ប៉ារីស៖ Iga Swiatek ម្ចាស់​ជើងឯក​ពាន​ French Open 2020 បង្ហាញ​មុខ​ក្នុង​ចំណោម​​កីឡាការិនី​​លំដាប់​​កំពូល​ទាំង ២០ រូប​ ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​បាន​ឡើង​ទៅ​ដល់​ចំណាត់​ថ្នាក់​ល្អ​បំផុត​របស់​ពិភព​លោក​ទី ១៧ ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ (តិន្នីស​) នារី (WTA)​។

កីឡាករ​ Rafael Nadal មិន​បាន​ឡើង​ទៅ​ទី​កំពូល​ក្នុង​តារាង​​​ចំណាត់​ថ្នាក់​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ផ្នែក​បុរស​ (ATP) ឡើយ​ ទោះ​ឈ្នះ​ Novak Djokovic ៦-០ ៦-២ និង ៧-៥ អំឡុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​លើក​ពាន​នៅ​ Roland Garros នា​ក្រុង​ប៉ារីស ប្រទេស​បារាំង ជា​លើក​ទី ​១៣ និង​ជា​លើកទី ២០ សម្រាប់​ការ​ឈ្នះ​ពាន​លំដាប់ Grand Slam ក៏​ដោយ។

Djokovic ដែល​ឈ្នះ​ពាន​កម្មវិធី Australian Open នៅ​អូស្ត្រាលី​កាល​ពី​ខែ​កុម្ភៈ ឈរ​លេខ ១ ពិភព​លោក​ដដែល ដោយ​​ Nadal នៅ​លេខ​ ២ បន្ត​បន្ទាប់​ដោយ​ម្ចាស់​ជើងឯក​ US Open នៅ​អាមេរិក កីឡាករ Dominic Thiem និង​ Roger Federer។

កីឡាការិនី Swiatek វ័យ ១៩ ​ឆ្នាំ ចូល​ប្រកួត​នៅ French Open ជាមួយ​នឹង​លេខ ៥៤ មុន​នឹង​ក្លាយ​ជា​​ជើងឯក​ផ្នែក​នារី​ដែល​មាន​ចំណាត់​ថ្នាក់​ទាប​បំផុត​ក្នុង​ព្រឹត្តិការណ៍​ Grand Slam លើ​ទីលាន​ដី​ក្រហម។

ជ័យជម្នះ​​លើ​កីឡាការិនី Sofia Kenin ៦-៤ និង ៦-១ នៅ​ថ្ងៃ​សៅរ៍ ​ធ្វើ​ឱ្យ Swiatek ក្លាយ​ជា​ជើងឯក​ពាន​លំដាប់​កំពូល​ឯកត្តជន​លើក​ដំបូង​ ហើយ​ក៏​ធ្វើ​ឱ្យ​​ក្លាយជា​អត្តពលិក​ប៉ូឡូញ​ទី១ ដែល​បាន​ឈ្នះ​ពាន​សម្រាប់​វិញ្ញាសា​វាយ​ទោល​ផង​ដែរ​។

ចំណាត់​ថ្នាក់​​ទី​កំពូល​ទាំង ៣ ផ្នែក​នារី​នៅ​​ដដែល ដោយ​កីឡាការិនី Ashleigh Barty ឈរទី ១, Simona Halep លេខ ២ និង Naomi Osaka លេខ ៣​​៕ AFP/VN