ក្រុង​សៅ​ប៉ូ​ឡូ: កីឡាករ​ប្រណាំង​រថយន្ត​សញ្ជាតិ​ហូ​ឡង់ Max Verstappen ត្រូវ​បាន​ចោទ​ប្រកាន់​ព្យាយាម​ដាល់​ទៅ​លើ គូ​ប្រជែង​សញ្ជាតិ​បារាំង​របស់​គេ​គឺ​កីឡាករ Esteban Ocon ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ចម្រូង​ចម្រាស ក្នុង​ព្រឹត្តិការណ៍ Brazilian Grand Prix កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ម្ចាស់​ជើង​ឯក​ពិភពលោក ៥ សម័យ​កាល Lewis Hamilton បាន​ឈ្នះ​ការ​ប្រណាំង​នេះ។

តារា​ឆ្នើម Verstappen របស់​ក្រុម Red Bull ត្រូវបាន​គេ​ឃើញ​នៅលើ​កញ្ចក់​ទូរទស្សន៍​ថា បាន​រុញ​ទៅ​លើ​កីឡាករ Ocon របស់​ក្រុម Force India ៣ លើក និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​គំរាម​វាយ​ទៅ​លើ Ocon ក្រោយ​ពី​កីឡាករ​ទាំង ២ បាន​ប៉ះ​ទង្គិច​គ្នា​នៅ​លើ​ទីលាន។ ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ជុំ​ទី ៤៤ ក្នុង​ចំណោម​ការ​ប្រណាំង​ទាំង ៧២ ជុំ នៅ​លើ​ទីលាន​ផ្លូវ​ខ្វាត់​ខ្វែង Interlagos បាន​ធ្វើ​ឲ្យ Verstappen ចាញ់​ក្នុង​ការ​ប្រណាំង ហើយ​រូបគេ​ត្រូវ​តែ​ទទួល​យក​ការ​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ២។

កីឡាករ​សញ្ជាតិ​ហូ​ឡង់​វ័យ ២១ ឆ្នាំ​រូបនេះ បានបញ្ជាក់ កាលពីមុន​ថា រូបគេ​មិនបាន​ជួប​កីឡាករ Ocon នៅ​កន្លែង​ចត​រថយន្ត​ឡើយ ក្រោយ​ពី​ការ​ប្រណាំង​នេះ ប៉ុន្តែ​មិន​បាន​ព្យាយាម​គេច​ពី​រូបគេ​ឡើយ ក្នុង​បន្ទប់​ថ្លឹង​ទម្ងន់​របស់​អ្នក​បើកបរ ដែល​ជា​កន្លែង Verstappen បាន​ដើរ​សំដៅ​ទៅ​កាន់ Ocon។ Ocon បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​ស្ថិត​ក្នុង​បន្ទប់​ថ្លឹង​ទម្ងន់។ រូបគេ​ចង់​ដាល់​ខ្ញុំ។ គេ​បាន​រុញ​ខ្ញុំ ហើយ​រូបគេ​ចង់​បង្ក​អំពើ​ហិង្សា។ វា​មិន​មែន​ជា​ទង្វើ​របស់​កីឡាករ​អាជីព​ឡើយ»។

Ocon បាន​បញ្ជាក់ថា ការប្រជែង​របស់គេ​ជាមួយនឹង Verstappen កើត​ឡើងជា​យូរ​មក​ហើយ និង​បាន​និយាយ​ថា កីឡាករ​រូប​នេះ «នៅ​តែ​រក្សា​អាកប្បកិរិយា​ដដែល»។

Ocon បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំ​បាន​ដេញតាម​ពីក្រោយ Max ២ ជុំ។ នៅ​ជុំ​ទី ១ ខ្ញុំ​មាន​ល្បឿន​លឿន​ជាង ហើយ​នៅ​ជុំ​ទី ២ ខ្ញុំ​កាន់​តែ​មាន​ល្បឿន​លឿន​ជាង​មុន។ លក្ខខណ្ឌ​ច្បាប់​បង្ហាញ​ថា អ្នក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ប្រជែង​បាន។ ខ្ញុំ​ស៊ាំ​ទៅ​នឹង​ការ​ប្រជែង​ជាមួយ​នឹង Max។ រូបគេ​តែង​តែ​ស្ថិត​ក្នុង​ឥរិយាបថ​ដូច​គ្នា។ វា​កើត​ឡើង ៣ ទៅ ៤ ឆ្នាំ​មក​ហើយ»។

Ocon ត្រូវបាន​ដាក់ពិន័យ​ឲ្យ​ឈប់​រយៈពេល ១០ វិនាទី សម្រាប់​ការបង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​នេះ។ ម្ចាស់​ជើង​ឯក​ពិភពលោក ៥ សម័យ​កាល Hamilton បាន​បើកបរ​ឲ្យ​ក្រុម Mercedes របស់​គេ​ឈ្នះ​ការ​ប្រណាំង Brazilian Grand Prix ខណៈ​ដែល​ជ័យ​ជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុម​របស់​គេ​ឈ្នះ​ពាន​រង្វាន់​ពិភពលោក​ផ្នែក​ផលិត សម្រាប់​រដូវកាល​ទី ៥ ជាប់ៗ​គ្នា។

កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ ៣៣ ឆ្នាំ​រូបនេះ បាន​ដណ្តើមយក​ប្រៀប​ទៅលើ​ការ​ប៉ះទង្គិច​គ្នា ដែល​នាំ​ឲ្យ Verstappen បាត់បង់​ការ​នាំ​មុខ នៅ​ជិត​បញ្ចប់​ការ​ប្រកួត ដើម្បី​បង្ខំ​ឲ្យ​កីឡាករ​នៃ​ក្រុម Red Bull បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ២។

Kimi Raikkonen បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៣ ក្នុងការ​ប្រណាំង​ជា​លើក​ទី ១៥០ របស់គេ​សម្រាប់​ក្រុម Ferrari ដោយ​នាំមុខ​លើ​កីឡាករ Daniel Ricciardo របស់​ក្រុម Red Bull កីឡាករ Valtteri Bottas របស់ Mercedes និង Sebastian Vettel របស់​ក្រុម Ferrari៕