ភ្នំពេញ៖ ក្រុម​​ជម្រើស​ជាតិ​​​កម្ពុជា​អាយុ​ក្រោម ​១៩ ​ឆ្នាំ មិន​អាច​​​ប្រើ​ការ​មាន​ប្រៀប​ក្នុង​រយៈពេល ​៣០ នាទី​ចុង​ក្រោយ ដើម្បី​វាយ​បក​យក​ឈ្នះ​លើ​ក្រុម ​U19 ម៉ាឡេស៊ី ដែល​មាន​សមាជិក​នៅ​សល់​ត្រឹម ​៩ នាក់​បាន​នោះ​ទេ គឺ​ពួក​គេ​បាន​ត្រឹម​បន្សល់​ទុក​នូវ​ការ​សោក​ស្តាយ ​ចំពោះ​ការ​ចាញ់ ៥-៤ ក្នុង​ការ​ប្រកួត​បើក​ឆាក​ប្រចាំ​ពូល ​G នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់​ជើងឯក​យុវជន អាស៊ី​អាយុ​ក្រោម ១៩ ឆ្នាំ ហើយ​នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ មាន​ការ​តាំង​ចិត្ត ​យក​ឈ្នះ​លើ​ក្រុម​កោះ​ម៉ារីណាខាង​ជើង នៅ​ថ្ងៃ​នេះ។

ការ​លេង​ហាក់​មិន​សូវ​យល់​ចិត្ត​គ្នា នៅ​​ក្នុង​តង់​ទី ​១ បាន​ធ្វើ​ឲ្យ​ក្រុម ​U19 កម្ពុជា របូត​ដល់ ​៣ ​គ្រាប់ ដែល​កើត​ចេញ​ពី​ការ​ទាត់បាល់​ហ្វ្រីឃីត​របស់ Shafi នៅ​នាទីទី ​៣០ ព្រម​ទាំង​ការ​ស៊ុត​បញ្ចូល​ទី​របស់ Fakrul និង Azrin នៅ​នាទីទី ​៤០ និង​ទី ​៤២ ប៉ុន្តែ​ការ​ពិន័យ​កាត​ក្រហម​ទៅ​លើ​កីឡាករ Ajmal និង Zikri ​នៅ​នាទីទី​ ​៥៨ និង​ទី ​៥៩ ​បាន​បើក​ផ្លូវ​ឲ្យ​កម្ពុជា រក​បាន ​២ ​គ្រាប់​វិញ នៅ​នាទីទី ​៦១ និង​ទី ៦៥ ដែល​ស៊ុត​ហ្វ្រ៊ីឃីត​ដោយ​កីឡាករ មិត សសម៉ើយ និង​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​របស់ ជា សុខម៉េង។

យ៉ាង​ណា​​ក៏​ដោយ ក្រុម​ម៉ាឡេស៊ី ដែល​សល់​សមាជិក​ត្រឹម ​៩ នាក់ នៅ​លើ​ទីលាន​នោះ បាន​ទទួល​គ្រាប់​បាល់​សំណាង​មួយ ខណៈ​ខ្សែ​ប្រយុទ្ធ Luoman ទាត់​បាល់​បំផ្លោង​ចោល​សោះ តែ​បែរ​ជា​បាល់​នោះ ហោះ​ធ្លាក់​ចូល​ក្បែរ​របារ​ទី ផុត​ដៃ​អ្នក​ចាំទី ថា ច័ន្ទឫទ្ធី នៅ​នាទីទី ​៦៧ ហើយ Atio បាន​ស៊ុត ​១ ​គ្រាប់​ទៀត នៅ​នាទីទី ​៧៣ មុន​ពេល រីលាភផេង និង សឿត ណាវ៉ា រក​បាន ​២ ​គ្រាប់​វិញ​ឲ្យ​កម្ពុជា នៅ​នាទីទី ​៧៧ និង​ទី ​៨៨។

គ្រូ​បង្វឹក​ក្រុម U19 កម្ពុជា លោក Kuji Gyotoku ហាក់​នៅ​តែ​មិន​អស់​ចិត្ត ចំពោះការ​ចាញ់​ក្រុម ​U19 ម៉ាឡេស៊ី ៥-៤ ក្នុង​ការ​ប្រកួត​បើក​ឆាក​នេះ តែ​លោក​បាន​អះអាង​ថា នឹង​ព្យាយាម​​យក​ឈ្នះ​ឲ្យ​បាន សម្រាប់​ការ​ប្រកួត​បន្ទាប់ គឺ​ការ​ជួប​ក្រុម​កោះ​ម៉ារីណា​ខាង​ជើង នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ចន្ទ​នេះ។

លោក​ Kuji Gyotoku បាន​ថ្លែង នៅ​ក្នុង​សន្និសីទ​ក្រោយ​ចាញ់​ក្រុម ​U19 ម៉ាឡេស៊ី ៥-៥ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ​​ថា៖ ​«ការ​ប្រកួត​ថ្ងៃ​នេះ ពិត​ជា​តាន​តឹង​ខ្លាំង ហើយ​យើង​ស្ទើរ​តែ​មាន​ឱកាស​រក​ពិន្ទុ​បាន ​១ ​ពិន្ទុ​ទៅ​ហើយ ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​បាន។ ម៉ាឡេស៊ី ពិត​ជា​ល្អ​ទាំង​បច្ចេកទេស​កីឡាករ​ម្នាក់ៗ និង​កលល្បិច​ប្រកួត ប៉ុន្តែ​កីឡាករ​យើង​ក៏​លេង​បាន​ល្អ​ដូចគ្នា ហើយ​​យើង​នឹង​ព្យាយាម​យក​ឈ្នះ​ឲ្យ​បាន សម្រាប់​​ការ​ប្រកួត​បន្ទាប់​ទៀត»។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល ​G នៃ​ពាន​រង្វាន់ AFC U19 Championship qualification 2020 នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​សៅរ៍​នោះ ក្រុមកោះ​ម៉ារីណា​ខាង​ជើង បាន​ទទួល​រង​ការ​ដាក់​សម្ពាធ​ខ្លាំង​ពី​ក្រុម ​U19 ​ប្រ៊ុយណេ មុន​ពេល​អ្វីៗ​​ត្រូវ​បាន​បញ្ចប់​ជាមួយ​ការ​ចាញ់​ប្រ៊ុយណេ ៤-៣ ហេតុ​នេះ​ការ​វិល​មក​ជួប​ក្រុម​មក​ពី​កោះ​មួយ​នេះ វា​ជា​ពេល​ដ៏​ល្អ ដែល​កម្ពុជា អាច​នឹង​មាន​ឱកាស​រក​បាន ​៣ ពិន្ទុ ខណៈ​ក្រុម​ប្រ៊ុយណេ នឹង​ត្រូវ​ជួបក្រុម ​U19 ថៃ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ចន្ទ​នេះ​ដែរ៕