ក្រុង​ប៉ារីស​: សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA)​ កាល​ពីថ្ងៃ​ពុធ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ មាន​គម្រោង​បន្ត​រក្សា​បែប​ផែនការ​ប្រកួត​ទូទាំង​ទ្វីប​ដដែល សម្រាប់​ព្រឹត្តិការណ៍ Euro 2020 ដែល​ត្រូវ​បាន​ពន្យារ​ពេល​ ក្រោយ​ប្រធាន​របស់​ស្ថាប័ន​លោក Aleksander Ceferin ថ្មី​ៗ​នេះ បាន​ព្រលយ​ពាក្យ​ថា ចំនួន​ទីក្រុង​ដែល​ត្រូវ​ជ្រើស​រើស​ធ្វើ​ម្ចាស់​ផ្ទះ​អាច​នឹង​ត្រូវ​កាត់​បន្ថយ​ខ្លះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​ខ្លួន UEFA បាន​ឲ្យ​ដឹង​ថា​៖ «​ទី​ក្រុង​ម្ចាស់​ផ្ទះ ដែល​បាន​កំណត់​ពី​ខាង​​ដើម​ចំនួន ១២ ត្រូវ​បាន​អះអាង​ថា​ជា​កន្លែង​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ចុង​ក្រោយ​ នា​រដូវក្ដៅ​នៃ​ឆ្នាំ​ ២០២១​»​។

ព្រឹត្តិការណ៍ Euro 2020 ដែលជា​​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នៅ​តំបន់​អឺរ៉ុប នៅ​តែ​មាន​ឈ្មោះ​ដូច​ដើម​ដដែល បើ​ទោះ​ជា​ត្រូវ​បាន​លើក​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២១​ក៏ដោយ ហើយ​ពេល​នេះ កំពុង​ត្រូវ​បាន​យក​ចិត្ត​ទុក​យ៉ាង​ពេញ​ទំហឹង ស្រប​ពេល​​​ការ​ពន្យារពេលការ​ប្រកួត​រយៈ​ពេល ១២​ខែ គឺ​ជា​ការ​ម្រេច​ដ៏​ធំ​ដំបូង​របស់ UEFA ដោសារ​តែ​វិបត្តិ​នៃ​វីរុស​កូរ៉ូណា កើន​ឡើង​ជាលំដាប់។

ទាក់​ទង​នឹង​ការ​សម្រេច​នេះ UEFA បាន​ប្រាប់​ថា​៖ « UEFA បាន​ធ្វើ​ការ​ជ្រើស​រើស​​ដ៏សែន​ពិបាក​​មួយ ក្នុង​ការ​សម្រេច​ពន្យារ​ការ​ប្រកួត​ប្រជែងព្រឹត្តិការណ៍ Euro 2020។ តែ​ការ​ធ្វើ​បែប​នេះ យើង​បាន​បង្កើត​នូវ​ចន្លោះ​ទំនេរ ដែល​អនុញ្ញាតិ​ឲ្យ​ការ​ប្រកួត​ប្រជែង​​របស់​ក្លិប​អាជីព ក្នុង​ប្រទេស​ទាំង​អស់​ទូទាំង​តំបន់ ចាប់​ផ្ដើម​ឡើង​វិញ ខណៈ​ដែល​អាច​ធ្វើ​ទៅ​បាន និង​លេង​បញ្ចប់​រដូវកាល​របស់​ពួកគេ​​»​។​

UEFA បាន​បោះ​ចោល​ទម្លាប់​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រទេស ១ ឬ​ ២ ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កម្មវិធី​ប្រកួត ជាមួយ​នឹង​​ការ​ជ្រើស​រើស​ក្រុងរហូត​ទៅ​ ១២ ជំនួស​វិញ ចាប់​​ពី​ក្រុង​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​គ្នា ដូច​ក្រុង​បាគូ​ និង​ឌូប្ល៊ីន​។ បែប​ផែន​ដ៏​ឆ្គាំ​ឆ្គង​នេះ បាន​ធ្វើ​ឲ្យ​ស្ថាប័ន​គ្រប់​គ្រង​បាល់​វិស័យ​បាល់​ទាត់​អឺរ៉ុបមួយ​នេះ ពង្រីក​កិត្យា​នុភាព​ ដោយការ​រៀប​ចំ​ការ​ប្រកួតពេញ​ទាំង​ទ្វីប​។

តែ​យ៉ាង​ណាក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ beIN Sports លោក Ceferin ថ្មីៗ​នេះ បាន​បញ្ជាក់​ពី​ការ​មាន​បញ្ហា​ខ្លះ​ជាមួយ​ក្រុង​ដែល​មិន​បា្រប់​ឈ្មោះ​ចំនួន​ ៣ ដោយ​លោក​ប្រធាន​រូប​នេះថ្លែង​ថា​៖ «​ជា​គោល​ការណ៍ យើង​ពិត​ជា​ត្រូវ​រៀប​ចំ​ក្នុង​ក្រុង​ចំនួន​ ១២។ តែ​បើមិន​ដូច្នោះ​ទេ យើង​ត្រៀម​ធ្វើ​ឡើង​តែ​នៅ​ទីក្រុង ១០, ៨ ឬ​ក៏ ​៩​ ប៉ុណ្ណោះ​»​៕ AFP/VN