ភ្នំពេញ៖ ​ពិធីកា​រិនីកីឡា​វ័យ​ក្មេង ​ VicKy​ ដែល​បាន​ចាប់​ផ្តើម​ជាមួយ​ការ​សុំ​គេ​ធ្វើ​ជា​អ្នក​​អត្ថាធិប្បាយ​​បាល់​ទាត់​ដោយ​មិន​យក​ប្រាក់​នោះ ​បាន​និង​កំពុង​​វិវឌ្ឍ​ខ្លួន​ទៅ​​​ជា ​MC ដ៏​មាន​ការ​ទាក់ទាញ​​ក្នុង​កម្មវិធី​ប្រដាល់​ Mas Fight Cambodia ​​នៅ​សង្វៀន​ថោន រៀងរាល់​យប់​​ថ្ងៃ​អាទិត្យ​ ខណៈ​កម្មវិធី​ដ៏​កក្រើក​នេះ​ កញ្ញា​និយាយ​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ​ ដោយ​បក​ផ្ទាល់​មាត់​​ចេញ​ពី​ពិធីករ​ម្នាក់​ទៀត​ភ្លាមៗ​តែ​ម្តង​។

កញ្ញា VicKy​ ដែល​​​មាន​ឈ្មោះ​ពិត​ថា​ ​លី គឹមហួង​ គឺ​ជា​កូន​ស្រី​ច្បង ​ដែល​​ទើប​តែ​ឈាន​ជើង​ចូល​ក្នុង​វិថី​ជា​ពិធីការិនី​​ផ្នែក​កីឡា​ ទាំង​ក្នុង​វ័យ​កំពុង​សិក្សា​ ប៉ុន្តែ​នាង​អះអាង​ថា ជា​ចំណង់​ចំណូល​ចិត្ត ​បន្ទាប់​ពី​បាន​លះ​បង់​ធ្វើ​​ជា​អ្នក​អត្ថាធិប្បាយ​កីឡា​​​ស្ម័គ្រ​ចិត្ត​តាំង​ពី​ឆ្នាំ ​២០១៦​ ក្នុង​វ័យ ​១៥ ​ឆ្នាំ​មក​ម្ល៉េះ​។​

ពិធីការិនី​វ័យ ​១៩ ​ឆ្នាំ​រូប​នេះ ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ចំណង់​ចំណូល​ចិត្ត​ផ្នែក​កីឡា​តាំង​ពី​កុមារភាព ​​គឺ​ឲ្យ​តែ​មាន​ការ​ប្រកួត​បាល់ទាត់ ​ឬ​កីឡា​ផ្សេងៗ​ ខ្ញុំ​តែង​តែ​ទៅ​ចូល​មើល​ជានិច្ច ​និង​ចង់​ក្លាយ​ជា​អ្នក​និយាយ​កីឡា ​ក្នុង​ពេល​ប្រកួត​ម្តងៗ។ ​នៅ​ឆ្នាំ ​២០១៦​ ខ្ញុំ​បាន​ដាច់​ចិត្ត​សុំ​គេ​និយាយ​ជា​អ្នក​អត្ថាធិប្បាយ​ក្នុង​ពេល​​គេ​ប្រកួត​បាល់​ទាត់​ នៅ​ទីលាន​ភ្នំពេញ​ក្រោន​ ហើយ​គេ​ថា ​ឲ្យ​ខ្ញុំ​ខិតខំ​រៀន​សិន​ទៅ​»។​

លី គឹមហួង បន្ត​ថា៖ ​«ទោះ​យ៉ាង​ណា ​ខ្ញុំ​មិន​បាន​បោះបង់​ចោល​នោះ​ទេ គឺ​​ខ្ញុំ​នៅ​តែ​ព្យាយាម​​​សុំ​គេ​ចូល​អត្ថាធិប្បាយ​ជា​ញឹកញយ​ ​រហូត​​គេ​​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ក្នុង​នាម​​ជា​អ្នក​ហាត់​និយាយ​ដោយ​ស្ម័គ្រ​ចិត្ត ​គ្មាន​ប្រាក់​កម្រៃ ឬ​រង្វាន់​អ្វី​ឡើយ​ ប៉ុន្តែ​​ដោយសារ​ខ្ញុំ​មាន​និស្ស័យ​ពី​ធម្មជាតិ​ផង​ និង​ការ​ព្យាយាម​​ផង ​គួប​ផ្សំ​ខ្ញុំ​រៀន​ភាសា​អង់គ្លេស​តាំង​ពី​ក្មេង​ផង​នោះ​ នៅ​ក្នុង​កម្មវិធី​បាល់ទាត់​មួយ​ចំនួន ​តែង​មាន​វត្តមាន​ខ្ញុំ​ជា​អ្នក​និយាយ​រហូត»។

ជា​កូន​អ្នក​រក​ស៊ី​ធម្មតា ​(លក់​ផ្លែ​ឈើ) ​នៅ​ភូមិ​មាន់​ដប់​លើ ​ឃុំ​មាន​ជ័យ ​ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម លី គឹមហួង ​គឺ​ជា​កូន​ច្បង ​ដែល​បាន​ប្រឡង​​ជាប់​សញ្ញាបត្រ​បាក់ឌុប​ ក្នុង​ឆ្នាំ​សិក្សា ​២០១៧-​២០១៨​ ហើយ​បច្ចុប្បន្ន​ កញ្ញា​ជា​និស្សិត​រៀន​នៅ​សាកល​វិទ្យាល័យ​ប៊ែលធី ​ផ្នែក​ភាសា​អង់គ្លេស​។

កញ្ញា​ដ៏​ស្រស់​សោភា ​ VicKy ​បាន​បន្ថែម​ថា៖ ​«ក្រោយ​មក​ខ្ញុំ​បាន​ស្គាល់​អ្នក​និយាយ​កីឡា​ជើង​ចាស់ គឺ​អ៊ំស្រី ​ប្រាក់​ សម្ផស្ស​ ​ហើយ​តាំង​ពី​ពេល​​នោះ​មក នាង​ខ្ញុំ​ចាប់​មាន​ឈ្មោះ​ល្បី​ ដោយ​មាន​គេ​ស្គាល់​គួរ​សម​ តាមរយៈ​ការ​និយាយ​អត្ថាធិប្បាយ​បក​ប្រែ​ពី​ពិធីករ​រៀម​ច្បង​យើង ដែល​គាត់​​និយាយ​ជា​ខ្មែរ ​ហើយ​ខ្ញុំ​បក​ភ្លាមៗ​ឲ្យ​បាន​លឿន​ជា​ភាសា​អង់គ្លេស។​ បន្ថែម​លើ​នេះ ​នៅ​​ឆ្នាំ ​២០១៩ ​គឺ​ពេល​ដែល​ទូរទស្សន៍​ថោន​ រៀបចំ​កម្មវិធី​ប្រដាល់​ ​Mas Fight Cambodia​ នាង​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ជា​ពិធីការិនី​តែ​ម្តង ​ដោយ​ឡើង​លើ​វេទិកា​សង្វៀន​​និយាយ​អត្ថាធិប្បាយ​ជា​ភាសា​អង់គ្លេស ​នូវ​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​គ្រប់​គូ ​ជូន​ជន​រួម​ជាតិ​ និង​ជន​បរទេស​»។​

«នៅ​ក្នុង​បទ​ពិសោធ​ខ្ចី​នៅ​ឡើយ​ ខ្ញុំ​ត្រូវ​បាន​ទទួល​ការ​កោត​សរសើរ​ពី​មិត្តភក្តិ​បងប្អូន ​និង​ឪពុក​ម្តាយ​នាង​ខ្ញុំ ​ហើយ​ក្នុង​រយៈពេល​ជាង ​១០ ​សប្តាហ៍​ ខ្ញុំ​ត្រូវ​បាន​គេ​ឲ្យ​ចូល​និយាយ​វិទ្យុ​ក្នុង​កម្មវិធី​ចំនួន ​៤ ​ទៀត ​ដោយ​ចាប់​ផ្តើម​ទទួល​បាន​ប្រាក់​ខែ​ជា​បណ្តើរៗ​រហូត​ដល់​មិត្តភក្តិ​​ខ្ញុំ​ គេ​អួត​ថា ជា​ពិធីការិនី​ល្អ​គ្មាន ​២​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ នេះ​គ្រាន់​ជា​ការ​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ គឺ​ខ្ញុំ​មិន​អំនួត ​ឬ​ជោរ​នោះ​ឡើយ​ ព្រោះ​ការងារ​នេះ ខ្ញុំ​ពេញ​ចិត្ត និង​ស្ងប់​ចិត្ត ​តែ​​បើ​មាន​ឱកាស​ និង​ពេល​វេលា​គ្រប់គ្រាន់​​ គឺ​ខ្ញុំ​ចង់​ធ្វើ​​ជា​ពិធីការិនី​សិល្បៈ​ទៀត​»​។​

ទាក់ទង​ទៅ​នឹង​ប្រាក់​ចំណូល​បាន​ពី​ការងារ​នេះ​ VicKy​ បាន​បង្ហើប​ថា​៖ ​«បាន​ប្រាក់​ចំណូល​​តិច​តួច​នៅ​ឡើយ ​​ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ណាស់​ គឺ​​យ៉ាង​ហោច​ណាស់​ ខ្ញុំ​ចំណាយ​ក្នុង​លក្ខណៈ​សន្សំ​សំចៃ​បំផុត ​ដើម្បី​អាច​​រ៉ាប់រង​ជីវភាព​ខ្ញុំ​ផង ​និង​បាន​ជួយ​ទៅ​ដល់​​គ្រួសារ​ប្រហែល​ពាក់​កណ្តាល​ផង​ដែរ​»។

គឹមហួង បាន​បញ្ជាក់​ថា៖ ​«​លោក​​ឪពុក​ ​អ្នក​ម្តាយ​ខ្ញុំ​ប្រាប់​ថា ​គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ​និង​រីករាយ​បំផុត​នៅ​ពេល​ឃើញ​កូន​ឡើង​និយាយ​ក្នុង​ទូរទស្សន៍ ​ព្រោះ​​អ្នក​ភូមិ​ ព្រម​ទាំង​បងប្អូន​ គេ​នាំ​គ្នា​កោត​សរសើរ​ពី​ទេពកោសល្យ​របស់​នាង​ខ្ញុំ​ក្នុង​ការ​និយាយ​ភាសា​អង់គ្លេស ហើយ​បច្ចុប្បន្ន​​មាន​គេ​ទាក់ទង​ច្រើន​ក្នុង​ការងារ​កីឡា​បែប​នេះ​ ប៉ុន្តែ​ដោយសារ​កំពុង​សិក្សា​ផង​ ជាប់​និយាយ​កម្មវិធី​វិទ្យុ​ផង ​និង​ការងារ​ប្រដាល់​នេះ​ផង​ គឺ​ខ្ញុំ​​មិន​ទាន់​មាន​ម៉ោង​ធ្វើ​ការ​ឲ្យ​គេ​នៅ​ឡើយ​ទេ»។​

អ្នកស្រី​ ប្រាក់​ សម្ផស្ស ​ដែល​ជា​ពិធីការិនី​កីឡា​ចាស់​វស្សា​មាន​ភាព​​ល្បីល្បាញ​តែ​ម្នាក់​បាន​និយាយ​ថា​៖ ​«ពិធីការិនី ​VicKy​ សំឡេង​ល្អ​ និង​និយាយ​ភាសាអង់​គ្លេស​បាន​ល្អ ​ហើយ​ខ្ញុំ​ធ្លាប់​មាន​កម្មវិធី​ជួប​គ្នា​ញឹក​ផង​ដែរ»​។​

ជុំវិញ​ការងារ​ជា MC ផ្នែក​កីឡា​នេះ អ្នកស្រី​ ប្រាក់​ សម្ផស្ស​ បាន​បន្ត​ថា​៖ «​ពិធីករ​ ឬ​​ពិធីការិនី​កីឡា​ មាន​មិន​ច្រើន ​ឬ​សម្បូរ​ដូច​ខាង​ផ្នែក​សិល្បៈ​នោះ​ទេ​ ​ព្រោះ​ក្រៅ​ពី​មាន​វោហារស័ព្ទ​ល្អ​ជា​ភាសា​ជាតិ​ និង​អន្តរជាតិ​ និង​ទេពកោសល្យ​ គឺ​ត្រូវ​មាន​ការ​យល់​ដឹង​ស៊ីជម្រៅ​លើ​បច្ចេកទេស​កីឡា ​ដូច​ជា​រូបមន្ត ​និង​​លក្ខខណ្ឌ​នៃ​ការ​ប្រកួត ​និង​និយាយ​ឲ្យ​មាន​ការ​ទាក់ទាញ​ពី​មហាជន​ផង​ដែរ​។​ ហេតុ​នេះ​​តាម​ខ្ញុំ​យល់ ការ​ដែល​​មិន​សូវ​សម្បូរ​ពិធីការិនី-​កីឡា គឺ​មក​ពី​មូលហេតុ​នេះ និង​មក​ពី​ប្រាក់​ចំណូល​តិច​ជាង​សិល្បៈ​ឆ្ងាយ​ណាស់​ តែ​ត្រូវ​​មាន​ការ​យល់​ដឹង​ខ្ពស់​»​៕​​