ក្រុងប៉ារីស: កីឡាការិនី​សញ្ជាតិ​ប៉ូឡូញ Iga Swiatek បាន​ជួយ​​ឱ្យ​ប្រទេស​របស់​នាង ស្គាល់​ពាន Grand Slam ឯកត្តជន ​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​សៅរ៍ ពេល​ដែល​នាង​អាច​ផ្ដួល​គូ​ប្រជែង​របស់​ខ្លួន គឺ​​កីឡាការិនី​អាមេរិក Sofia Kenin ក្នុង​លទ្ធផល ៦-៤ និង ៦-១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ក្លាយ​ជា​អត្តពលិក​ក្មេង​បំផុត​ឈ្នះ​ពានរង្វាន់​កីឡាវាយ​កូនបាល់ (តិន្នីស) ក្នុង​កម្មវិធី French Open ផ្នែក​នារី គិត​តាំង​ពី​ឆ្នាំ​ ១៩៩២ មក។

កីឡាការិនី Swiatek វ័យ ១៩​ឆ្នាំ ដែល​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​ពិភព​លោក​ទាប​បំផុត​ (លេខ ៥៤) បាន​ឈ្នះ​ពាន នៅ Roland Garros ក្នុង​យុគ​សម័យ​ទំនើប​នេះ គឺ​ជា​ម្ចាស់​ជើង​ឯកពាន​កម្មវិធី​ធំ មិន​ធ្លាប់​មាន​ទី ៩ ក្នុង​ចំណោម​ព្រឹត្តិការណ៍ Grand Slam ១៤ លើក កន្លង​មក​នេះ។

«ប្រហែល វា​ត្រូវ​តែ​បែប​នោះ​ ពោល​គឺ​អ្នក​មាន​ចំណាត់​ថ្នាក់​ទាប​ ត្រូវ​បាន​ឈ្នះ​ពាន Grand Slam ។ កីឡាវាយ​តិន្នីស​ផ្នែក​នារី ពេល​នេះ ប្លែកៗ​ម៉េច​មិន​ដឹង»។ នេះ​ជា​សម្ដី​របស់​កីឡាការិនី Swiatek ដែល​នឹង​ឡើង​ទៅ​ដល់​ចំណាត់​ថ្នាក់​ទី ១៧ ពិភព​លោក ក្រោយ​ទទួល​បាន​ជ័យ​ជម្នះ​នេះ។

កីឡាការិនី Swiatek បន្ត​ទៀត​ថា​៖ «ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​កើត​ឡើងនោះ​ឡើយ​។ វា​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ខ្លាំង​ណាស់ ហើយ​ដូច​ជា ចម្លែក​មែន​ទែន។ ២ ឆ្នាំ​មុន ខ្ញុំ​ឈ្នះ​ពាន Grand Slam ផ្នែក​យុវជន នៅ Wimbledon ហើយ​ពេល​នេះ ខ្ញុំ​ឈ្នះ​ទី​នេះ​ទៀត​។ មាន​អារម្មណ៍​ដូច​ពេល​វេលា​លឿន​​មែន​ទែន»។

សមិទ្ធផល​នេះ បានធ្វើ​ឱ្យ Swiatek បំបែក​ប្រវត្តិសាស្ត្រ​របស់​មិត្ត​រួម​ជាតិ Jadwiga Jedrzejowska ដែល​ជា​អ្នក​វាយ​កូន​បាល់​របស់​ប្រទេស​ប៉ូឡូញ​ដ៏​ឆ្នើម ១ រូប កាលពី​សម័យ​​សង្គ្រាម​លោក ពេល​ដែល​អតីត​កីឡាការិនី​រូប​នោះ បញ្ចប់​នៅ​ចំណាត់​ថ្នាក់​ជើង​ឯករង នៅ​ក្រុង​ ប៉ារីស នេះ ក្នុង​ឆ្នាំ​ ១៩៣៩។

កីឡាការិនី Swiatek​ បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ណាស់ ដោយ​ខ្ញុំ​បាន​ធ្វើ​នូវ​កិច្ចការ​ដ៏​ល្អ​បំផុត​មួយ នៅ ២ សប្តាហ៍​ចុង​ក្រោយ​នេះ។ ខ្ញុំ​មិន​រំពឹង​ថា នឹង​ឈ្នះ​ពាន​រង្វាន់​នេះ​ទេ។ វា​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​បង្កើត​ប្រវត្តិសាស្ត្រ»។

ជោគ​ជ័យ​នេះ ក៏បាន​នាំ​ឱ្យ Swiatek ក្លាយ​ជា​ម្ចាស់​ជយលាភី​កម្មវិធី French Open ផ្នែក​នារី​ក្មេង​ជាង​គេ​បំផុត​ផងដែរ​ គិត​តាំង​ពី​អតីត​កីឡាការិនី Monica Seles ធ្វើ​បាន កាល​ពី ២៨​ឆ្នាំ​មុន ហើយ​នាង គឺ​ជា​​កីឡាការិនី​ ប៉ូឡូញ ទី ២ ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន Grand Slam សម្រាប់​យុគ​សម័យ Open នេះ បន្ទាប់​ពី Agnieszka Radwanska ធ្វើ​បាន​ក្នុង​ឆ្នាំ ២០១២ នៅ Wimbledon ។ កម្មវិធី​មុនៗ Swiatek មិន​ដែល​ឆ្លង​ផុត​វគ្គ ១៦ ​នាក់​ឡើយ។

ចំណែក​កីឡាការិនី​វ័យ ២១ ឆ្នាំ Kenin ដែល​ជា​ម្ចាស់​ជើងឯក​កម្មវិធី Australian Open 2020 បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ដើម្បី​អាច​ក្លាយ​ជា​ស្ត្រី​ទី ១ ដែល​អាច​កាន់​ពាន​លំដាប់ Grand Slam ដល់​ទៅ ២ ក្នុង​ឆ្នាំ​តែ១ ចាប់​តាំង​ពី Angelique Kerber សម្រេច​បាន​បែប​ហ្នឹង ​ក្នុង​ឆ្នាំ ២០១៦ តែ​ចុង​ក្រោយ​មិន​ទទួល​បាន​ដូច​បំណង​ឡើយ៕ AFP/VN