ក្រុង​ម៉ុងតេវីដេអូ៖ អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ Luis Suarez ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៃ​ជំងឺ​កូវីដ ១៩ ហើយ​នឹង​ត្រូវ​ខកខាន​ក្នុង​ប្រកួត​ ដែល​ត្រូវ​ប៉ះ​ជាមួយ​ប្រេស៊ីល សម្រាប់​វគ្គ​ជម្រុះ​ World Cup​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​ថ្នាក់​ដឹកនាំ​បាល់ទាត់​របស់​ជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​។

តេស្ត​វិជ្ជមាន​នេះ​ ក៏​តម្រូវ​​ឱ្យ​ Suarez នឹង​អវត្តមាន​ផង​ដែរ​ជាមួយ​ក្លិប Atletico Madrid ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ La Liga របស់​អេស្ប៉ាញ​ទល់​នឹង​ក្រុម​ Barcelona ដែល​វា​​ជា​លើក​ដំបូង​របស់​គេ ក្នុង​ការ​ប្រឈម​ជាមួយ​ក្លិប​ចាស់​របស់​ខ្លួន​។​​

សហព័ន្ធ​បាល់​ទាត់​ប្រទេស​អ៊ុយរូហ្គាយ បាន​ចេញ​សេចក្ដី​ប្រកាស​ថា​៖ «​តេស្ត​ត្រូវ​បាន​ធ្វើ​ចំពោះ​សមាជិក​ទាំង​អស់​នៃ​ក្រុម​ជម្រើស​ជាតិ ដោយ​ជា​លទ្ធផល​ឃើញ​ថា កីឡាករ Luis Suarez និង Rodrigo Munoz ព្រម​ទាំង​មន្ត្រី ១ រូប លោក Matias Faral សុទ្ធ​តែ​វិជ្ជមាន​ជំងឺ​កូវីដ ១៩​»​។

សហព័ន្ធ​ក៏​បន្ថែម​ទៀត​ថា​៖ «​អ្នក​ទាំង ៣ មាន​សុខ​ភាព​ល្អ​ជា​ធម្មតា​ទេ​»​។ កាល​ពី​ថ្ងៃ​សៅរ៍ ខ្សែ​ការពារ​ Matias Vina ក៏​តេស្ត​វិជ្ជមាន​ដែរ ក្រោយ​ការ​ប្រកួត ដែល​អ៊ុយរូហ្គាយ​ឈ្នះ​ក្រុម​កូឡុំប៊ី ៣-០ នា​ក្រុង​ Barranquilla​។

ក្រុម​អ៊ុយរ៉ូហ្គាយ ដែល​អត់​ដែល​ឈ្នះ​ប្រេស៊ីល​សោះ តាំង​ពី​ឆ្នាំ ​២០០១ មក សង្ឃឹម​ថា នឹង​អាច​ទាញ​ផល​ចំណេញ​ពី​ការ​អវត្តមាន​របស់​កីឡាករ​ឆ្នើម Neymar ពេល​ប៉ះ​គ្នា​នៅ​ក្រុង​ម៉ុងតេវីដេអូ​ នា​ព្រឹក​ថ្ងៃ​ពុធ​។

សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 នៅ​ប្រទេស​កាតា ប្រចាំ​តំបន់​អាមេរិក​ឡាទីន​នេះ ក្រោយ​បញ្ចប់ ៣ ​ប្រកួត​កន្លង​ទៅ ​ឃើញ​ថា ក្រុម​ប្រេស៊ីល​ឈរ​នៅ​លេខ ដោយ​មាន ៩ ​ពិន្ទុ ខណៈ​អាហ្សង់​ទីន មាន ៧ ពិន្ទុ នៅ​លេខ ២ ហើយ​ក្រុម​អេក្វាទ័រ និង​ក្រុម​អ៊ុយរូហ្គាយ នៅ​តាម​លំដាប់​ទី​៣ និង​ទី​៤ មាន ៦ ​ពិន្ទុ​​ដូច​គ្នា​៕ AFP/VN ​