ក្រុងប៉ារីស៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វាំងឡង់ បានបំបាក់មុខកីឡាករ Marcus Thuram ដោយការយកឈ្នះក្រុមបារាំង ២-០ កាលពីថ្ងៃពុធ ចំថ្ងៃដែលខ្សែប្រយុទ្ធរបស់ក្រុម Borussia Moenchengladbach ដើរតាមផ្លូវឪពុករបស់ខ្លួន លោក Lilian Thuram ជាមួយនឹងការបង្ហាញវត្តមានលើកដំបូងឱ្យក្រុម ដែលមានរហស្សនាមថា «Les Bleus»។
កីឡាករ Thuram ត្រូវបានលោកគ្រូបង្វឹក Didier Deschamps ដាក់ឱ្យលេងក្នុងប្រកួតមិត្តភាពនាកីឡដ្ឋាន Stade de France ដែលមានរយៈពេលជាង ២២ ឆ្នាំហើយ គិតតាំងពីឪពុករបស់គេបានឈ្នះពាន World Cup ក្នុងទីលានតែ ១ នេះ ហើយទោះជាមានទម្រង់លេងល្អក៏ដោយ ក៏ខ្សែប្រយុទ្ធស្លាបឆ្វេងនេះ មិនអាចធ្វើអ្វីខ្សែការពារដ៏រឹងរបស់ក្រុមហ្វាំងឡង់បានដែរ។
ឱកាសដ៏ល្អរបស់កីឡាករវ័យ ២៣ ឆ្នាំ គឺកើតឡើងពេលការប្រកួតដំណើរការបាន ១៥ នាទី ដោយបានលោតតែតពេញទំហឹង តែគួរឱ្យស្ដាយបាល់ហោះទៅបុករបារទី ខណៈក្រោយមក ព្យាយាមស៊ុតបាល់ក្នុងលម្ហតែបាល់ហោះរំលងទី។
បន្ទាប់ពីម្ចាស់ផ្ទះវាយសម្រុកច្រើនលើកច្រើនសា មិនសម្រេច ដល់វេនក្រុមភ្ញៀវម្ដង ហើយខ្សែប្រយុទ្ធ Marcus Forss និងខ្សែបម្រើ Onni Valakari រួមចំណែកស៊ុតបញ្ចូលទីម្នាក់ ១ គ្រាប់ ឱ្យហ្វាំងឡង់នាំមុខម្ចាស់ជើងឯកពានរង្វាន់ពិភពលោក ២-០ នៅមុនចប់វគ្គទី១។ ចូលដល់វគ្គទី២ ក្រុមទាំង ២ មិនអាចធ្វើគ្នាបានឡើយ ដូច្នេះចុងក្រោយបារាំងចាញ់ ២-០។
លទ្ធផលនេះ ប្រាកដណាស់នឹងធ្វើឱ្យលោក Deschamps ខកចិត្ត តែគាត់អាចនឹងពេញចិត្តចំពោះទម្រង់លេងរបស់ Thuram ដែលគួរឱ្យចាប់អារម្មណ៍ជាងកីឡាករលំដាប់ពិភពលោកល្បីៗមួយចំនួន ក្នុងនោះរួមទាំង Paul Pogba និង Olivier Giroud ផងដែរ។
ក្រោយការប្រកួតបញ្ចប់ទៅ Thuram ប្រាប់ទូរទស្សន៍៍ M6 ថា៖ «យើងលេងបានល្អ នៅតង់ទី ១ ទោះរបូតគ្រាប់បាល់ក៏ដោយ។ ខ្ញុំព្យាយាមរៀនសូត្រយ៉ាងច្រើនពីកីឡាករជម្រើសជាតិដទៃ ហើយព្យាយាមយកបទពិសោធឱ្យបានច្រើនតាមដែលអាច។ ខ្ញុំសង្ឃឹមថា នឹងបន្តធ្វើបែបហ្នឹងទៅមុខទៀត»។
តែកីឡាកររូបនេះ អាចនៅមិនប្រាកដទេថា នឹងមានវត្តមានពេលក្រុមមាន់គកប្រកួតកម្មវិធី Nations League ទល់នឹងជើងឯកអឺរ៉ុបព័រទុយហ្គាល់ និងស៊ុយអែត ដែរឬអត់?។
Deschamps សប្ដាហ៍មុន និយាយថា កូនប្រុសរបស់អតីតមិត្តរួមក្រុមជម្រើសជាតិបារាំង មានកម្រិតប្រសើរជាងមុនតាំងពីក្លាយជាសមាជិករបស់ក្រុម Moenchengladbach ដោយចេញពីក្លិប Guingamp ក្នុងខែកក្កដា ឆ្នាំ ២០១៩។
Thuram រកបាន ៣ គ្រាប់ដែរ ក្រោយលេង ១១ លើក ឱ្យក្រុមនៅ Bundesliga រដូវកាលនេះ ហើយជាអត្តពលិកបាល់ទាត់ទី ១ នៅអាល្លឺម៉ង់ ដែលលុតជង្គង់ម្ខាងតវ៉ា ក្រោយបុរសស្បែកខ្មៅ George Floyd ស្លាប់ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស នាក្រុង Minneapolis។
ឪពុករបស់គេ គឺលោក Lilian Thuram បង្ហាញខ្លួនច្រើនជាងគេបំផុតឱ្យបារាំង ចំនួន ១៤២ លើក ហើយឈ្នះពាន ២ ដង គឺ World Cup 1998 និង Euro 2000៕ AFP/VN