The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Thurman អន្ទះសា​ចង់​បំបាក់​ភាពខ្លាំង​ Pacquiao

Thurman អន្ទះសា​ចង់​បំបាក់​ភាពខ្លាំង​ Pacquiao

Content image - Phnom Penh Post
ជើង​ខ្លាំង​ហ្វីលីពីន Pacquiao (​ឆ្វេង​) និង Thurman ដែល​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃទី​ ២០ ខែ​កក្កដា​ខាង​មុខ​។ AFP

Thurman អន្ទះសា​ចង់​បំបាក់​ភាពខ្លាំង​ Pacquiao

អាមេរិកៈ អ្នក​ប្រដាល់ Keith Thurman បាន​ព្រមាន​ពី​ថ្ងៃ​អង្គារ​ថា​រូបគេ​នឹង​បំបាក់​ភាពខ្លាំង និង​វីរភាព​របស់​អ្នកប្រដាល់​សកល​ហ្វីលីពីន Many Pacquiao នៅពេល​កីឡាករ​កម្រិត​ទម្ងន់​ក្រោម​មធ្យម​ទាំង​ ២ ​នេះ​ជួប​គ្នា​នៅ​សង្វៀន​ក្នុង​ទីក្រុង Los Angeles រដ្ឋ Las Vegas សហរដ្ឋអាមេរិក​នៅក្នុង​ខែ​នេះ​។

អ្នក​ប្រដាល់​មិន​ធ្លាប់​ស្គាល់​ចាញ់​ Thurman នឹង​ដាក់​ខ្សែក្រវាត់​សមាគម​ប្រដាល់​ពិភពលោក (WBA) របស់គេ​ក្នុង​ការប្រកួត​ជាមួយ Pacquiao អាយុ​ ៤០ ​ឆ្នាំ​នៅ​ថ្ងៃ​ទី​ ២០ ខែ​កក្កដា (​នៅ​កម្ពុជា​ថ្ងៃ​ទី​ ២១) នៅ​សង្វៀន MGM Grand​។

Thurman អាយុ​ ៣០ ​ឆ្នាំ​អន្ទះសា​ខ្លាំង​ចំពោះ​ការប្រកួត​នេះ​ដោយ​និយាយ​ថា គាត់​ចង់​ឲ្យ Pacquiao ចូល​និត្តន៍​ទាំងអស់​ចិត្ត​។

កាលពី​ថ្ងៃ​អង្គារ Thurman បាន​និយាយ​បែប​គោរព​បំផុត​មួយ​ប្រាប់ Pacquiao ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ ៨ ​ស្ថាប័ន​ដែល​នៅ​តែ​ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​វិស័យ​ប្រដាល់សកល ខណៈ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការប្រកួត​លើក​ទី​ ៧១ ​នៅក្នុង​អាជីព​ប្រដាល់​រយៈពេល​ ២ ​ទសវត្សរ៍​របស់​គាត់​។

Thurman និយាយ​ថា​រូបគេ​មាន​ផែនការ​វាយ​សម្រុក​យ៉ាងខ្លាំង​នៅក្នុង​ការប្រកួត​លើក​នេះ​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ឲ្យ​ខាង​តែ​បាន​ដ៏អស្ចារ្យ​មួយ​។

Thurman បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​៖ «​នេះ​ជា​ឱកាស​តែម្ដង​គត់​ក្នុង​ជីវិត​របស់​ខ្ញុំ​ក្នុង​ការកម្ទេច​វីរបុរស​ម្នាក់​ដើម្បី​បង្កើត​វីរភាព​ផ្ទាល់​របស់​ខ្ញុំ​»​។

កីឡាករ​វ័យ​ ៣០ ​ឆ្នាំ​រូបនេះ​បាន​បន្ត​ថា​៖ «​ប្រសិន​បើ Many Pacquiao ពិតជា​បាន​ផ្ដួល​ខ្ញុំ​មែន នោះ​គាត់​ជា​អ្នកខ្លាំង​បំផុត​ហើយ ហើយ​ខ្ញុំ​នឹង​ចាប់​ដៃ​គាត់​នៅក្រោយ​ការប្រកួត​នេះ​ដើម្បី​ស្វាគមន៍ និង​អបអរ​គាត់​»​។

កីឡាករ​រូបនេះ​បន្ថែម​ថា​៖ «​ប៉ុន្តែ​វា​អាច​អ្វី​ផ្សេង​ទៀត​ព្រោះ​ពេលនេះ​អ្នក​កំពុង​ឡើងលើ​សង្វៀន​ប្រកួត​ជាមួយ Thurman ដ៏កាចសាហាវ​បំផុត​ម្នាក់​នៅ​លើ​សង្វៀន​»​។

Thurman ចាត់ទុក​ការប្រកួត​នេះ​ថា​ជា​ឱកាស​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ទៅ​លើ​វីរបុរស​ប្រដាល់​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន​ដែល​មាន​ប្រវត្តិ​ប្រកួត ៧០ លើក​ក្នុង​នោះ​ឈ្នះ​ ៦១ ​លើក​ចាញ់​ ៧ ​លើក និង ស្មើ​ ២ ​លើក​ព្រម​ទាំង​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ ៣៩ ​លើក​ផង​ដែរ​។

កីឡាករ Thurman បាន​បន្ថែម​ថា​៖ «​នេះ​ជា​ការប្រកួត​ជាមួយ Manny Pacquiao ដែល​ធ្វើឲ្យ​ខ្ញុំ​មាន​ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ព្រោះ​ខ្ញុំ​នឹង​បាន​ប្រើ​កណ្ដាប់ដៃ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​នៅ​រាត្រី​នោះ​ឲ្យ​វា​ណាណី​ម្ដង​»​។

កីឡាករ Thurman ជាមួយ​ប្រវត្តិ​ប្រកួត ២៩ លើក​មិន​ធ្លាប់​ចាញ់​ និង​ស្មើ​ព្រម​ទាំង​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់ ២២ ​លើក​នេះ​បាន​ប្រកួត​ចុងក្រោយ​ឈ្នះ​កីឡាករ Josesito Lopez កាលពី​ខែ​មករា​ដូចគ្នា​នឹង Pacquiao ដែល​បាន​ប្រកួត​ចុងក្រោយ​ឈ្នះ​កីឡាករ Adrien Broner នៅក្នុង​ខែ​នោះ​ដែរ​។

Thurman បាន​និយាយ​ថា​៖ «​គាត់​ចង់​បង្ហាញ​ពី​ភាពអស្ចារ្យ​របស់​គាត់ ហើយ​គាត់​នៅ​តែ​ចង់​បាន​ភាពអស្ចារ្យ​នោះ​នៅក្នុង​អាយុ ៤០ ​ឆ្នាំ​របស់​គាត់​វា​គួរ​ឲ្យ​សរសើរ​មែនទែន​»​។

Thurman បន្ថែម​ថា​៖ «​ខ្ញុំ​ចាប់​អារម្មណ៍​ចំពោះ​បច្ចេកទេស​ប្រកួត​របស់​គាត់​ជាមួយ Adrien Broner​។ ក្រោយពី​មើល​ការប្រកួត​នោះ​ហើយ ខ្ញុំ​ចាប់ផ្ដើម​រត់​ហ្វឹកហាត់​នៅ​តាម​ផ្លូវ​ជា​រៀងរាល់​ព្រឹក​ព្រោះ​ខ្ញុំ​ទើប​តែ​ឃើញ​បុរស​វ័យ​ ៤០ ​ឆ្នាំ​វាយ​សន្ធប់​ទៅ​លើ​បុរស​ក្មេង​ជាង​ខ្លួន ដែល​ពេល​នោះ Pacquiao បាន​វាយ​ចេញ​ជាច្រើន ហើយ​ពេល​នេះ​គាត់​ចង់​ធ្វើ​បែប​នោះ​ទៀត​»​។

Thurman បន្ថែម​ថា​៖ «​ខ្ញុំ​ក៏​ចង់​ធ្វើ​បែប​នោះ​ច្រើន​ដែរ ហើយ​នៅ​ថ្ងៃ​ទី​ ២០ ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​អ្នកឃើញ​ថែម​ទៀត​»៕ SN

អត្ថបទគួរចាប់អារម្មណ៍