ក្រុងម៉ុនមែឡូ: Sebastian Vettel បាននិយាយកាលពីថ្ងៃអង្គារថា រូបគេគិតថា កីឡាករ Charles Leclerc ដែលជាមិត្តរួមក្រុមថ្មីនៃក្រុម Ferrari របស់គេ «គឺជាគូប្រជែងដ៏ធំមួយ» ខណៈដែលកីឡាករប្រណាំងរថយន្តសញ្ជាតិអាល្លឺម៉ង់រូបនេះត្រៀមសម្រាប់ការដណ្តើមយកពានពិភពលោករបស់ Formula One ជាលើកទី ៥។
កីឡាករ Leclerc របស់ម៉ូណាកូបានក្លាយជាអ្នកបើកបរមានល្បឿនលឿនជាងគេបំផុតនៅថ្ងៃទី ២ នៃការសាកល្បងមុនបើករដូវកាលក្នុងទីក្រុង Barcelona តាមរយៈការនាំមុខ ០,១ វិនាទីលើថិរវេលានាំមុខរបស់ Vettel ក្នុងរយៈពេល ២៤ ម៉ោងមុននេះ។
Vettel នឹងឈានទៅប្រកួតក្នុងរដូវកាលទី ៥ របស់គេជាមួយនឹងក្រុម Ferrari ចាប់តាំងពីចាកចេញពីក្រុម Red Bull កាលពីឆ្នាំ ២០១៤ ក្រោយពីបានបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ពីក្រោយកីឡាករ Lewis Hamilton ក្នុងរយៈពេលទាំង ២ ឆ្នាំចុងក្រោយនេះ។
Leclerc វ័យ ២១ ឆ្នាំបានចូលជំនួសកន្លែងរបស់កីឡាករ Kimi Raikkonen ក្នុងក្រុមផ្នែកផលិតរថយន្តរបស់អ៊ីតាលីមួយនេះក្រោយពីរកបាន ១០ ពិន្ទុក្នុងរដូវកាលទី ១ របស់គេជាមួយនឹងក្រុម Sauber។ Vettel បានឲ្យដឹងថា៖ «ពិតណាស់ Leclerc គឺជាគូប្រជែងដ៏ខ្លាំងម្នាក់។ ខ្ញុំគិតថារូបគេកំពុងតែស្ថិតក្នុងទីតាំងនោះ ហើយខ្ញុំត្រូវតែចាត់ទុករូបគេជាគូប្រកួតម្នាក់។ ប៉ុន្តែខ្ញុំគិតថា យើងតែងតែមានការប្រជែងយ៉ាងប្រកៀកប្រកិតជាមួយនឹងមិត្តរួមក្រុមរបស់យើង ហើយគោលដៅទី ១ ជាអាទិភាពគឺការជួយឲ្យក្រុមធ្វើដំណើរឆ្ពោះទៅមុខ»។
អតីតម្ចាស់ជើងឯកពិភពលោករូបនេះបានប្រាប់បន្តថា៖ «ខ្ញុំមានបទពិសោធក្នុងការប្រណាំងរយៈពេលយូរជាងបើធៀបទៅនឹងរូបគេ ហេតុនេះវាគឺជារឿងលំបាក ប្រសិនបើរូបគេធ្វើបានល្អនៅថ្ងៃចាប់ផ្តើម។ ខ្ញុំជឿជាក់ថាគេនឹងមានល្បឿនលឿនគ្រប់គ្រាន់ និងធ្វើឲ្យខ្ញុំស្ថិតក្រោមសម្ពាធ ហេតុនេះយើងនឹងរង់ចាំមើល»។
Vettel បានចាប់ផ្តើមយ៉ាងល្អក្នុងយុទ្ធនាការឆ្នាំ ២០១៨ របស់គេនៅមុនពេលការប្រព្រឹត្តកំហុសដោយខ្លួនឯង និងក្រុមបច្ចេកទេសបានធ្វើឲ្យរូបគេចាញ់ក្នុងការប្រណាំងជាមួយនឹងកីឡាករ Hamilton របស់ក្រុម Mercedes ដែលបានក្លាយជាម្ចាស់ជើងឯកពិភពលោក ៥ សម័យកាលតាមរយៈការនាំមុខ ៨៨ ពិន្ទុ។ ប៉ុន្តែរូបគេនៅតែមានការជឿជាក់ថាក្រុម Ferrari អាចឈ្នះពានផ្នែកបើកបរជាលើកទី ១ របស់ពួកគេ បើគិតចាប់ពីការទទួលជ័យជម្នះរបស់កីឡាករ Raikkonen កាលពីឆ្នាំ ២០០៧។
Vettel វ័យ ៣១ ឆ្នាំដែលបានឈ្នះពានជើងឯកពិភពលោក ៤ ឆ្នាំជាប់ៗគ្នាជាមួយនឹងក្រុម Red Bull ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ នោះបានបន្ថែមថា៖ «ពិតណាស់ យើងគួរតែធ្វើឲ្យបានល្អប្រសើរ ហើយយើងបានខិតកាន់តែឆ្ងាយក្នុងរយៈពេលជាច្រើនឆ្នាំនេះ។ ប៉ុន្តែសរុបមកក្រុមនេះកំពុងតែអភិវឌ្ឍ»៕ IS