់​តែ ១ ហ្គេម​ទៀត​ផង​។​

តែ​ផ្ទុយ​ទៅ​វិញ ក្រុម​ម្ចាស់​ផ្ទះ Atletico បាន​ស៊ុត​បញ្ចូល​ទី ក្នុង​នាទីទី​៨២ និង​ទី​៨៨ ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​ ប្រែ​ពី​បាត​ដៃ​ទៅ​ជា​ខ្នង​ដៃ​ដ៏​​មិន​គួរ​ឱ្យ​ជឿ​។ អ្នក​ដែល​រក​គ្រាប់​បាល់​តាម​ស្មើ គឺ Renan Lodi មុន​ពេល Suarez បង្ហាញ​ឱ្យ​ឃើញពី​​ភាព​​ជា​វីរបុរស ដោយ​ការ​ស៊ុត​ពីចម្ងាយ​ប្រមាណ​ជា ៧​ម៉ែត្រ​ជាង ដើម្បី​បង្កើត​បាន​ជា​ក្ដី​រីក​រាយ​ដ៏​មហិមា សម្រាប់​ក្រុម​របស់​លោក Diego Simeone​។

លោក​ Simeone បាន​ថ្លែង​ដោយ​ក្តី​រំភើប​ពាក់​ព័ន្ធ​នឹង Suarez ថា​៖ «​គេ ​គឺ​ជា​មនុស្ស​ពិសេសម្នាក់​។ គេ​មក​ទីនេះ ដោយ​ចង់ពិសោធថា មនុស្ស​ជា​ច្រើន​គិត​ខុស ដោយ​ចង់​បង្ហាញ​ថា គេ​នៅ​តែ​ជា​ខ្សែ​ប្រយុទ្ធកំពូល​នៃ​ហ្គេម​នេះ​។ អ្នក​ណា​ល្អ​ជាង​គេ​ទៀត ក្នុងការ​​សម្រេច​ការ​ប្រកួត ១ ដែល​មើល​ទៅ​ទំនង​ជា​ធ្វើ​ឱ្យ​ពួក​យើង​ចាញ់​»​។​

កីឡាករ​ទាំង​អស់ ក្នុង​នោះ​មាន​ទាំង​កីឡាករ​បម្រុង​ផង បាន​នាំ​គ្នា​ទៅ​គ្រប​គរ​គ្នា​ពី​លើ​ Suarez នៅ​ជ្រុង​នៃ​ទីលាន នៅ​ពេល​ការ​ប្រកួត​ចប់ ដោយ​កីឡាករ​ខ្លះ បាន​លុត​ជង្គង់ មិន​មែន​សប្បាយ​ចិត្ត​ទេ តែ​ធូរ​ទ្រូង ដោយ​ការ​ប្រជែង​ជើង​ឯក ឥឡូវ​នេះ សល់​តែ​ការ​ឈ្នះ ១ហ្គេម​​ទៀត​ប៉ុណ្ណោះ​​។

«នេះ​ជា​ពេល​វេលា​នៃ​​ក្ដី​សុខ។ វា​ជា​តង់​មួយ​ ក្នុង​ចំណោម​តង់​ដំបូង​ដ៏​ល្អ​បំផុត​នៃ​រដូវកាល​នេះ​។ យើង​បាត់​បង់​ឱកាស​អស់​ច្រើន​ ជាពិសេស​ខ្ញុំ តែ​ដើម្បី​ឈ្នះជើង​ឯក​លីគ អ្នក​ត្រូវ​តែ​រង​នូវ​ការ​ឈឺ​ចាប់​ ហើយ​ថ្ងៃ​នេះ ពួក​យើង​បាន​បោះ​ជំហាន​ទៅ​មុខ​ហើយ​»​។

ដើម្បី​ក្លាយ​ជា​ជើង​ឯក​ជាមួយ​នឹង​ការ​ប្រកួត​នៅសល់ ១ លើក​ទៀត ក្រុម Atletico ត្រូវ​បន់​ឱ្យ​ក្រុម​​ Real របូត​ពិន្ទុ នៅ​ឯ​កីឡដ្ឋាន San Mames តែ ១ គ្រាប់​របស់ Nacho Fernandez ជួយ​ឱ្យ​ក្រុម​អធិរាជស​ឈ្នះ អ៊ីចឹង ការ​កាត់​ក្ដី​សម្រាប់​ក្រុម ដែលត្រូវ​​គ្រង​ពាន​ La Liga ត្រូវ​រង់​ចាំ​នៅ​សប្ដាហ៍​ផ្ដាច់​ព្រ័ត្រ​។

ជ័យ​ជម្នះ​នេះ នាំ​ឱ្យ​ក្រុម​លេខ ១ Atletico រក្សា​គម្លាត ២ ​ពិន្ទុ​ដដែល​ពី​លើ​ក្រុម​លេខ ២ Real ដែល​មាន ៨១​ ពិន្ទុ​ ហើយ​ការ​ឈ្នះ​នៅ​ផ្ទះ​របស់​ក្រុម Real Valladolid នា​ចុង​សប្ដាហ៍​ក្រោយ នឹង​ជួយ​ធានា​ឱ្យ​ពួក​គេ​ឈ្នះ​ពាន​លីគ​កំពូល​ជាលើក​ទី២ ក្នុង​រយៈ​ពេល ២៥ ​ឆ្នាំ​៕ AFP/VN