បាសេឡូណា៖ ក្រុម Atletico Madrid (Atletico) កាល​ពី​យប់​ថ្ងៃ​ពុធ បាន​ប្រកាស​ពី​ការ​មាន​សមាជិក​ថ្មី គឺ Luis Suarez របស់​ក្រុម Barcelona (Barca) ដែល​​ការ​អះអាង​នេះ​បង្ហាញ​ថា ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​អ៊ុយរូហ្គាយ​នឹង​បន្ត​នៅ​ក្របខ័ណ្ឌ La Liga អេស្ប៉ាញ​ទៀត ជាជាង​​ទៅ​ចូលរួម​ជាមួយ​ក្រុម​ Juventus នៅ​អ៊ីតាលី​។

Barca ​ឲ្យ​ដឹង​ថា Atletico ​ព្រមព្រៀង​ចំណាយ ៦ ​លាន​អឺរ៉ូ ($​៧ ​លាន) សម្រាប់​តម្លៃ​ខ្លួន Suarez ដែល​បាន​ចាកចេញ​ពី​ការ​ហ្វឹកហាត់​ចុង​ក្រោយ​​ទាំង​ទឹក​ភ្នែក​នៅ​ថ្ងៃ​ពុធ ពេល​ត្រូវ​​ប្រាប់​ថា មិន​ត្រូវ​បាន​គ្រូ​បង្វឹក​ថ្មី លោក Ronald Koeman ទុក​ជា​ជម្រើស​​ឡើយ​ ខណៈ​កុងត្រា​របស់​កីឡាករ​វ័យ ៣៣ ​ឆ្នាំ​រូប​នេះ ជាមួយ​ក្លិប​នៅ​កាតាឡាន់​សល់ ១ ​ឆ្នាំ​ទៀត​។

Atletico ​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​​ថា​៖ «​ក្លិប Atletico Madrid និង Barcelona បាន​ព្រមព្រៀង​ជាមួយ​គ្នា​ហើយ សម្រាប់​ការ​ផ្ទេរ​យក Luis Suarez ដោយ​រង់ចាំ​តែ​ការ​ពិនិត្យ​សុខភាព និង​ការ​យល់ព្រម​ផ្លូវ​ការ​​ក្នុង​កុងត្រា​ថ្មី​សម្រាប់​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អ៊ុយរូហ្គាយ​ជាមួយ​ក្លិប​យើង​ប៉ុណ្ណោះ​»​។​

ឯ Barca ​ជូន​ដំណើរ Suarez ជាមួយ​សារ​ខ្លី​ៗ​ថា​៖ «​ក្លិប Barcelona សុំ​ធ្វើ​ការ​អរគុណ​ចំពោះ​កីឡាករ​សម្រាប់​ការ​លះបង់​​ និង​សូម​ឲ្យ​គេ​ទទួល​បាន​ជោគជ័យ​នាពេល​អនាគត​»​។

Suarez នឹង​ទៅ​ជំនួស Alvaro Morata នៅ​តំបន់​ខាង​លើ​របស់​ Atletico ក្រោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ ធ្វើ​ដំណើរ​ទៅ​ពាក់​ឯក​សណ្ឋាន​របស់​ក្រុម Juventus ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ១ ​រដូវកាល អម​ដោយ​ជម្រើស​ទិញ​ផ្ដាច់​​។

កីឡាករ Suarez ដែល​ក្លាយ​ជា​កីឡាករ Barca ក្នុង​ឆ្នាំ ​២០១៤ ដោយ​ផ្ទេរ​ពី​ Liverpool ​ចាក​ចេញ​ដោយ​បន្សល់​នូវ​សមិទ្ធផល​សម្រាប់​ក្លិប​យ៉ាង​ច្រើន ដែល​គេ​រួម​ចំណែក ដូច​ជា​ពាន​​​ Champions League ១ ​លើក ព្រម​ទាំង​ពាន​ក្នុង​ស្រុក La Liga និង Copa del Rey ៤ ​ដង​ដូច​គ្នា​ ហើយ​គេ ក៏​​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​​ទី៣ ផង​ដែរ​នៅ​ Barca ជាមួយ​នឹង​គ្រាប់​បាល់ ១៩៨ ​គ្រាប់​ តាម​ពី​ក្រោយ Cesar Rodriguez (២៣២ គ្រាប់) និង Lionel Messi (៦៣៤ គ្រាប់)​​។​​

ការ​ប្រកាស​នេះ ធ្វើ​ឲ្យ Suarez ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ទី៣ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ដែល​ក្លិប​គូ​ប្រជែង​នៅ La Liga ​ទាំង ២ ផ្ទេរ​ពី​គ្នា​ ដោយ​កីឡាករ David Villa ត្រូវ​​លក់​ទៅ​ Atletico ក្នុង​ឆ្នាំ ​២០១៣ ខណៈ​ Antoine Griezmann ត្រូវ​Barca ទិញ កាល​ពី​ឆ្នាំ​មុន​។

មុន​មាន​កិច្ច​ព្រមព្រៀង​នេះ ​បណ្ដាញ​ព័ត៌មាន​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ថា​ Suarez កំពុង​មាន​ទំនាក់ទំនង​ផ្លាស់​ទៅ​កាន់​ក្លិប Juventus នៅ​ក្របខ័ណ្ឌ Serie A ហើយ​បាន​ចូល​​ប្រលង​យក​សញ្ជាតិ​អ៊ីតាលី ដើម្បី​បាន​លិខិត​ឆ្លង​ដែន​អឺរ៉ុប ហើយ​មាន​សិទ្ធិ​លេង​ក្នុង​នាម​ជា​កីឡាករ​អឺរ៉ុប ដោយសារ​​កូតា​បញ្ចូល​កីឡាករ​មិន​មាន​សញ្ជាតិ​អឺរ៉ុប​របស់​ក្រុម​នៅ​ក្រុង​ទូរីន​បាន​ពេញ​អស់​ហើយ​។

តែ​យ៉ាង​ណា​ក្ដី​ ក្រុម​រដ្ឋ​អាជ្ញា​នៅ​អ៊ីតាលី​បាន​ប្រាប់​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​មាន​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ការ​ប្រឡង​ភាសា​របស់​​ Suarez ដើម្បី​បាន​សញ្ជាតិ​អ៊ីតាលី​នោះ ត្រូវ​បាន​រៀបចំ​ទាំង​អស់​ពោល​ គឺ​មាន​អ្នក​ជួយ​ធ្វើ​ឱ្យ​៕ AFP/VN