ភ្នំពេញ៖ ​​ការ​ប្រកួត​ពាន​រង្វាន់ TV5 Boxing Knock Out Series ក្នុង​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​ នឹង​បើក​ដំណើរការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នា​ថ្ងៃ​សៅរ៍​នេះ ដោយ​ក្នុង​នោះ​កីឡាករ ​សោម ​វិឆ័យ ត្រូវ​​ប៉ះ​ ​ពុយ ​វណ្ណៈ​ ហើយ​ ​រិន ​សារ័ត្ន ​​ត្រូវ​ជួប ​វ៉ែន ហុងជីវ៉ុង ​ដើម្បី​ប្រជែង​យក​កៅអី​វគ្គ​ផ្តាច់​ព្រ័ត្រ​។​

យ៉ាងណា​ក៏​ដោយ​ការ​ជួប​ប៉ះ​គ្នា​រវាង សោម​ វិឆ័យ ​​របស់​​ក្លិប​វិបុល​ខណ្ឌ​ពោធិ៍សែន​ជ័យ​និង ពុយ ​វណ្ណៈ​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា គឺ​​គិត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​​ ព្រោះ​អាច​មាន​រឿង​ចម្រូង​ចម្រាស​ ដោយសារ​តែ ពុយ វណ្ណៈ ទើប​បាន​ដក​ពាក្យ​ឈប់​ប្រកួត ​​នៅ​លើ​សង្វៀន​​ CNC ​ដោយ​លើក​មូល​ហេតុ​ថា ​ឈឺ​ដៃ ​ប៉ុន្តែ​គេ​បែរ​ជា​​មាន​ឈ្មោះ​មក​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​ទៅ​វិញ។ ​ហេតុ​នេះ ពុយ វណ្ណៈ អាច​​ប្រឈម​ទៅ​នឹង​​បទល្មើស​ក្នុង​កិច្ច​សន្យា​ជាមួយ ​CNC​។ ចំពោះ​​ដំណោះ​ស្រាយ​យ៉ាង​ណា​នោះ​ មិន​ត្រូវ​បាន​មន្ត្រី​ទទួល​ខុស​ត្រូវ​​ប្រដាល់​ នៅ​សង្វៀន ​TV5 ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។​​

ប៉ុន្តែ​លោក ​រាជ ​សុផែន​ មន្ត្រី​ព័ត៌មាន​ និង​ជា​គណៈកម្មការ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ បាន​​និយាយ​ថា​៖ «គិត​មក​ដល់​ពេល​នេះ​ ពុយ​ វណ្ណៈ​ ត្រូវ​ឡើង​ប្រកួត ដោយ​គ្មាន​បញ្ហា​អ្វី​ទេ​ ហើយ​ចំពោះ​​រឿង​នេះ​អ្វីៗ​ផ្សេង​ទៀត គឺ ​សាមី​ខ្លួន​ជា​អ្នក​ដោះ​ស្រាយ​ខ្លួន​ឯង»​។​​

កីឡាករ សោម ​វិឆ័យ ​អាច​មាន​លទ្ធភាព​ច្រើន​ ក្នុង​ការ​ឈ្នះ​កៅអី​ទៅ​​វគ្គ​ផ្តាច់ព្រ័ត្រ ​​បើ​ទោះបី​ជា ពុយ​ វណ្ណៈ​ មិន​អាច​មក​ប្រកួត​ ​ឬ​មក​ប្រកួត​ក៏​ដោយ​។ ​ប្រភព​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​​ ពុយ ​វណ្ណៈ​ ទំនង​មិន​បាន​ហ្វឹកហាត់​ជាប់​លាប់​ទេ ​ដោយ​ជាប់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​នៅ​ខេត្ត​សៀមរាប​ ហើយ​ការ​​ប្រកួត​នេះ ​ក៏​ប្រឈម​នឹង​សង្វៀន​ CNC ​ដែល​សុំ​ដក​ខ្លួន ​ដោយ​អះអាង​ថា​ឈឺ​ ប៉ុន្តែ​បែរ​ជា​មក​ប្រកួត​នៅ​​សង្វៀន ​TV5 បាន​។​

លោក ​ឡុង ​វិបុល​ គ្រូ​បង្វឹក​របស់ ​សោម ​វិឆ័យ ប្រាប់​​ថា​៖ «​សោម ​វិឆ័យ ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ដណ្តើម​កៅអី​វគ្គ​ផ្តាច់​ព្រ័ត្រ ​ដែល​ប្រាក់​រង្វាន់​អម​ចំនួន ​៤ ០០០ ​ដុល្លារ»​។ លោក​បន្ថែម​ថា៖ ​«​សមត្ថភាព​របស់ ​សោម ​វិឆ័យ​ អាច​ឈាន​ទៅ​ដល់​ ​ព្រោះ​ហ្វឹកហាត់​ជា​ប្រចាំ​ ហើយ​បេក្ខភាព​ដែល​ត្រូវ​ប៉ះ​នោះ​ មិន​មែន​ជា​ឧបសគ្គ​ធំ​នោះ​ឡើយ»​។​

នៅ​មុន​ឡើង​មក​ដល់​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ​នេះ សោម​ វិឆ័យ​ បាន​យក​ឈ្នះ ផាន ​រះ​ ដោយ​ពិន្ទុ រួច​​បន្ត​ឈ្នះ​ ​គង់ សំបូរ​ និង​​បាន​​ឈ្នះ​ រឿម​ វណ្ណៈ​ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ដំណាក់​កាល​​ទី ​៣។​ ចំណែក ​ពុយ វណ្ណៈ បាន​​ឈ្នះ​ លីន សុខឈុន​ រួច​បន្ត​ឈ្នះ​ សូត្រ ខេវិន​ ​ហើយ​ប្រកួត​ជម្រុះ​លើក​ទី ​៣ បាន​​ឈ្នះ​ ​ឡុង ​បេន​លឿន។

សម្រាប់​ការ​ជួប​គ្នា​រវាង ​រិន សារ័ត្ន​ និង វ៉ែន ​ហុងជីវ៉ុង​ គេ​​មាន​ជំនឿ​ថា​ ​សារ័ត្ន ​មាន​ប្រៀប ​ខណៈ​ដែល​ ហុងជីវ៉ុង ​ភាគ​ច្រើន​ខ្ជីខ្ជា​ក្នុង​ការ​ហ្វឹកហាត់​ ហើយ​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ រិន ​សារ័ត្ន ​បាន​ឈ្នះ ​សល់ ពិសិដ្ឋ​ ឈ្នះ​ អ៊ុង ​កំសត់​ និង​​ឈ្នះ​ខាំ​ សាបាន។​ ចំណែក ​ហុងជីវ៉ុង ​វិញ​នៅ​ជុំ​ទី១​ ឈ្នះ​ សុខ​ សុវណ្ណ​ ជុំទី២ ឈ្នះ​ សោម​ ស៊ីថៃ​ និង​ជុំទី៣ ​ឈ្នះ ​ណាម ​ម៉ូរ៉ាក់ ​ដោយ​ពិន្ទុ​។

កីឡាករ វ៉ែន ហុងជីវ៉ុង​ បាន​​ប្រាប់​​ថា​៖ «​មាន​ទំនុក​ចិត្ត​ឈ្នះ ​៥០ ​ភាគរយ ​ប៉ុន្តែ​ឡើង​ទៅ​ដឹង​តែ​វ៉ៃ ចំណែក​​រឿង​ចាញ់ ​ឬ​ឈ្នះ ​មិន​ហ៊ាន​និយាយ​មុន​ទេ​»។​

ទោះ​យ៉ាង​ណា​ ​កីឡាករ វ៉ែន ហុងជីវ៉ុង ​ល្អ​ជង្គង់ ​និង​ចាស់​វស្សា​ជាង ​ប៉ុន្តែ​បច្ចេកទេស​ និង​យុទ្ធសាស្ត្រ​ប្រកួត​មិន​សូវ​ឆ្លាត ​ព្រម​ទាំង​ប្រកួត​មិន​សូវ​កាច​សាហាវ​នោះ​ឡើយ​ ផ្ទុយ​ពី​នេះ រិន សារ័ត្ន​ ជា​កីឡាករ​ខ្ចី​វស្សា​ជាង ​ប៉ុន្តែ​វ៉ៃ​មាន​យុទ្ធសាស្ត្រ​ចេញ​ចូល​លឿន​ព្រម​ទាំង​ទឹក​ចិត្ត​ប្រកួត​ក្លាហាន​ជាង ​គឺ​វ៉ៃ​មិន​ប្រចាំ​ឡើយ​៕