ភ្នំពេញៈ សហព័ន្ធ​កីឡា​វាយកូន​បាល់​កម្ពុជា នឹង​យក​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ ដែល​នឹង​ត្រូវ​ធ្វើ​ពី​ថ្ងៃ​ទី ២១ ដល់​ទី ២៤ ខែ​ធ្នូ ខាង​មុខ​នេះ ជា​ការ​ប្រកួត​ដំណាច់​ឆ្នាំ​ចុង​ក្រោយ ដើម្បី​ជ្រើស​រើស​យក​យុវជន​ថ្នាល មាន​ទេពកោសល្យ និង​សមត្ថភាព សម្រាប់​ដាក់​ចូល​ហ្វឹកហាត់​ក្នុង ក្រុម​ថ្នាល​ជម្រើស​ជាតិ​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​ត្រូវ​ធ្វើ​នៅ​កម្ពុជា។

លោក ជា ពៅ គ្រូបង្វឹក​ជម្រើសជាតិ​កីឡា​វាយ​កូន​បាល់ បាន​ប្រាប់ កាលពី​ថ្ងៃ​ពុធ​ថា គិត​មក​ដល់​ពេល​នេះ មាន​ក្លិប​ចំនួន ៩ បាន​ចូលរួម និង​មាន​អត្តពលិក​ចំនួន ៥៦ នាក់ ក្នុង​នោះ​មាន​យុវជន​ជាង ៣០ នាក់ គឺ​ចំនួន​យុវជន​នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ជាង ២០ ភាគរយ ហើយ​ពួកគេ​ត្រូវ​ប្រកួត​ប្រជែង នៅ​លើ​វិញ្ញាសា​ចំនួន ៥។

លោក​បាន​និយាយថា៖ «ការកើនឡើង​ចំនួន​យុវជន​នៅ​ឆ្នាំនេះ វា​ស្របទៅ​តាម​ការ​ចង់​បាន​របស់​សហព័ន្ធ ព្រោះ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​នេះ យើង​ផ្តោត​ខ្លាំង​ទៅ​លើ​ក្រុម​យុវជន ដើម្បី​យើង​អាច​ជ្រើសរើស​បាន​អ្នក​មាន​ទេព​កោសល្យ ដាក់​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ថ្នាល​ជម្រើស​ជាតិ ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣»។

លោក ជា ពៅ ដែលជា​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ផង​នោះ​បាន​ចាត់​ទុក​ការ​កើន​ឡើង​នៃ​ចំនួន​យុវជន​ចូលរួម​នេះ​ថា ជា​ចំណុច​ជោគជ័យ​មួយ​របស់​សហព័ន្ធ ព្រោះ​សហព័ន្ធ មាន​ផែនការ​ជ្រើស​រើស​យុវជន​មាន​ទេព​កោសល្យ ទៅ​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត នៅ​ក្រៅ​ប្រទេស ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក៏មាន​ផែនការ​បញ្ជូន​អត្តពលិក​របស់​សហព័ន្ធ​កីឡា ជាតិ​នីមួយៗ ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ត្រៀម​ស៊ីហ្គេម ឆ្នាំ ២០២៣ ដូចគ្នា។

លោក​បាន​បន្ថែមថា៖ «ការកើនឡើង​ចំនួន​យុវជន​នេះ បានធ្វើ​ឲ្យ​យើង​មានសង្ឃឹម​ច្រើន ព្រោះ​នៅ​ក្នុង​ឆ្នាំ ២០១៩ ខាង​មុខ​នេះ សហព័ន្ធ​របស់​យើង មាន​ផែនការ​បញ្ជូន​យុវជន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស ហើយ​យើង​ក៏​នឹង​បញ្ជូន​ពួកគាត់​ឲ្យ​ចូលរួម​ប្រកួត​គ្រប់​ព្រឹត្តិការណ៍ ដែល​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ និង​បណ្តា​ប្រទេស​ផ្សេងៗ​បាន​រៀបចំ ផង​ដែរ គឺ​យើង​នឹង​តម្រង់​ទិស​ឲ្យ​ពួកគេ​ចូលរួម​ឲ្យ​បាន​ច្រើន ព្រោះ​ក្រសួង​អប់រំ និង NOCC ក៏មាន គម្រោង​បញ្ជូន​ក្រុម​យុវជន​មក​ពី​សហព័ន្ធ​ជាតិ ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន កូរ៉េខាងត្បូង និង​ប្រទេស​ចិន​ផង​ដែរ»។

លោក​បាន​បញ្ជាក់ថា៖ «សហព័ន្ធ​របស់​យើង បានដាក់​ចំនួន​អត្តពលិក​ទៅ ក្រសួង និង NOCC រួច​ហើយ គឺ​យើង​មាន​ផែនការ​បញ្ជូន​កីឡាករ ៤ នាក់ និង​កីឡាការិនី ២ នាក់ ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស ដើម្បី​ត្រៀម​លក្ខណ​សម្បត្តិ​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ឲ្យ​បាន​ល្អ អ៊ីចឹង​ការ​ប្រកួត​ថ្នាក់​ជាតិ​លើក​នេះ ដើម្បី​យើង​ជ្រើសរើស​ក្រុម​យុវជន​មាន​បទពិសោធ​ល្អ និង​មាន​សមត្ថភាព​កម្រិត​ខ្ពស់»។

គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ក្រុម​ថ្នាល​ជម្រើស​ជាតិ​ចំនួន ៨ នាក់ និង​គ្រូ ២ នាក់ ក្នុង​ឆ្នាំ ២០១៨ នេះ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៩ សហព័ន្ធ​មួយ​នេះ គ្រោង​ស្នើ​សុំ​ទៅ​ក្រសួង​អប់រំ ឲ្យ​មានការ​បន្ថែម​អត្តពលិក ២ នាក់​ទៀត ហើយ​ក្រុម​ថ្នាល​ចំនួន ៨ នាក់ ក៏​អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដាក់​អ្នក​ថ្មី​ផង​ដែរ បើសិន​ជា​អ្នក​ចាស់ មិន​ខំប្រឹង​ហាត់ និង​គោរព​វិន័យ​មិន​បាន​ល្អ ពេល​ប្រមូល​ផ្តុំ​នោះ ព្រោះ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ចង់​ឲ្យ​ក្រុម​ថ្នាល​មាន​សមត្ថភាព​ពិត​ប្រាកដ អាច​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ នៅ​ស៊ីហ្គេម ឆ្នាំ ២០២៣៕