ក្រុងបាសេឡូណា៖ កីឡាករឆ្នើមជម្រើសជាតិអេស្ប៉ាញ និងក្លិប Barcelona បានប្រកាសថា រូបគេនឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់របស់ខ្លួននៅចុងឆ្នាំ ២០១៩ នេះ។
កីឡាករ Villa ដែលនឹងមានអាយុ ៣៨ ឆ្នាំនៅខែក្រោយនេះ នឹងចូលនិវត្តន៍នៅចុងរដូវកាលរបស់ក្លិបជប៉ុន Vissel Kobe ហើយរូបគាត់បានប្រកាសបែបនេះនៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធរូបនេះរកបាន ១២ គ្រាប់ក្នុងការប្រកួត ២៦ លើកនៃក្របខ័ណ្ឌជប៉ុន J. League សម្រាប់ក្លិប Vissel Kobe ជាក្លិបមួយដែលរូបគាត់បានចូលរួមក្រោយពីចាកចេញពីក្លិប New York City នៅសហរដ្ឋអាមេរិក។
ក្លិប Vissel Kobe បានសរសេរតាមប្រព័ន្ធ Twitter ថា៖ «សូមអរគុណចំពោះអាជីពបាល់ទាត់ដ៏អស្ចារ្យរបស់ Villa» ហើយបានបញ្ជាក់នៅតាមគេហទំព័រផ្លូវការរបស់ខ្លួនថា កីឡាករ Villa នឹងចូលនិវត្តន៍នៅចុងរដូវកាលនេះ។
កីឡាករ Villa បានរីករាយនឹងអាជីពដ៏ល្អរបស់ខ្លួនដោយបានក្លាយជាតារាបាល់ទាត់ជាមួយក្លិប Sporting Gijon មុនពេលធ្វើដំណើរទៅក្លិប Real Madrid និងបន្តទៅក្លិប Valencia។
ក្រោយពីរកបានជាង ១០០ គ្រាប់ សម្រាប់ក្លិប Valencia កីឡាករ Villa បានចូលរួមនឹងក្លិប Barcelona បានរយៈពេល ៣ រដូវកាល និងជួយឲ្យក្លិបនេះឈ្នះពានរង្វាន់ LaLiga ២ លើក និងពានរង្វាន់ Champions League ១ លើក មុនពេលរូបគេបន្តដំណើរទៅចូលរួមនៅក្លិប Atletico Madrid។
ក្រោយមកទៀតកីឡាករ Villa បានចំណាយពេល ៤ រដូវកាលជាមួយក្លិប New York City និងបានចំណាយពេលមួយរយៈពេលខ្លីនៅក្លិប Melbourne City មុនពេលធ្វើដំណើរឆ្ពោះទៅប្រទេស ជប៉ុន ចុងក្រោយនេះ។
កីឡាកររូបនេះក៏លេងបាន ៩៨ លើកសម្រាប់ជម្រើសជាតិអេស្ប៉ាញដោយឈ្នះពានរង្វាន់ Euro 2008 និងពានរង្វាន់ World Cup 2010 ព្រមទាំងបានពានរង្វាន់ជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់ជម្រើសជាតិរហូតដល់ចំនួន ៥៩ គ្រាប់ផងដែរ។
កីឡាករ Villa បានឈ្នះពានរង្វាន់ស្បែកជើងមាសនៅក្របខ័ណ្ឌ Euro 2008 ផងដែរខណៈរូបគាត់បានស៊ុតបញ្ចូលទី ៥ លើក នៅក្នុងការប្រកួតពានរង្វាន់ World Cup ២០១០។
កាលពីថ្ងៃអង្គារ ក្លិបចុងក្រោយរបស់កីឡាករ Villa នៅប្រទេស ជប៉ុន បានប្រកាសថា កីឡាកររូបនេះ គឺជាវិនិយោគិនឈានមុខគេមួយនៅក្នុងក្លិប Queensboro FC ដែលគ្រោងនឹងលេងនៅក្នុងការប្រកួតពានរង្វាន់ USL Championship ដែលចាប់ផ្ដើមនៅឆ្នាំ ២០២១៕ AFP/SN