ភ្នំពេញ៖ សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ ៥ នឹងបើកឲ្យមានការប្រកួតប្រដាល់គុនខ្មែរឡើងវិញ ជាលក្ខណៈបិទទ្វារគ្មានអ្នកទស្សនា បន្ទាប់ពីផ្អាកការប្រកួតមួយរយៈ ដោយបញ្ហាមេរោគឆ្លងកូរ៉ូណា ប៉ុន្តែមិនទាន់បន្តការប្រកួតពានរង្វាន់ Tv5 Boxing Knock OseriesK Cement នៅឡើយ ដោយទុកឱកាសឲ្យកីឡាករសម្រាកហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ ព្រោះពានរង្វាន់នេះ បានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។
លោក អូ ឡាឡា អ្នកសម្របសម្រួលកម្មវិធីប្រដាល់គុនខ្មែរប្រចាំសង្វៀនប៉ុស្តិ៍លេខ ៥ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ការប្រកួតពានរង្វាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានលើកទៅសប្តាហ៍ក្រោយ គឺថ្ងៃសៅរ៍ទី ៩ ខែឧសភា ចំណែកការប្រកួតសប្តាហ៍នេះ សុទ្ធតែជាកីឡាករឆ្នើមៗ មានជើងចាស់ និងជើងថ្មីចម្រុះទៅតាមសមត្ថភាពរីកចម្រើន»។
នៅក្នុងចំណោមសមាសភាពកីឡាករ ដែលត្រូវប្រកួតគ្នាសប្តាហ៍នេះ ក៏មានការវិលមកជួបគ្នារវាង អ្នកប្រដាល់ជើងចាស់ទម្ងន់ធ្ងន់ ៧១ គ.ក្រ នន់ ជំនិត និង ចៅ ផលឌឿ ផងដែរ ដែលអ្នកទាំង ២ សុទ្ធតែស្គាល់សង្វៀនប្រដាល់ជិត ២០ ឆ្នាំដូចគ្នា។
ប្រវត្តិប្រកួត និងអតីតកាលរបស់អ្នកប្រដាល់វ័យចំណាស់ទាំង ២ រូបនេះ ធ្លាប់បង្ហាញសមត្ថភាពកន្លងមក មិនជាអស្ចារ្យខ្លាំងណាស់ណានោះឡើយ ប៉ុន្តែការប្រកួតរបស់គេ នៅតែមានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីកម្រិតមធ្យម ដល់បច្ចុប្បន្ន។ និយាយពី នន់ ជំនិត នៅតែរក្សាបាននូវក្បាច់ប្រចាំត្រកូល គឺកណ្ដាប់ដៃធ្ងន់ រហ័ស កម្លាំងអស្ចារ្យ ធ្លាប់ផ្តួលដៃគូឲ្យសន្លប់បានច្រើន។
ចំណែកកីឡាករ ចៅ ផលឌឿ វិញស្នៀតចម្រុះមានជង្គង់ ទាត់ កណ្តាប់ដៃ ក៏មិនអាចមើលស្រាលបានដែរ ពិសេសមានស្នៀតការពារល្អ ទោះជាទទួលរងនូវការវាយលុកខ្លាំងពីដៃគូក៏មិនងាយនឹងសន្លប់នោះឡើយ។ ពួកគេមានវ័យចាស់ច្រើនហើយ តែកលល្បិចនៃការប្រកួតនៅតែល្អដដែល ស្របពេលកម្លាំងប្រកួតរបស់គេ ចំនួន ៥ ទឹក ធ្លាក់ចុះមិននៅល្អដូចដើមនោះទេ។
លោក សេង កដិកា នាយកគ្រប់គ្រងកម្មវិធីប៉ុស្តិ៍លេខ ៥ បាននិយាយថា៖ «ការដាក់អ្នកប្រដាល់ជើងខ្លាំងវ័យចំណាស់ ឲ្យប្រកួតគ្នាបែបនេះ ក្នុងបំណងជួយពួកគាត់នៅបន្តអាជីព ព្រោះនៅមានប្រជាប្រិយភាព និងជាការបានប្រាក់ចំណូលផងដែរ។ ជំនួបនេះ គេលំបាកស្មានមុនពីលទ្ធផលណាស់ ប៉ុន្តែល្អមើល ខណៈដែលកន្លងមកពួកគេធ្លាប់ជួបប្រកួតគ្នាញឹកញាប់ និងមានចាញ់មានឈ្នះទៅវិញទៅមក»។
មានគូចាប់អារម្មណ៍មួយទៀត គឺការជួបគ្នារវាងកីឡាករជើងថ្មី កែវ សំរិទ្ធ និងជើងចាស់ ធា នុរាជ ហើយជំនួបនេះ ធា នុរាជ បាននិយាយថា៖ «កែវ សំរិទ្ធ ដៃធ្ងន់ដែរ ប៉ុន្តែខ្ញុំធានាប្រកួតឈ្នះបាន ព្រោះស្គាល់ច្បាស់ និងធ្លាប់ប្រកួតឈ្នះចំនួន ២ ដងមកហើយ»។ ក្រៅពីនេះ សោម ពិសិដ្ឋ ត្រូវជួប ច្រឹក កុសល ដែលពួកគេវ៉ៃបានល្អ និងមានកម្លាំងរឹងមាំ៕