ទីក្រុងម៉ា្រឌីដ៖ លោក Ernesto Valverde ជាគ្រូបង្វឹកក្លិប Barcelona បានដឹងខ្លួនថា គាត់កំពុងតែរងសម្ពាធ កាន់តែខ្លាំងឡើងៗក្រោយពីក្លិប Barcelona បានចាញ់ក្រុម Levante ៣-១ ប៉ុន្តែគាត់កំពុងព្យាយាមរក្សាភាពអត់ធ្មត់ ខណៈពួកគេមានបំណងនាំយកជ័យជម្នះត្រឡប់មកវិញនៅពេលប្រកួតនឹងក្រុម Sparta Prague។
វាមិនមែនជាលើកទី ១ ទេនៅក្រោមការដឹកនាំរបស់លោក Valverde ដែលក្លិប Barcelona បានធ្វើឲ្យរបូតគ្រាប់បាល់ ៣ លើក ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍នៅក្នុងរយៈពេល ៧ នាទីដំបូងនៅតង់ទី ២ ដែលធ្វើឲ្យពួកគេចាញ់ក្រុម Levante ៣-១ នៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ LaLiga។
ខណៈលទ្ធផលផ្សេងទៀតបានធ្វើឲ្យក្លិប Barcelona បន្តឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌនេះ លក្ខណៈនៃការចាញ់នេះបានចោទជាសំណួរជាច្រើនជុំវិញអនាគតរបស់គ្រូបង្វឹករូបនេះ។
លោក Valverde បាននិយាយក្រោយពីការប្រកួតនោះថា គាត់គ្មានបំណងនឹងចុះចេញពីតំណែងនោះទេ ហើយគាត់បាននិយាយកាលពីថ្ងៃចន្ទថា អតីតគ្រូបង្វឹកនៅក្លិប Athletic Bilbao រូបនេះបានប្រកាសថា គាត់មានបំណង «រក្សាតុល្យភាព» នៅក្នុងការងាររបស់គាត់ បើទោះជាមានការព្រួយបារម្ភក្រោយពីមានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលបែបនេះក៏ដោយ។
លោក Valverde បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅមុនពេលមានការប្រកួតរបស់ក្លិប Barcelona នៅសប្តាហ៍នេះក្នុងក្របខ័ណ្ឌ Champions League ថា៖ «វាច្បាស់ណាស់ថា នៅពេលអ្នកចាញ់ អ្នកនឹងមានភាពតានតឹងក្នុងអារម្មណ៍កាន់តែខ្លាំង»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងដឹងពីអត្ថន័យនៃការចាញ់ គឺវាតែងតែមានសម្ពាធខ្លាំងអ៊ីចឹងហើយព្រោះយើងបានដឹងថា វាគឺបែបនេះឯង ហើយវាមិនអីទេពីព្រោះវាកាន់តែជួយឱ្យយើងប្រឹងប្រែងលេងឲ្យបានល្អថែមទៀត»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំដឹងថា ទំនោរទូទៅគឺត្រូវឈរនៅលើកំពូលតារាង បើសិនជាយើងធ្វើបានល្អ បើមិនដូច្នោះទេយើងនឹងធ្លាក់ចុះ បើសិនយើងចាញ់។ ខ្ញុំព្យាយាមរក្សាតុល្យភាព»។
លោក Valverde បានបន្តទៀតថា៖ «នៅពេលយើងចាញ់ការប្រកួត ខ្ញុំព្យាយាមរកមូលហេតុបាល់ទាត់។ នៅដើមរដូវកាលនេះ យើងលេងមិនបានល្អទេជាពិសេសការប្រកួតនៅក្រៅទឹកដីតែម្ដង បន្ទាប់មកយើងមានលទ្ធផលឈ្នះ ៣ ប្រកួត»៕ AFP/SN