The Phnom Penh Post Search

Search form

Thav Oulan បោកខ្លួន​ពេល​ប្រកាស​ឲ្យ​ចាញ់ រឿង សោភ័ណ្ឌ

Content image - Phnom Penh Post
រឿង សោភ័ណ្ឌ បានទាត់​សន្ធាប់​ទៅ​លើឡាវ Thav Oulan នាជំនួបនៅ​សង្វៀន SEATV។ យឺន ពន្លក

Thav Oulan បោកខ្លួន​ពេល​ប្រកាស​ឲ្យ​ចាញ់ រឿង សោភ័ណ្ឌ

ភ្នំពេញៈ អ្នកប្រដាល់​ឡាវ Thav Oulan បាន​បោកខ្លួន​ទៅលើ​ក្តារ​សង្វៀន បន្ទាប់ពី​ពិធីករ ឈឹម ផា ប្រកាស​ពិន្ទុតាម​បញ្ជា​របស់​គណៈកម្មការ​ឲ្យ រឿង សោភ័ណ្ឌ ឈ្នះ​ពិន្ទុ ៣ ទល់ ២ ក្នុងចំណោម​ចៅក្រម​កម្ពុជា​សុទ្ធ​ទាំង ៥ នាក់​នោះ ហើយ​ភាគីថៃ​ក៏បាន​រអ៊ូ និងតវ៉ា​ដែរ ប៉ុន្តែ​ជាការ​តវ៉ា​ក្រៅផ្លូវការ គ្មាន​ដាក់ពាក្យ​សើរើ​កាត់ក្តី​រកយុត្តិធម៌​ដូច​កីឡាករ​កម្ពុជា​មុនៗ​នោះ​ឡើយ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា៖ «កីឡាករ​ឡាវ ឈ្នះ រឿង សោភ័ណ្ឌ ដាច់​ចំនួន ២ ទឹក គឺក្នុង​ទឹកទី ៣ និងទី ៤ ប៉ុន្តែ សោភ័ណ្ឌ ឈ្នះ​នៅ​ទឹកទី ១ ទី ២ និង​ទឹកទី ៥ នាំឲ្យ​គេទទួល​បាន​លទ្ធផល​បែបនេះ»។

លោក​បន្ថែមថា ចៅក្រម​ផ្តល់​ពិន្ទុនេះ​ស្របតាម​ចំណាត់ការ​របស់​យើងបាន​ណែនាំ​ពីអ្នកគាំទ្រ​ជា​ម្ចាស់ផ្ទះ ព្រោះ​នៅលើ​ពិភពលោក​គ្រប់​ប្រភេទ​កីឡា​ក៏កីឡាករ​ម្ចាស់ផ្ទះ​មាន​អាទិភាព​មានប្រៀប​ប្រហែល ២០ ភាគរយ​ដែរ ដូច្នេះ​ក្នុងភាព​ប្រហាក់​ប្រហែល​នេះការ​លើកដៃ​ឲ្យខាង​ណាឈ្នះ​ក៏នៅ​តែមាន​បញ្ហា ដោយសារ​ការគាំទ្រ​មាន​ទាំង​សងខាង ប៉ុន្តែ​យើង​នៅតែ​ទទួលយក​ការរិះគន់ ដើម្បី​ស្ថាបនា ព្រោះ​កីឡា​បើគ្មាន​អ្នកគាំទ្រ មិនអាច​ដំណើរការ​ទៅរួច​ទេ។

លោក​បញ្ជាក់ថា៖ «ខ្ញុំចេញ​ពីសង្វៀន ឮអ្នកទស្សនា​ជេរ​គណៈកម្មការ ប៉ុន្តែ​អ្នកខ្លះ​គាំទ្រ រឿង សោភ័ណ្ឌ ឈ្នះ​វិញ»។

ចំណែក​លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​បរទេស​មក​ប្រកួត បាន​និយាយថា៖ «ខ្ញុំមើល​ឃើញ Thav Oulan ឈ្នះ ប៉ុន្តែ​ចៅក្រម​ឲ្យចាញ់ ហើយ​ខ្ញុំក៏​មិនដឹង​ធ្វើម៉េច​ដែរ!ខ្ញុំមាន​សិទ្ធិ​ឯណា? ទោះជា​យ៉ាងនេះ​ក្តី លោកថៃ អ៊ូ គ្មាន​តវ៉ា​អ្វីទេ ព្រោះ​ពួកគេ​សុទ្ធតែ​បាន​ឡើងទៅ​វគ្គខ្វែង​ទាំងអស់។ លោកបន្ត​ថាបើ រឿង សោភ័ណ្ឌ ពូកែចាំ​ជួបគ្នា​ថ្ងៃទី ២៥ ខែកុម្ភៈ​ទៅនឹង​ដឹងថា ជំនួប​លើកទី ២ អ្នកណា​ខ្លាំង​ហើយ?

តាម​ស្ថានភាព​ប្រកួត​ជាក់ស្តែង រឿង សោភ័ណ្ឌ ឈ្នះដាច់​នៅ​ទឹកទី ១ និងទី ២ ហើយ​ឡាវ Thav Oulan ឈ្នះដាច់​វិញ​នៅទឹកទី ៣ និងទី ៤ ខណៈ​ទឹកទី ៥ ប្រហាក់​ប្រហែលគ្នា​ប៉ុន្តែ​លទ្ធផល​ផ្លូវការ រឿង សោភ័ណ្ឌ ឈ្នះ ៣ ទល់ ២។ ចំណែក លោក រាជ សុ​ផែន ប្រធាន​វិនិច្ឆ័យ​និយាយថា ប្រធាន​មិនអាច​កែប្រែ​លទ្ធផល​ពីការ​ដាក់​ពិន្ទុ​របស់​ចៅក្រម​បានទេ ព្រោះ​ជាគូ​ដណ្តើម​ខ្សែក្រវាត់ ប៉ុន្តែ​បើសិនជា​ការប្រកួត​លក្ខណៈ​មិត្តភាព​វិញ ពួកគេ​ស្មើគ្នា​ស័ក្តិសម​ជាង និង​បញ្ចៀស​ជម្លោះ​ខ្វែង​គំនិត​ផង។

ចំណែក រឿង សោភ័ណ្ឌ ដែលបាន​បាក់ឆ្អឹង​មេដៃ​នោះ បាន​និយាយថា៖ «ការប្រកួត​លើក​នេះ​ខ្ញុំមាន​បញ្ហាវ៉ៃ​កណ្តាប់ដៃ​មិនបាន​ល្អ ពីព្រោះ​ខ្ញុំបាន​បាក់ឆ្អឹង​មេដៃ​នៅ​ចប់​ទឹកទី ២ ហេតុនេះ​ខ្ញុំប្តូរ​ស្នៀត​មកទាត់ និងវាយ​ជង្គង់​វិញ ធ្វើ​ឲ្យចាញ់​ប្រៀប​គេ ២ ទឹក គឺ​ក្នុង​ទឹកទី ៣ និង​ទឹកទី ៤»។

បើតាម​រូបមន្ត​នៃ​ការប្រកួត​នេះ រឿង សោភ័ណ្ឌ និង Thav Oulan នឹងត្រូវ​ជួបគ្នា​ម្តងទៀត នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ហើយ ឡុង សុវណ្ណ​ឌឿន ត្រូវប៉ះ Keang Keat ដើម្បី​រក​អ្នកឈ្នះ ២ នាក់ ទៅ​ប្រកួត​យក​ខ្សែក្រវាត់​តែម្តង ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៧។

ដោយឡែក ចំពោះ​ការប្រកួត​មិត្តភាព​អន្តរជាតិ ក្នុង​កម្មវិធី Ganzberg នៅលើ​សង្វៀន​ដដែល​នេះ កាលពី​ព្រឹក​ថ្ងៃអាទិត្យ តក់ សោភ័ណ្ឌ និងថៃ Denpha Chhith បាន​ស្មើគ្នា ឯ ឆៃ សារ៉ា ក៏បាន​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ Chhat Chhai ដែរ៕

អត្ថបទគួរចាប់អារម្មណ៍