ក្រុង​ញូវយ៉ក: ការ​ប្រកួត​វាយ​កូន​បាល់​ (តេន្នីស) កម្មវិធី US Open នៅសហរដ្ឋ​អាមេរិកនឹង​ដំណើរ​ការ​ទៅ​ដូច​ការ​គ្រោង​ទុក ដោយ​រង់​ចាំ​តែ​ការ​អនុម័ត​របស់​រដ្ឋា​ភិបាល​ជា​​ផ្លូវ​ការ​ប៉ុណ្ណោះ។ នេះ​បើ​តាម​សេក្ដី​រាយការណ៍​របស់​កាសែត​ New York Times កាល​ពី​ថ្ងៃ​ចន្ទ​។

កាសែត​ខាង​លើ​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​កីឡាតេន្នីស ៤ រូប ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ប្រាប់​ថា ព្រឹត្តិការណ៍ដណ្ដើម​ពាន Grand Slam នេះ នឹង​កើត​មាន​ជា​ធម្មតា តាម​គម្រោង នៅ​ចុង​ខែ​សីហា និង​ដើម​ខែកញ្ញា។ ស្ថាន​ភាពជុំ​វិញ​​ការ​ប្រកួត ត្រូវ​ស្ថិត​ក្នុងភាព​មិនច្បាស់​លាស់​អស់​ជា​ច្រើន​សប្ដាហ៍ ដោយសារ​ក្រុង​ញូវយ៉ក កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​វីរុស​កូរ៉ណា​ ខណៈ​កីឡាករ​ឆ្នើម​ៗ​មួយ​ចំនួន បាន​សម្ដែង​ភាព​មិន​ប្រាកដប្រជា​ចំពោះ​ការ​លេង​ក្នុង​កម្មវិធី​នេះ​។

សេចក្ដី​រាយ​ការណ៍​របស់​កាសែត​ដដែល​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍នេះ នឹង​ត្រូវ​ប្រារព្ធ​ឡើង ដោយ​ឥត​មាន​អ្នក​គាំ​ទ្រ នៅ​ឯ​ទីលាន​ នា​មជ្ឈមណ្ឌល​ Flushing Meadows ពី​ថ្ងៃ​ទី​ ៣១ ខែ​ សីហា ដល់​ថ្ងៃ​ទី​ ១៣ ខែ​ កញ្ញា ក្រោយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ខាង​សហ​ព័ន្ធ​តេន្នីស​អាជីព (ATP) និងសហព័ន្ធ​តេន្នីស​នារី (WTA) ហើយ​ជាមួយ​គ្នា​នេះ សហព័ន្ធ​តេន្នីស​អាមេរិក (USTA) អាច​នឹង​ប្រកាស​ពី​ការ​សម្រេច នៅចុង​សប្ដាហ៍​នេះ​។

ក្រោម​គោល​ការណ៍​សុវត្ថិភាព​ដែល​ដាក់ចេញកីឡាករ​ក្នុង​កម្មវិធី US Open ទាំងអស់ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ឯ​សណ្ឋាគារ​មួយ ក្រៅ​តំបន់ Manhattan ហើយ​នឹង​អនុញ្ញាតិ​ឲ្យ​យក​សមាជិក​តែ​ម្នាក់​គត់សម្រាប់​ជួយ​ខ្លួន​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ការ​ប្រកួត​វគ្គ​ជម្រុះ​ប្រភេទទោល នឹង​ត្រូវ​មាន​តិច​ជាង​មុន ខណៈ​ប្រភេទ​គូ នឹង​ត្រូវ​កាត់បន្ថយ​ពី​ ៦៤​ មក​ត្រឹម ២៤​ គូ​។

ប្រធាន​ទំនាក់​ទំនង​កីឡាករ​របស់​ USTA លោក Eric Butorac បាន​ប្រាប់កីឡាការ​របស់ ATP និង WTA អំឡុង​ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​ កាល​ពី​សប្ដាហ៍​មុន​ថា​៖ «​នេះ​ជា​ពិភពលោក​ ដែល​យើង​រស់​នៅ​។ យើង​ជឿ​ថា នេះ​ជា​ផែន​ការ​ដ៏​ល្អ​មួយ និង​ជឿ​ថា វា​ល្អ​សម្រាប់​សិស័យ​កីឡា​នេះ។ វា​ប្រសើរ​ចំពោះ​សេដ្ឋកិច្ច​កីឡាតេន្នីស ដោយ​បង្កើត​​ការ​ងារ​សម្រាប់​អ្នក​ទាំងអស់​គ្នា គ្រូបង្វឹក អ្នក​អត្ថាធិប្បាយ ព្រម​ទាំង​សម្រាប់​មនុស្ស​ជាច្រើន​ទៀត​»​៕ AFP/VN