ភ្នំពេញ៖ ​ក្រុម​ជម្រើស​រើស​ជាតិ​​កម្ពុជា​អាយុ​ក្រោម ​១៩ ​ឆ្នាំ (U19) បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​ធ្វើ​ការ​ហ្វឹកហាត់​ហើយ ដើម្បី​ត្រៀម​ការ​ប្រកួត​ពាន​រង្វាន់ AFC U19 Championship 2020 ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ នា​ដើម​ខែ​វិច្ឆិកា ខាង​មុខ​នេះ។ ចំណែក​ក្រុម​ជម្រើសជាតិ​ហ្វុតសាល​កម្ពុជា បាន​ ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ជម្រើស​ជើងឯក​បាល់​ទាត់​ក្នុង​សាល​​ក្របខ័ណ្ឌ​អាស៊ាន នៅ​វៀតណាម​ហើយ។

សម្រាប់​ការ​​ប្រកួត​​​ជម្រើស​ជើងឯក​បាល់​ទាត់​ក្នុង​សាល​​ក្របខ័ណ្ឌ​អាស៊ាន (AFF Futsal Championship 2019) ដែល​​​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃទី ​២១ ខែតុលា​នោះ ក្រុម​ហ្វុតសាល​កម្ពុជា ដែល​ឈរ​នៅ​ពូល ​A នោះ ​​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ជាមួយ​​ក្រុម​ថៃ កាល​ពី​ថ្ងៃទី ​២១ ខែតុលា ដោយ​ពួក​គេ​បាន​ចាញ់​រហូត​ដល់ ១២-០។

ចំណែក​ការ​ប្រកួត​លើក​ទី ​២ ជាមួយ​នឹង​ក្រុម​ហ្វុតសាល​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​អង្គារ ក្រុម​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្គោល លោក ផាន សុផានណារ៉ា បាន​បន្ត​ចាញ់ ១៣-៣ ប៉ុន្តែ​ការ​ប្រកួត​បង្រ្គប់​កិច្ច​លើក​ចុង​ក្រោយ​ជាមួយ​ក្រុម​ហ្វុតសាល​ទីម័រ​ខាង​កើត កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ កម្ពុជា​ដែល​មាន​គ្រាប់​បាល់​នាំ​មុខ​ ​​តាំង​ពី​តង់​ទី ​១ ​នោះ បាន​ថមថយ​ទម្រង់​លេង នៅ​ចុង​ម៉ោង ធ្វើ​ឲ្យ​ក្រុម​ទីម័រ​អាច​តាម​ស្មើ ៤-៤។

ជាមួយ​គ្នា​នេះ ក្រុម​ហ្វុតសាល​ជម្រើស​ជាតិ​ថៃ ​បាន​យក​ឈ្នះ​ក្រុម​ហ្វុតសាល​មីយ៉ាន់ម៉ា ៩-០ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​១ ប្រចាំ​ពូល ​A នេះ ដោយ​មាន ​៩ ពិន្ទុពេញ ជាមួយ​ការ​ឈ្នះ​ទាំង ​៣ ​ប្រកួត រីឯ​ក្រុម​មីយ៉ាន់ម៉ា បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ​២ ដោយ​ឈ្នះ ​២ និង​ចាញ់ ​១ ប្រកួត ធ្វើ​ឲ្យ​ពួក​គេ​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ ប៉ុន្តែ​ក្រុម​កម្ពុជា និង​ទីម័រខាង​កើត ​បាន​ធ្លាក់ ដោយ​មាន​ ១ ពិន្ទុ​ដូច​គ្នា។​

ដោយ​ឡែក​​ក្រុម ​U19 កម្ពុជា ​បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​កាល​ពី​ម្សិលមិញ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ប្រចាំ​ពូល ​G នៃ​ពាន​រង្វាន់ AFC U19 Championship 2020 ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ ពី​ថ្ងៃទី ​២ ដល់​ថ្ងៃទី ​១០ ខែ វិច្ឆិកា ឆ្នាំ ​២០១៩ ខណៈ​ពូល​នេះ​មាន​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងក្រុម Northern Mariana Islands។

កីឡាករ​ចំនួន ​២៤ ​នាក់ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា កោះ​ហៅ​ឲ្យ​ចូល​ប្រមូល​ផ្តុំនៅ​ក្នុង​បញ្ជី​ឈ្មោះ​ជា​បឋម លើក​នេះ ក្នុង​នោះ​មាន ជា សុខម៉េង ,ជូ ស៊ីនទី​, ជុង មករា, ​អ៊ាន ពិសី ,កយ សាលីម ,រី លាភផេង ,ធី លៀង ,សៀង ចន្ធា ,ថា ច័ន្ទឬទ្ធី ,ទួត សារ៉ូត ,អាត អូនតូច, ញឹម លីហួរ, ស រតនា, ចាន់ សារ៉ាពេជ្រ, គី រីណា, វុធ តុលា, មិន រតនៈ, សឿត ណាវ៉ា, លី ម៉ាឯល, ​ចាន់ សុភា, កែវ ឧត្តម, មិត សាម៉ើយ,​ ផន អយ និង លឹម ពិសុទ្ធ។

តាម​កម្មវិធី​ប្រកួតពាន​រង្វាន់ AFC U19 Championship 2020 នេះ គឺ​ក្រុម ​U19 កម្ពុជា​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម U19 ម៉ាឡេស៊ី នៅ​ថ្ងៃទី​ ​២ រួច​បន្ត​ទៅ​ជួប​ក្រុម Northern Mariana Islands នៅ​ថ្ងៃទី ​៤ និង​ប៉ះ​ក្រុម​ថៃ នៅ​ថ្ងៃ​ទី ​៨ ហើយ​ចុង​ក្រោយ​កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ប្រ៊ុយណេ នៅ​ថ្ងៃ​ទី ​១០ ខែ​វិច្ឆិកា៕