ក្រុង​ប៉ារីស​: លោក Andre Villas-Boas បាន​និយាយកាល​ពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ចាក​ចេញ​ពី​តួនាទី​ជា​គ្រូ​បង្វឹក​របស់​ក្រុម Olympique de Marseille (Marseille) ប្រសិន​បើ​ត្រូវ​បាន​ស្នើ​ដោយគណៈ​គ្រប់​គ្រង​របស់​ក្លិប បន្ទាប់​ពី​​ក្រុម​របស់​លោក​ចាញ់​ក្រុម Lens ១-០ នៅផ្ទះខ្លួន​ឯង កាល​ពី​ថ្ងៃ​ពុធ អំឡុង​ការ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Ligue 1​ របស់​បារាំង​។

ក្រុម​ម្ចាស់​ផ្ទះ Marseille ដែលមាន​លទ្ធផល​ស្មើ​ដោយ​គ្មាន​គ្រាប់​បាល់​ជាមួយ​ក្រុម Dijon បន្ទាប់ពី​​ចាញ់ក្រុម Paris Saint-Germain នៅ​ Champions Trophy ហើយ​ក្រោយ​មក ភ្លាត់​ជើង​ជាមួយ​ក្រុម Nimes នៅ​លីគទៀត ឥឡូវ​នេះ ចាប់​ផ្ដើម​មាន​បញ្ហា​ជា​ថ្មី​ម្ដង​ទៀត ពេល​ ១ គ្រាប់​ ដែល​ទម្លុះ​សំណាញ់​ទី​​ដោយ Simon Banza នៅ​វគ្គ​ទី២ ជា​គ្រាប់​ជ័យ​ជម្នះ​សម្រាប់​ក្រុមភ្ញៀវ​តែ​ម្ដង​។

ក្រុម Marseille នៅ​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​តី ៦ ក្នុង​តារាង Ligue 1 ហើយ​បើ​ទោះ​នៅ​សល់ ១ ប្រកួត​ក្នុង​ដៃ​ក៏​ពិត​មែន​ តែ​ត្រូវ​តាម​ដល់​ទៅ ១០​ ពិន្ទុ​ ពី​ក្រោយ​ក្រុម​លេខ ១ PSG និងក្រុមលេខ ២ Lille ដែល​មាន ៤២​ ពិន្ទុ​ដូច​គ្នា​​។ គិត​ទាំង​ការ​ប្រកួត​យប់​មិញ​ផង ឃើញ​ថា ក្រុម Marseille ឈ្នះ​តែ​ ១ លើក​ប៉ុណ្ណោះ ក្នុង​ចំណោម ៨ ​ប្រកួត​ចុង​ក្រោយនៅ​គ្រប់​កម្មវិធី​ទាំង​អស់​។​

គ្រូបង្វឹក​លោក Villas Boas របស់​ Marseille កំពុង​ឈរ​បញ្ជាកូនក្រុមរបស់​ខ្លួន អំឡុង​ការ​ប្រកួត Lens នៅ​ក្រប​ខ័ណ្ឌ League 1។

«តួនាទី​របស់​ខ្ញុំ គឺ​ច្បាស់​ណាស់​ស្ថិត​នៅ​លើ​ដៃ​របស់​អ្នក​គ្រប់គ្រង។ ខ្ញុំ​មិន​មែន​នៅ​ទី​នេះ ដើម្បី​ធ្វើ​ជា​ឧបសគ្គ​អ្វី​ឡើយ​»​។ នេះ​ជា​ប្រសាសន៍​របស់​លោក Villas-Boas អតីត​គ្រូបង្វឹក​របស់​ក្រុម​យក្ស ២​ នៅ​អង់គ្លេស គឺ Chelsea និង Tottenham Hotspur។

លោក Villas-Boas ដែល​ត្រូវ​ដឹក​នាំ​ក្រុម​ទៅ​ផ្ទះ​របស់​ក្រុម Monaco ថ្ងៃ​សៅរ៍​នេះបាន​បន្ថែម​ថា​៖ «​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ជាង​នេះ ពោល​គឺ​រក​វិធី​ដោះ​ស្រាយ​ កុំ​ឱ្យ​របូត​គ្រាប់​ពី​ការ​លើក​បាល់​ចូល​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ពី​ស្លាប​ស្ដាំ និងឆ្វេង​។ ខ្ញុំ​ត្រូវ​តែ​ជឿ​ជាក់​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់ ព្រម​ទាំង​កូន​ក្រុម​របស់​ខ្ញុំ​ ដើម្បី​កែ​ប្រែ​ទម្រង់​មិន​ល្អ ដែល​មាន​ហូរហែ​នេះ​។ ក្រុម Monaco កំពុង​លេង​ល្អ​ឡើង​ៗ​។ ខ្ញុំ​កំពុង​ផ្ដោត​លើការ​រក​ដំណោះ​ស្រាយ​»​៕ AFP/VN