ក្រុងឡុងដ៍៖ ៣ គ្រាប់ របស់ខ្សែប្រយុទ្ធ Jamie Vardy ហាក់បីដូចជាមកបំផ្លាញក្ដីសង្ឃឹមរបស់ក្រុម Manchester City ក្នុងការត្រឡប់មកប្រជែងពានក្របខ័ណ្ឌ Premier League ខណៈក្រុមម្ចាស់ផ្ទះ បណ្ដោយឱ្យមានបាល់ប៉េណាល់ទីដល់ទៅ ៣ គ្រាប់ ក្នុងចំណោមលទ្ធផល ៥-២ ដែលចាញ់ក្រុម Leicester City កាលពីថ្ងៃអាទិត្យ។
Man City អវត្តមានកីឡាករសំខាន់ៗជម្រើសដំបូងមួយចំនួន ដោយសារមានរបួស និងឆ្លងវីរុសកូរ៉ូណា ហើយកង្វះខាតតំបន់ការពារ ដែលធ្វើឱ្យបាត់ពានរដូវកាលមុន ឥឡូវនេះត្រូវទទួលមេរៀនជាថ្មីម្ដងទៀតជាមួយនឹងល្បឿន និងភាពវៃឆ្លាតនៃការបញ្ចប់ទីរបស់កីឡាករ Vardy ខណៈលោក Pep Guardiola របូត ៥ គ្រាប់ជាលើកដំបូង ក្នុងអាជីពជាគ្រូបង្វឹករបស់ខ្លួន។
ក្រុម Leicester ហក់ឡើងទៅទីកំពូលនៃតារាងលីក តែត្រូវតាមពីក្រោយក្រុមម្ចាស់់ផ្ទះសិន មុននឹងអាចបន្តនូវការចាប់ផ្ដើមដ៏ឥតខ្ចោះរបស់ខ្លួនរដូវកាលនេះ ដោយសារខ្សែបម្រើប្រយុទ្ធ Riyad Mahrez ស៊ុតបញ្ចូលទីក្រុមចាស់យ៉ាងស្អាតនៅនាទីទី៤ ជួយឱ្យក្រុម Man City បើកការនាំមុខ។
តែ ៣ គ្រាប់ របស់ Vardy ក្នុងនោះមានប៉េណាល់ទី ២ គ្រាប់ផងដែរ និង ១ គ្រាប់ របស់កីឡាករបម្រុង James Maddison ព្រមទាំង ១ គ្រាប់របស់ខ្សែបម្រើ Your Tielemans ដែលបានដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ លើកទី៣ របស់ក្រុមជួយឱ្យក្រុមរបស់លោក Brendan Rodgers មាន ៩ ពិន្ទុពេញ ក្នុងចំណោម ៣ ប្រកួតដំបូងរបស់ខ្លួន ខណៈក្រុមម្ចាស់ផ្ទះមិនធ្លាប់ត្រូវគេស៊ុតដល់ទៅ ៥ គ្រាប់ឡើយ ក្នុងផ្ទះខ្លួនឯងគិតតាំងពីចាញ់ក្រុម Arsenal ៥-១ កាលពីឆ្នាំ ២០០៣។
ក្រោយរងបរាជ័យនេះ លោក Pep និយាយថា៖ «បញ្ហានៅត្រង់ថា ពួកយើងដាក់សម្ពាធឱ្យខ្លួនឯងពេក ដោយចង់ស៊ុតបញ្ចូលទីឱ្យបានគ្រាប់ទី២ និងទី៣។ យើងគួរអត់ធ្មត់ជាងនេះ ព្រោះពួកយើងអត់មានកីឡាករប្រយុទ្ធក្នុងប្រអប់ដូចយើងចង់បានឡើយ។ ខ្ញុំមិនចុះចាញ់ទេ ហើយខ្ញុំនឹងព្យាយាមរកដំណោះស្រាយឱ្យបាន»។
ពេលនេះ ក្រុមមេឃខៀវត្រូវបានគេរាយការណ៍ថា ជិតទិញបានខ្សែការពារកណ្ដាល Ruben Dias ពីក្រុមនៅព័រទុយហ្គាល់ Benfica ខណៈតម្រូវការចាំបាច់តំបន់ការពារ គឺពិតណាស់ជាកត្តាចម្បង ព្រោះ Vardy បានធ្វើបង្ហាញឱ្យឃើញថា ការចាប់ដៃគូរវាង Eric Garcia និង Nathan Ake មិនរឹងមាំឡើយ។
Vardy ប្រាប់ត្រួសៗក្រោយការប្រកួតបញ្ចប់ថា៖ «យើងត្រូវធ្វើឱ្យពួកគេចលាចល ដើម្បីឱ្យវាក្លាយជាការគាបសង្កត់មួយ។ យើងដឹងច្បាស់ ប្រសិនបើយើងធ្វើតាមគម្រោង នោះយើងនឹងមានឱកាសខ្លះមិនខាន ហើយទីបំផុតយើងធ្វើបានសម្រេច»។
សម្រាប់គូប្រកួតផ្សេងទៀត នៅថ្ងៃជាមួយគ្នានេះ ឃើញថាក្រុម Tottenham Hotspur មានការសោកស្ដាយយ៉ាងខ្លាំង ដែលភ្លាត់បាត់ ២ ពិន្ទុ ក្រោយត្រូវក្រុមភ្ញៀវ Newcastle United តាមស្មើ ១-១ នៅចុងម៉ោង ដោយសារបាល់ពិន័យ ១១ ម៉ែត្រ។ ក្រុម Burnley ចាញ់ក្រុម Southampton ១-០ នៅផ្ទះខ្លួនឯង ខណៈក្រុមចំណូលថ្មី Leeds United ឈ្នះក្រុមម្ចាស់ផ្ទះ Sheffield United ១-០។
ក្រុម West Ham ក៏នៅតែឈ្នះ ជាមួយនឹងការបំបាក់ក្រុមភ្ញៀវ Wolves ដល់ទៅ ៤-០ បើទោះបីអត់មានគ្រូបង្វឹក លោក David Moyes ឈរបញ្ជា ដោយសារឆ្លងជំងឺកូវីដ ១៩ ក៏ដោយ៕ AFP/VN