ក្រុងម៉ុមបៃ: បុរស​សញ្ជាតិ​អាមេរិក Frances Tiafoe បាន​ផ្លាស់​ប្ដូរ​ជីវិត​ឪពុក​ម្ដាយ​ដែល​ជា​ជន​អន្តោ​ប្រវេសន៍​របស់​ខ្លួន​ខុស​ពី​មុន​ទាំង​ស្រុង​ ដោយសារ​បាន​ចាប់​អាជីព​ជា​កីឡាករ​វាយ​កូន​បាល់ (តេន្នីស) ហើយ​កីឡាករ ដែល​បាន​ឆ្លងចូល​វគ្គ ៨​ នាក់​ចុងក្រោយ ក្នុង​កម្មវិធី Australian Open ឆ្នាំ​ ២០១៩ សង្ឃឹម​ថា ខ្លួនក៏​​អាច​ជួយ​ជម្រុញ​ទឹក​ចិត្ត​ក្មេង​ៗ​ស្បែក​ខ្មៅ​ឲ្យ​ចូល​ប្រឡូក​កីឡានេះ កាន់​តែ​ច្រើន​ឡើង​ៗ​។​​

កីឡាករ Tiafoe ដែល​មាន​វ័យ​ ២២​ ឆ្នាំ ចាប់​កំណើត​ជាមួយ​ឪពុក​ម្ដាយ​ដែល​ជា​ជន​អន្តោប្រវេសន៍ ដែល​ភៀស​ខ្លួន​ពី​ប្រទេស​សៀរ៉ាឡេអូន ដោយ​ឪពុក​របស់​គេធ្វើ​ការជា​ឆ្មាំ​ទ្វារនា​មជ្ឈមណ្ឌលកីឡាតេន្នីស​មួយ​កន្លែង ក្នុងក្រុងម៉ារីឡេន រី​ឯ​ម្ដាយ​របស់​គេ​វិញ ត្រូវ​ធ្វើការ ២​ វេន ជាគិលានុបដ្ឋាយិកា ដើម្បី​ជួយ​គ្រួសារ​កាត់​បន្ថយ​ការ​ចំណាយ​។

កីឡាករ Tiafoe បាន​ឡើង​ដល់​​លេខ​​ទី ​២៩ ក្នុង​តារាង​ចំណាត់​ថ្នាក់ពិភពលោក​កីឡា​តេន្នីស​ផ្នែក​បុរស ក្រោយ​ពី​មាន​លទ្ធភាព​ឆ្លង​ចូល​ដល់​វគ្គ​ ៨ ​នាក់​ចុង​ក្រោយ​ ក្នុង​កម្មវិធីប្រកួត​ដណ្ដើម​ពានលំដាប់ Grand Slam ជាលើក​ដំបូង នាក្រុង​មែលប៊ន កាល​ពី​ឆ្នាំ​មុន ហើយ​ទទួល​បាន​ប្រាក់​រង្វាន់​ជិត ៣,៥​ លាន​ដុល្លារ។​​

កីឡាករ Tiafoe បាន​ប្រាប់​​ក្នុង​កម្មវិធី ATP Tour ថា៖ «ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់ ដែល​បារម្ភ​ពី​អ្នក​គាំ​ទ្រ និង​ជាមនុស្ស​ម្នាក់ ដែលចង់​បង្កើត​ឲ្យមានយ៉ាង​ពិត​ប្រាកដ​នូវ​កេរ្តិ៍​ដំណែល​ដ៏​មិន​គួរ​ឲ្យជឿ​មួយ​។​ គោល​ដៅ​របស់​ខ្ញុំ គឺ​ចង់​ជួយ​ជនជាតិស្បែក​ខ្មៅឲ្យ​មក​លេង​កីឡា​តេនី្នស​ឲ្យ​បាន​ច្រើន​នៅ​ទី​បំផុត​ ហើយ​និង​គ្រាន់​តែ​ចង់​ធ្វើ​ជា​គំរូ​ល្អ​មួយ​រូប​ប៉ុណ្ណោះ​»​។

ក្រោយ​ឡើង​ដល់​វគ្គ ៨ នាក់​ចុងក្រោយ​នៃកម្មវីធី Australian Open កីឡាករ Tiafoe បាន​និយាយ​ថា ខ្លួន​បាន​សន្យា​ជាមួយ​ឪពុក​ម្ដាយ​របស់​គេ កាល​ពី ១០​ ឆ្នាំ​មុន​ថា ខ្លួន​នឹង​ផ្លាស់​ប្ដូរ​ជីវភាព​​ក្រុម​គ្រួ​សារ​ឲ្យ​បាន​ ហើយ​បាន​និយាយ​ទៀត​ថា​ ខណៈ​ត្រូវ​បោះ​ចោល​គ្រប់​យ៉ាង ដើម្បី​ផ្ដោត​លើ​កីឡាតេន្នីស កាល​ពី​នៅ​ក្មេង រូប​គេ​ចូល​ចិត្ត​ការ​ប្រកួត​ណាស់​​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​មិ​នហត់​នឿយ​ទាល់​តែ​សោះ​៕ AFP/VN