ក្រុង​ឡុងដ៍៖ ក្រុម​ Manchester United (United) និង​ Liverpool កំពុង​ពិភាក្សា​ជាមួយ​ក្រុម​កំពូល​ដទៃៗ​ទៀត នៅ​តំបន់​អឺរ៉ុប រឿង​ចូលរួម​ការ​​ប្រកួត​កម្មវិធី​ថ្មី​គាំទ្រ​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA)។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ Sky News កាល​ពី​ថ្ងៃ​អង្គារ​។​

ក្រុម United បាន​បដិសេធ​មិន​អធិប្បាយ​ចំពោះ​សេចក្ដី​រាយការណ៍​នេះ ហើយ​ក្រុម​ Liverpool មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​ ដែល​សុំ​ឱ្យ​ធ្វើ​ការ​ពន្យល់​នោះ​ឡើយ​។

បើ​យោង​តាម​ប្រភព​ក្នុង​​រង្វង់​បាល់​ទាត់ ដែល​មិន​បញ្ចេញ​ឈ្មោះ Sky News បាន​ឱ្យ​ដឹង​ថា ក្រុម​ជាង ១២ មក​ពី​លីគ​កំពូលៗ​ទាំង ៥ របស់​អឺរ៉ុប រួម​មាន​ អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​អេស្ប៉ាញ កំពុង​ពិភាក្សា​គ្នា ដើម្បី​ក្លាយ​ជា​សមាជិក​បង្កើត​ការ​ប្រកួត​ប្រជែង​ថ្មី ដែល​ឱ្យ​ឈ្មោះ​ថា «European Premier League» ដោយ​កាល​បរិច្ឆេទ​កំណត់​បណ្ដោះ​អាសន្ន គឺ​ក្នុង​ឆ្នាំ ​២០២២​។

សេចក្ដី​រាយ​ការណ៍​នោះ បន្ត​ថា​ ហិរញ្ញធិការី (អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ) កំពុង​ស្វែង​រក​កញ្ចប់​ទឹក​ប្រាក់​ឧបត្ថម្ភ ៦ ​ពាន់​លាន​ដុល្លារ ដើម្បី​ចាប់​ផ្ដើម​ដំណើរការ​​កម្មវិធី​ប្រកួត​ប្រជែង​ថ្មីនេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា FIFA កំពុង​សិក្សា​លើ​រូប​មន្ត​ថ្មី​មួយ ដែល​រំពឹង​ថា នឹង​មាន​ក្រុម​ចំនួន ១៨ ធ្វើ​ការ​ប្រកួត​គ្នា ក្នុង​រដូវកាល​ធម្មតា​របស់​អឺរ៉ុប មុន​នឹង​ឡើង​ដល់​វគ្គ​​ប្រកួត​កាត់​ក្ដី ឬ​ចាញ់​ធ្លាក់ តែ​ទាំង FIFA និង​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប (UEFA) មិន​ធ្វើ​សេចក្ដី​អធិប្បាយ​អ្វី​ទាំង​អស់​ចំពោះ​ប្រធានបទ​នេះ​។

អ្នក​នាំពាក្យ ១ រូប​របស់ FIFA បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីមែល​ថា​៖ «​FIFA គ្មាន​បំណង​ធ្វើ​ការ​ពន្យល់ និង​ពាក់ព័ន្ធ​រាល់​ពាក្យ​ចចាម​អារ៉ាម​ចំពោះ​ប្រធានបទ ដែល​យូរៗ​លេច​ឮ​ម្ដង​នេះ ព្រោះ​​​គម្រោង​ផ្លូវ​ការ និង​ក្របខ័ណ្ឌ​គតិយុត្តិ​ផ្សេងៗ ​ដែល​មាន​កំពុង​ដំណើរ​ការ​យ៉ាង​ល្អ ទាំង​កម្រិត​ជាតិ អឺរ៉ុប និង​ពិភព​លោក​»​។​​

UEFA ដែល​រៀបចំ​​ការ​ប្រកួត Champions League មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​នោះ​ឡើយ តែ​ប្រធាន​សហព័ន្ធ លោក Aleksander Ceferin បាន​សម្ដែង​ការ​ជំទាស់​មក​ជាយូរ​ហើយ​ចំពោះ​គំនិត​ ដែល​ចង់​បង្កើត​ក្របខ័ណ្ឌ​មិន​ពាក់ព័ន្ធ​នឹង​អឺរ៉ុប​៕ AFP/VN