ក្រុងអ៊ីស្ដង់ប៊ូល: គ្រូបង្វឹកក្រុម Paris Paris-Germain (PSG) លោក Thomas Tuchel បាននិយាយ កាលពីថ្ងៃអង្គារថា លោកមានការសោកស្តាយ តែមិនមានការព្រួយបារម្ភអ្វីទេ ពីភាពតានតឹងរវាងប្រទេសបារាំង និងតួកគី នៅមុនការប្រកួតក្របខ័ណ្ឌ Champions League របស់ខ្លួនទល់នឹងក្រុម Istanbul Basaksehir។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននាំមុខគេ ក្នុងការចោទប្រកាន់ចំពោះសមភាគីបារាំង លោក Emmanuel Macron ក្នុងកំលុងពេលមានសង្គ្រាមពាក្យសំដី ដែលកំពុងតែកើនឡើង ក្នុងជម្លោះមួយ ជុំវិញសេរីភាព ដែលប្រើចំអកឡកឡឺយខាងសាសនា។
លោក Macron បានការពារយ៉ាងខ្លាំងក្លានូវសិទ្ធិក្នុងការបញ្ចេញមតិដោយសេរី ដែលរួមទាំងការនិយាយឡកឡឺយខាងសាសនាផងដែរ ចំពេលមានការបះបោរតវ៉ា នៅប្រទេសបារាំង ជុំវិញការកាត់ក្បាលរបស់គ្រូបង្រៀនម្នាក់ ដែលបានបង្ហាញរូបត្លុកកំប្លែងរបស់ Mohammed។
លោក Tuchel ដែលក្រុមរបស់លោក ត្រូវលេងជាមួយក្រុមជើងឯកលីគកំពូលតួកគី ក្នុងពូល H នៅថ្ងៃយប់ពុធនេះ បាននិយាយថា៖ «យើងបានឮពីរឿងរ៉ាវទាំងនេះ ប៉ុន្តែយើងមិនមានការព្រួយបារម្ភអ្វីទេ។ ដោយផ្ទាល់ខ្លួន ខ្ញុំមានសោកស្ដាយ ដែលគ្រប់គ្នាមិនអាចរស់នៅដោយសុខដុមរមនាជាមួយគ្នាបាន ព្រោះខ្ញុំគិតថា យើងម្នាក់ៗ សុទ្ធតែចង់រស់នៅដោយសុខដុមរមនា»។
លោក Tuchel បានបន្តទៀតថា៖ «នោះជាមូលហេតុ ដែលខ្ញុំមានការសោកស្ដាយតិចតួចដែរ តែមិនមានការបារម្ភអ្វីទេ។ ខ្ញុំសង្ឃឹមថា នឹងមិនមានការពាក់ព័ន្ធគ្នានោះឡើយរវាងកីឡា និងនយោបាយ»។
យ៉ាងណាសម្រាប់ការប្រកួតវិញ ក្រុម PSG សង្ឃឹមថា នឹងអាចដណ្ដើមបានពិន្ទុលើកដំបូង សម្រាប់វគ្គសន្សំពិន្ទុតាមពូលនេះ បន្ទាប់ពីការខកចិត្ត ដោយសារចាញ់ក្រុម Manchester United កាលពីសប្ដាហ៍មុន។
លោក Tuchel និយាយបញ្ជាក់ថា ការផ្ដោតជាសំខាន់របស់ក្រុមលោក គឺការចាប់ផ្ដើមយុទ្ធនាការប្រកួតប្រជែង នៅអឺរ៉ុបរបស់ខ្លួន បើទោះមានភាពរង្គោះរង្គើខាងការទូតជុំវិញចំណងទាក់ទងនៃប្រទេសទាំង ២ ក៏ដោយ។
ខ្សែការពារមួយរូប គឺ Presnel Kimpembe បានឱ្យដឹងថា បញ្ហាទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំង ២ គឺហួសពីការទទួលខុសត្រូវរបស់ក្រុមខ្លួន។
Kimpembe បាននិយាយថា៖ «យើងជាក្រុមបាល់ទាត់មួយ។ សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) អនុញ្ញាតឱ្យពួកយើងមកទីនេះ ដើម្បីធ្វើការប្រកួត ដូច្នេះ ពួកយើងមកធ្វើការប្រកួតរបស់យើង ហើយត្រឡប់ទៅផ្ទះវិញ។ អ្វីដែលកំពុងកើតឡើង គឺជារឿងនយោបាយ អ៊ីចឹង វាមិនមែនជាការទទួលខុសត្រូវរបស់យើងទេ»៕ AFP/VN