ក្រុង​ប៊ែន: UEFA ត្រៀម​សម្រេច​នៅ​សប្ដាហ៍​ក្រោយថា តើ​នឹង​បញ្ចប់​ការ​ប្រកួត​ប្រជែង​​នៃ​ក្របខ័ណ្ឌ Champions League និង Europa League រដូវកាល​នេះ យ៉ាង​ដូច​ម្ដេច​ ក្រោយ​ផ្អាក​តាំង​ពី​ខែ​មីនា ដោយសារ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។ នេះ​បើតាម​ស្ថាប័ន​គ្រប់​គ្រង​បាល់​ទាត់​អឺរ៉ុប​ ឲ្យ​ដឹង​នៅ​​ថ្ងៃ​ព្រហស្បតិ៍នេះ​។

UEFA បាន​ឲ្យ​ដឹង​ ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា គណៈ​កម្មា​ធិការ​ប្រតិបត្តិ​របស់​ខ្លួននឹង​ជួប​ប្រជុំ​គ្នាតាម​រយៈ​​វីដេអូខនហ្វឺរ៉ែន​មួយនៅ​ថ្ងៃ​ទី ១៧ ខែ​មិថុនា ដែល​របៀប​វារៈ​នេះ នឹង​រួម​បញ្ចូល​ទាំង​ការ​ប្រកួត​វគ្គ ​​១៦ ក្រុម នាពេល​ខាងមុខ និង​ការ​កំណត់ ដែល​មាន​ទំនាក់​ទំនង​គ្នា សម្រាប់​ការ​ប្រកួត​ទាំង ២ កម្មវិធី​នេះ​។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ត្រូវ​បាន​គ្រោង​​ធ្វើ​នៅ​ទីក្រុង​អ៊ីស្តង់​ប៊ុល ប្រទេសតួកគី ហើយ​ Europa League នៅក្រុង​ Gdansk ប្រទេសប៉ូឡូញ តែ​កាល​ពី​ខែ​មុន UEFA បាន​ប្រាប់​ថា​ មាន​ជម្រើស​ជាច្រើន​ កំពុង​ត្រូវបាន​យកមក​ពិចារណា ដើម្បី​បញ្ចប់ទាំង​ស្រុងសម្រាប់​ការ​ប្រកួត​ប្រជែង​ទាំង​២ ក្រប​ខ័ណ្ឌនេះ។

ជម្រើស​ទាំង​នេះ អាច​រួម​បញ្ចូល​ទាំង​ការ​ប្រកួត​ជុំ​នៅ​សល់របស់​ក្របខ័ណ្ឌ​នីមួយ​ៗ ​នៅ​ក្នុងទឹក​ដី​​តែ​មួយ ហើយ​​កាត់​បន្ថយ​ការ​ប្រកួតវគ្គ ​៨​ក្រុម​ចុង​ក្រោយ និងវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពី ២​ ជើង​មក​តែ​ ១ ជើង​។ ការ​ប្រកួត​ជើង​ទី​ ២ នៃ​ក្រប​ខ័ណ្ឌ Champions League ក្នុង​វគ្គ ១៦​ ក្រុម​ចុង​ក្រោយ នៅ​តែ​ត្រូវ​ការ​ការ​ប្រកួត ខណៈ​ក្រុម Atletico Madrid, Paris St Germain, Atalanta និង RB Leipzig បាន​កក់​កៅ​អី​របស់​ពួក​គេ​រួច​ហើយ នៅ​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ​។

ក្នុង​ក្រប​ខ័ណ្ឌ Europa League ការ​ប្រកួតទាំង​​ជើង​ទី ២ វគ្គ​ ១៦ ក្រុមចុងក្រោយ នៅ​តែ​ត្រូវរៀប​ចំ​ឡើង​។ អភិបាល​ក្រុង​ម៉ាឌ្រីដ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា រាជ​ធានី​អេស្ប៉ាញ កំពុង​ពិភាក្សា​អំពី​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​ក្រប​ខ័ណ្ឌ Champions League ប្រសិន​បើត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​ទី​អ៊ីស្តង់ប៊ុល៕ AFP/VN