ក្រុងមីឡាន៖ ក្រោយផ្អាកសកម្មភាពរយៈពេល ៣ ខែ ដោយសារតែការផ្ទុះឡើងនូវវីរុសកូរ៉ូណា ឥឡូវនេះ ក្របខ័ណ្ឌ Serie A របស់ប្រទេសអ៊ីតាលី បានចាប់ផ្ដើមការប្រកួតប្រជែងរបស់ខ្លួនឡើងវិញហើយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយគូដំបូងគេ គឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ Torino និងក្រុម Parma ហើយលទ្ធផល គឺស្មើគ្នា ១-១។
ខ្សែការពារសញ្ជាតិកាមេរូន Nicolas Nkoulou គឺជាអ្នករកបានគ្រាប់បាល់ដំបូងគេសម្រាប់ការវិលវិញរបស់លីកទី១ នេះ ក្រោយមានឱកាសតែតបាល់ទាត់ចេញពីជ្រុងបានសម្រេចនៅនាទីទី ១៥ ហើយក៏ជាគ្រាប់បាល់នាំមុខរបស់ក្រុម Torino ផងដែរ តែនាទីទី ៣១ ខ្សែបម្រើ Juraj Kucka ក៏ស៊ុតបាល់ក្នុងតំបន់គ្រោះថ្នាក់បានសម្រេចឲ្យក្រុមភ្ញៀវតាមស្មើវិញ ១-១។
សម្រាប់ការប្រកួតដែលធ្វើឡើងដោយបិទទ្វារ នៅឯកីឡដ្ឋាន Stadio Olimpico នាក្រុងទូរីននេះ ត្រឹមតែ ៣ នាទីនៃវគ្គទី២ ពោលគឺនាទីទី ៤៨ ឃើញថា ក្រុមម្ចាស់ផ្ទះទទួលបានបាល់ពិន័យ ១១ ម៉ែត្រ តែគួរឲ្យសោកស្ដាយ ដែលខ្សែប្រយុទ្ធ Andrea Belotti មិនអាចស៊ុតបាល់គេចឲ្យផុតពីដៃរបស់អ្នកចាំទី Luigi Sepe បាន។
បន្ទាប់ពីនោះ ក្រុមទាំង ២ បានវាយសម្រុកគ្នាទៅវិញទៅមក ដើម្បីទម្លុះសំណាញ់ទីឲ្យបាន តែការប្រកួតដំបូងក្រោយអវត្តមាន ១០៣ ថ្ងៃនេះ បានបញ្ចប់លទ្ធផលទៅត្រឹមតែ ១-១ ប៉ុណ្ណោះ។ ក្រុម Torino បានបញ្ចប់កំណត់ត្រាចាញ់ ៦ ដងជាប់ៗគ្នា ក្រោយដណ្ដើមបាន ១ ពិន្ទុជាលើកដំបូង គិតតាំងពីថ្ងៃទី ១២ ខែមករា មកនោះ តែស្ថិតនៅចំណាត់ថ្នាក់ទី ១៥ ដដែល ជាមួយនឹង ២៨ ពិន្ទុ រីឯក្រុម Parma ហក់ឡើងទៅលេខ ៧ មាន ៣៦ ពិន្ទុ។
មុនចាប់ផ្ដើមប្រកួត កីឡាករទាំង ២ ក្រុម និងអាជ្ញាកណ្ដាលគ្រប់រូបនាំគ្នាមកឈរជារង្វង់ ដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ធ ១ នាទី ចំពោះជនរងគ្រោះដោយសារជំងឺកូវីដ ១៩ ដែលបានឆក់ជីវិតមនុស្សជាង ៣៤ ៥០០ នាក់ នៅអ៊ីតាលី ហើយជាមួយគ្នានេះដែរ ក្រុម Torino បានសរសេរសារនៅលើអាវរបស់ខ្លួន សម្រាប់ផ្ញើទៅកាន់បុគ្គលិកសុខាភិបាលទាំងអស់ថា៖ «អរគុណណាស់ វីរបុរស- វីរនារីរបស់យើងគ្រប់រូប»។
លើសពីនេះទៀត កីឡាករ Nkoulou ក្រោយរកគ្រាប់បាល់បាន គេក៏បានលុតជង្គង់ម្ខាង ដើម្បីសម្ដែងការគោរពដល់សពរបស់បុរសសញ្ជាតិអាមេរិក George Floyd ដែលបានស្លាប់ដោយស្នាដៃប៉ូលិស នៅរដ្ឋមីនេសសូតា រហូតដល់បង្កឲ្យមានការតវ៉ាទូទាំងពិភពលោកប្រឆាំងនឹងភាពអយុត្តិធម៌សង្គម និងការប្រកាន់ពូជសាសន៍។
បើទោះជាបានលទ្ធផលត្រឹមស្មើក៏ដោយ ក៏គ្រូបង្វឹករបស់ក្រុម Torino លោក Moreno Longo នៅតែពេញចិត្តនឹងអ្វីដែលកូនក្រុមរបស់លោកធ្វើបានដែរ ដោយលោកបានថ្លែងថា៖ «ទម្រង់លេងនេះ ផ្ដល់ឲ្យពួកយើងនូវសញ្ញាដ៏ល្អមួយ គឺពួកយើងចាប់ផ្ដើមប្រសើរឡើងវិញហើយ។ យើងពេញចិត្តពេញថ្លើមនឹងទម្រង់លេង មិនមែនលទ្ធផលទេ។ យើងបានលេងដោយមានសាមគ្គីភាពក្នុងក្រុម បើទោះជាកំពុងប្រឈមនឹងពេលវេលាលំបាកក៏ដោយ។ យើងគិតពីភាពវិជ្ជមានសម្រាប់ប្រកួតខាងមុខ ទោះជាដំណើរផ្លូវ នៅវែងឆ្ងាយ និងលំបាកក៏ដោយ»។
ចំណែកក្រុមការពារជើងឯក Juventus ដែលកំពុងឈរនៅកំពូលតារាង មុននឹងការប្រកួតគាំងដំណើរ នឹងត្រឡប់មកកាន់ទីលានប្រកួតប្រជែងវិញ នៅយប់ថ្ងៃចន្ទ ដោយត្រូវតទល់ជាមួយនឹងក្រុមម្ចាស់ផ្ទះ Bologna ពោលគឺតែប៉ុន្មានថ្ងៃក្រោយពីរងបរាជ័យ ក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដីជាមួយនឹងលទ្ធផល ៤-២ របូតពានរង្វាន់ Italian Cup ឲ្យទៅក្រុម Napoli៕ AFP/VN