ក្រុង​ម៉ា្រឌីដ៖ ក្លិប Valencia បាន​ប្រកាស​​បណ្ដេញ​គ្រូ​បង្វឹក​លោក Marcelino ពី​ថ្ងៃ​ពុធ ​គឺ​មិន​ដល់​ ​១ ​សប្ដាហ៍​​មុន​ពេល​​ពួក​គេ​នឹង​​បើក​ការ​ប្រកួត​ក្របខ័ណ្ឌ​ Champions League ប្រកួត​ជាមួយ​ក្រុម Chelsea។​​

ក្រោយ​ពី​បណ្ដេញ​គ្រូ​បង្វឹក​ដោយ​ជោគជ័យ​ហើយ ក្រុម Valencia បាន​តែងតាំង​អតីត​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​ក្លិប​ Real Madrid គឺ​លោក Albert Celades ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​។​

គ្រូ​បង្វឹក​អាយុ ​៥៤ ឆ្នាំ ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​នេះ​បាន​ចូលរួម​នឹង​ក្លិប​នេះ​នៅ​ឆ្នាំ ​២០១៧ ​ដែល​ពេល​នោះ​ក្លិប Valencia បាន​ប្រឹងប្រែង​ឡើង​ឲ្យ​ផុត​ពី​ចំណាត់​ថ្នាក់​ទី ​១២ ​នៅ​ក្នុង​ក្របខ័ណ្ឌ​អេស្ប៉ាញ​ La Liga។​

ប៉ុន្តែ​​ក្នុង​រយៈពេល​ ​២ ​រដូវកាល​​ពេញ​របស់​គាត់​ក្នុង​គ្រា​លំបាក​នោះ​ គ្រូ​បង្វឹក​រូប​នេះ​បាន​ដឹកនាំ​ក្លិប​ Valencia ឡើង​ដល់​ចំណុច​ទី ​៤​ និង​មាន​ឱកាស​បាន​​លេង​នៅ​​ក្របខ័ណ្ឌ Champions League ហើយ​ក្នុង​រដូវកាល​ចុង​ក្រោយ​របស់​គាត់​ គឺ​គាត់​បាន​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន​ Copa Del Rey ដែល​ជា​ពាន​រង្វាន់​សំខាន់​លើក​ដំបូង​របស់​ក្លិប​នេះ​ក្នុង​រយៈពេល ​១១ ​ឆ្នាំ​។​

ក្លិប​ Valencia បាន​និយាយ​​ថា៖ «​ក្លិប​ Valencia CF កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រាប់​លោក Marcelino Garcia Toral ថា គាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​ជា​គ្រូ​បង្វឹក​នៃ​ក្រុម​ដំបូង​ហើយ​»។​

ក្លិប​ដដែល​នេះ​បាន​បន្ថែម​​ថា៖ «​ក្លិប​នេះ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ស្នាដៃ ​និង​ការ​លះបង់​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​អ្នក​ជាមួយ​ក្លិប​នេះ​ ហើយ​សូម​ជូនពរ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពេល​​អនាគត»។​​

លោក Marcelino គឺ​ជា​គ្រូ​បង្វឹក​លើក​ទី ​១ ​​​ដែល​ត្រូវ​បាន​បណ្ដេញ​​ចេញ​ពី​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​នៅ​រដូវកាល​នេះ​។​

ក្រុម Valencia បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រកួត​ក្របខ័ណ្ឌ La Liga របស់​ខ្លួន​យ៉ាង​​យឺតយ៉ាវ​​​ដោយសារ​ពួក​គេ​បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម Real Sociedad ​ក្នុង​ទឹក​ដី​ខ្លួន​ឯង និង​ចាញ់​ក្រុម Celta Vigo ប៉ុន្តែ​បាន​ល្អ​ប្រសើរ​វិញ ​ក្រោយ​ពី​បាន​ឈ្នះ​ក្រុម Real Mallorca ២-០ មុន​ពេល​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​។​​ ​

គ្រូ​បង្វឹក​ថ្មី​លោក Celades អាយុ ​៤៣ ​ឆ្នាំ​បាន​ចុះ​កុងត្រា​រហូត​ដល់​ចុង​ខែ​មិថុនា ​ឆ្នាំ ២០២១​ ហើយ​ក្លិប Valencia បាន​បញ្ជាក់​​​ថា គ្រូ​បង្វឹក​រូប​នេះ​បាន​​ចាប់​ផ្ដើម​ធ្វើ​ការ​​បង្វឹក​កីឡាករ​​ជា​លើក​ដំបូង​របស់​គាត់​កាល​ពី​ថ្ងៃ​​ពុធ​។​​

ក្រុម​ថ្មី​របស់​លោក Celades នឹង​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន​ Stamford Bridge របស់​ក្លិប Chelsea នៅ​ថ្ងៃ​អង្គារ​ដើម្បី​​ប្រកួត​បើក​ឆាក​ក្នុង​ពូល​ H នៃ​​ក្របខ័ណ្ឌ​ Champions League ក្រោយ​ពី​ប្រឈម​នឹង​ម្ចាស់​ជើង​ឯក La Liga នៅ​ថ្ងៃ​សៅរ៍​ហើយ​៕ AFP/SN​