ក្រុង​ម៉ាឌ្រីដៈ លោក Javier Tebas បាន​ប្រកាស​ថា គាត់​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​ប្រធាន​ LaLiga ដើម្បី​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ម្ដង​ទៀត​។​

បុរស​វ័យ​ ៥៧​ ឆ្នាំ​រូប​នេះ​ បាន​ដឹក​នាំ​ក្រប​ខ័ណ្ឌ​អេស្ប៉ាញ​កំពូល​នេះ​តាំង​ពី​ឆ្នាំ​ ២០១៣​ ហើយ​នៅ​ក្នុង​អាណត្តិ​ទី​២​របស់​លោក Tebas គាត់​ក៏​បាន​លាឈប់​ពី​តំណែង​ម្ដង​ដែរ​នៅ​ឆ្នាំ​២០១៦​ដើម្បី​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ជា​ថ្មី​​។​

ហើយអាណត្តិ​ចុង​ក្រោយ​របស់​ប្រធាន​រូប​នេះ​​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​តុលា ​ឆ្នាំ​ ២០២០​ ប៉ុន្តែ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ម្ដង​ទៀត​ដើម្បី​​បង្ខំ​ឲ្យ​គេ​បោះ​ឆ្នោត​មុន​អាណត្តិ​។​

លោក Tebas បាន​ពន្យល់​ពី​មូល​ហេតុ​នេះ​ថា៖ ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចុះ​ចេញ​ពី​តំណែង​ជា​ប្រធាន​ដើម្បី​ឲ្យ​គេ​រៀប​ចំ​ការ​បោះឆ្នោត​ជា​ថ្មី​ដែល​ខ្ញុំ​គ្រោង​នឹង​ឈរ​ឈ្មោះ​ផង​ដែរ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បានការ​​គាំទ្រ​ឲ្យ​ខ្ញុំ​បន្ត​អាណត្តិ ​៤ ​ឆ្នាំ​ទៀត​។​​

ថ្មីៗ​នេះ​សហ​ព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​បាន​ទាម​ទារ​ឲ្យ​លោក Tebas ចុះ​ចេញ​ពី​តំណែង​ចំពោះ​ការ​ធ្វើ​ឲ្យ​ក្លិប​មួយ​ចំនួន​មាន​គ្រោះថ្នាក់​​ដោយ​ទទួល​​ «​ទណ្ឌ​កម្ម​ផ្នែក​កីឡា​និង​សេដ្ឋ​កិច្ច​ធ្ងន់​ធ្ងរ​» ​ក្រោយ​ពី​ចៅ​ក្រម​ម្នាក់​បាន​ពន្យារ​ពេល​ផែន​ការ​ដ៏​ចម្រូង​ចម្រាស​របស់​លីក​នេះ​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​នៅ​រដ្ឋ​ Miami សហ​រដ្ឋ​អាមេរិក​៕ AFP/SN​