អ៊ីតាលីៈ សហភាព​បាល់ទាត់​អឺរ៉ុប​ហៅ​កាត់​ថា UEFA កាលពី​ថ្ងៃ​ចន្ទ​បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo ដែល​បាន​បង្ហាញ​កាយវិការ​មិន​សមរម្យ បន្ទាប់ពី​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទៅ​លើ​ក្រុម Atletico Madrid ដើម្បី​នាំ​ជ័យជម្នះ​ត្រឡប់​មក​ឲ្យ​ក្រុម Juventus វិញ​ក្នុង​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​សប្តាហ៍​មុន​។

គណៈកម្មការ​បាល់ទាត់​អឺរ៉ុប​បាន​និយាយ​ថា Ronaldo កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​បទ «​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​» ក្រោយពី​រូបគេ​បាន​ធ្វើ​តម្រាប់​តាម​លោក Diego Simeone គ្រូបង្វឹក​ក្រុម Atletico Madrid ដោយ​ពើង​ខ្លួន​ទៅ​មុខ​ហើយ​យក​ដៃ​ទាំង​ ២ ​ក្ដោប​ប្រដាប់ភេទ នៅពេល Juventus បាន​យក​ឈ្នះ​ក្រុម Atletico Madrid ៣-០ កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ក្នុង​លទ្ធផល​ឈ្នះ​ទាំង​ ២ ​ជើង ៣-២​។

ក្រោយពី​បាន​ស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​បញ្ចូល​ទី​រួច​ហើយ Ronaldo បាន​បែរមុខ​ទៅ​រក​អ្នក​គាំទ្រ​ក្រុម Atletico ហើយ​បាន​ធ្វើ​កាយវិការ​ដូច​គ្រូបង្វឹក​លោក Simeone ដែល​បាន​ធ្វើ​ដាក់​អ្នកគាំទ្រ Juventus នៅពេល​លោក​បាន​ដឹកនាំ​ក្រុម Atletico យក​ឈ្នះ​ក្រុម Juventus ២-០ កាលពី​ជើង​ទី​ ១ ខណៈ​ការស៊ើបអង្កេត​នេះ​នឹង​បង្ហាញ​លទ្ធផល​ដោយ​សហភាព​បាល់ទាត់​អឺរ៉ុប​នៅ​ថ្ងៃទី​ ២១ ខែ​មីនា​ខាង​មុខ​។

ជាមួយ​ការទម្លាក់ Atletico ក្នុង​ការ​ប្រកួត​វគ្គ​ ១៦ ​ក្រុម​នោះ​បាន​ជួយ​ឲ្យ​ក្រុម Juventus ឡើង​មក​ក្រុម Ajax របស់​ប្រទេស​ហូឡង់​នៅក្នុង​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ក្នុង​ក្របខណ្ឌ Champions League ហើយ​វគ្គ​នេះ​តម្រូវ​ឲ្យ​ក្រុម​ទាំង​ ២ ​ប្រកួត​គ្នា​ ២ ​ជើង​ផងដែរ គឺ​ជើង​ទី​ ១ នៅ​ថ្ងៃទី​ ១១ ខែ​មេសា​នៅ​ទីក្រុង​អេមស្ទើដេម ប្រទេស​ហូឡង់ និង​ជើង​ទី​ ២ នៅ​ថ្ងៃទី​ ១៦ ខែ​មេសា​នៅ​ទីក្រុង​ទូរីន ប្រទេស​អ៊ីតាលី​។

យ៉ាងណា​ក៏ដោយ​ជុំវិញ​ការស៊ើបអង្កេត​ទៅលើ​ការប្រើ​កាយវិការ​មិន​សមរម្យ​របស់ Ronaldo ទៅលើ​អ្នក​គាំទ្រ​ក្រុម Atletico នេះ លោក Massimiliano Allegri ដែល​ជា​គ្រូបង្វឹក​របស់​ក្រុម Juventus មាន​ការជឿជាក់​ថា Ronaldo នឹង​មិន​ត្រូវ​បាន​ពិន័យ ឬ​ផ្អាក​ការប្រកួត​នោះ​ទេ​។

លោក Allegri បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​គ្រប់​គ្នា​មាន​សិទ្ធិ​ធ្វើ​កាយវិការ​តាម​ចំណូលចិត្ត​របស់​ខ្លួន​នៅលើ​ទីលាន​ប្រកួត និង​នៅ​កន្លែង​អង្គុយ​មើល​បាល់​។ ខ្ញុំ​ដូចជា​មិន​ឃើញ​អ្វី​ខុសប្លែក​នោះ​ទេ​ត្រឹម​តែ​បញ្ចេញ​ទង្វើ​ផ្សេងៗ​នោះ ព្រោះ​គេ​មិន​បាន​ហាមឃាត់​ឡើយ​»​។

គួររំឭក​ថា​គ្រូបង្វឹក​ក្រុម Atletico លោក Simeone ត្រូវ​បាន​សហភាព​បាល់ទាត់​អឺរ៉ុប​ធ្វើការ​ពិន័យ​ជា​ប្រាក់​ចំនួន​ ២ ​ម៉ឺន​អឺរ៉ូ (២ ​ម៉ឺន​ ២ ​ពាន់​ដុល្លារ​) ចំពោះ​ការប្រើ​កាយវិការ​មិន​សមរម្យ​របស់​លោក​ស្រដៀង​គ្នា​នឹង Ronaldo នេះ​ដែរ ទៅលើ​អ្នក​គាំទ្រ​ក្រុម Juventus​។

ជុំវិញ​បញ្ហា​នេះ​គ្រូបង្វឹក​ជនជាតិ​អាហ្សង់ទីន​លោក Simeone បាន​និយាយ​សំដៅ​ទៅ​លើ Ronaldo យ៉ាង​ដូច្នេះ​ថា​៖ «​គាត់​នឹង​បាន​ឃើញ​ពី​របៀប​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​កីឡដ្ឋាន Wanda Metropolitano ហើយ​ខ្ញុំ​កំពុង​ព្យាយាម​បង្ហាញ​លក្ខណៈ​របស់​គាត់​»​។

ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Champions League ៥​ជំនាន់ Ronaldo គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​ការប្រកួត​ពាន​អឺរ៉ុប​បាន​ចំនួន​ ១២៤ ​គ្រាប់​ក្នុង​ការប្រកួត​ចំនួន​ ១៦០៕ SN