ភ្នំពេញ៖ ក្រុមជម្រើសជាតិថៃអាយុក្រោម ១៩ ឆ្នាំ បានលត់ក្រុម U19 កោះម៉ារីណាខាងជើង រហូតដល់ ២១-០ នៅក្នុងការប្រកួតជម្រុះប្រចាំពូល G នៃពានរង្វាន់ជើងឯកយុវជន អាស៊ីអាយុក្រោម ១៩ ឆ្នាំ (AFC U19 Championship qualification 2020) កាលថ្ងៃពុធ ហើយជ័យជម្នះដ៏ធំធេងនេះ វាហាក់បានគំរាមកំហែងទៅក្រុមម្ចាស់ផ្ទះកម្ពុជា ដែលនឹងត្រូវជួបក្រុមថៃមួយនេះនៅថ្ងៃសុក្រផងដែរ។
ការយកឈ្នះក្រុមកោះម៉ារីណាខាងជើង ២១-០ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចម្សិលមិញនោះ វាមិនត្រឹមតែបានជួយឲ្យក្រុម U19 ថៃ បានឡើងទៅឈរនៅពូល G ជាមួយការឈ្នះទាំង ២ ប្រកួតប៉ុណ្ណោះទេ ប៉ុន្តែលទ្ធផលដែលមិនធ្លាប់កើតមាន នៅក្នុងការប្រកួត AFC U19 មួយនេះ វាហាក់បានគំរាមផងដែរ ទៅដល់ក្រុម U19 កម្ពុជា ខណៈកម្ពុជាបានយកឈ្នះក្រុមកោះម៉ារីណាខាងជើង ត្រឹម ៩-០ នោះ។
គម្លាតនៃការរកបានគ្រាប់បាល់លើក្រុមកោះម៉ារីណា របស់ក្រុមទាំង ២ វាបានបង្ហាញឲ្យឃើញ ពីភាពខុសគ្នារវាងគុណភាពលេងរវាងក្រុមថៃ និងក្រុមកម្ពុជា ពិសេសគុណភាពនៅតំបន់ប្រយុទ្ធ ហើយភាពខ្លាំងរបស់ក្រុម U19 ថៃ វាកំពុងតែបង្ហាញឲ្យឃើញ ដូចគ្នាទៅនឹងអ្វី ដែលគ្រូបង្វឹកក្រុមកម្ពុជាកំពុងបង្ហាញការបារម្ភ ជុំវិញភាពរីកចម្រើនរបស់ក្រុមថៃ គឺវាខុសគ្នាទៅនឹងការប្រកួតពាន AFF U18 Championship នៅវៀតណាម ដែលកម្ពុជា បានយកឈ្នះក្រុមថៃ ៥-៤។
លោក Koji Gyotoku គ្រូបង្វឹកក្រុម U19 កម្ពុជាបានថ្លែង ក្រោយពេលកម្ពុជាបានឈ្នះក្រុមកោះម៉ារីណាខាងជើង ៩-០ កាលពីថ្ងៃចន្ទថា៖ «ការប្រកួតចុងក្រោយជាមួយថៃ ក្នុងពានរង្វាន់ AFF U18 Championship 2019 នៅប្រទេស វៀតណាម យើងបានយកឈ្នះថៃ ប៉ុន្តែយើងមិនអាចរំពឹងខ្ពស់សម្រាប់ជួបថៃ នៅក្នុងការប្រកួតបន្ទាប់នោះទេ ព្រោះយើងឃើញថា ថៃមានទម្រង់លេងល្អជាងលើកមុន»។
គួរបញ្ជាក់ថា ក្រុម U19 កម្ពុជា នឹងត្រូវធ្វើការប្រកួតលើកទី ៣ របស់ខ្លួន ជាមួយក្រុម U19 ថៃ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃសុក្រខាងមុខនេះ ខណៈការ ២ ប្រកួតកន្លងមកនេះ កម្ពុជា បានចាញ់ក្រុមម៉ាឡេស៊ី ៥-៤ ក្នុងថ្ងៃបើកឆាក មុនពេលឈ្នះក្រុមកោះម៉ារីណាខាងជើង ក្នុងលទ្ធផល ៩-០ ចំណែក ២ ប្រកួតរបស់ថៃ គឺបានលត់ក្រុមប្រ៊ុយណេ ៩-០ និងបំបាក់កោះម៉ារីណា ២១-០ លើកនេះ។
កម្ពុជា ចាប់ប្រមូលផ្តុំក្រុមត្រៀមទៅប្រកួតស៊ីហ្គេម នៅហ្វីលីពីន
ដោយឡែកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះកីឡាករបឋមចំនួន ២៥ នាក់ សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០១៩ នៅប្រទេស ហ្វីលីពីន ជាផ្លូវការហើយ ប៉ុន្តែនៅក្នុងចំណោមអ្នកទាំង ២៥ នាក់នោះ កម្ពុជានៅមិនទាន់ដាក់បញ្ចូលកីឡាករលើសអាយុចំនួន ២ នាក់ ទៅតាមការអនុញ្ញាតរបស់គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមនៅឡើយទេ។
ចំពោះកីឡាករមានអាយុក្រុម ២២ ឆ្នាំ ដែលមានក្នុងបញ្ជីឈ្មោះជាបឋមនេះ រួមមានកីឡាករ ទៀត គឹមហេង, ស៊ិន សុផាណាត់, សាន គឹមហេង, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, សឿត បារាំង, ម៉ៅ ពិសិដ្ឋ, សាវែង សំណាង, ប្រាក់ ធីវ៉ា, ឈង់ ប៊ុនណាត, ណាររ៉ុង កក្កដា, ឃៀង ម៉េងហ៊ួ, កាន់ ពិសាល, យ៉ើ សាហ្វី, កែន ច័ន្ទសុភ័ក្រ្ត, យ៉ើ មូស្លីម, កែវ សុខសិលា, ស៊ិន កក្កដា, ហ៊ុល គឹមហ៊ុយ, សេត រ៉ស៊ីប, ទេស សម្បត្តិ, សៀង ចន្ធា, ឆេង ម៉េង, អ៊ន ចាន់ប៉ូលីន និង លី វ៉ាហេទ។
ជុំវិញការមិនទាន់មានឈ្មោះកីឡាករលើសអាយុទាំង ២ នាក់ ត្រូវបានមន្រ្តី FFC បានប្រាប់ថា នឹងមានការដាក់បញ្ចូលនៅក្នុងបញ្ជីឈ្មោះចុងក្រោយ ព្រោះពេលនេះ ទាំងក្រុម U22 កម្ពុជា ត្រៀមស៊ីហ្គេម នៅហ្វីលីពីន និងក្រុមធំជម្រើសជាតិកម្ពុជា សម្រាប់ប្រកួតជម្រុះជុំទី ២ ពានរង្វាន់ FIFA World Cup Qatar 2022 គឺស្ថិតក្រោមការបង្វឹករបស់គ្រូបង្គោល Filex Dalmas តែមួយ៕