ក្រុង​ម៉ុងរ៉េអាល់​៖ ​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​លើក​កម្លាំង​ពិភព​លោក​ (WADA) បាន​ស្នើសុំ​​​ឲ្យ​គេ​ដាក់​បំរាម​លើ​ប្រទេស ​រុស្ស៊ី ​កុំ​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​​គ្រប់​ប្រភេទ​​ទាំង​អស់​​​រយៈពេល ​៤ ​ឆ្នាំ ​ក្រោយ​ពី​ចោទ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ថា ​បាន​​ក្លែង​ទិន្នន័យ​មន្ទីរពិសោធន៍​ដែល​ប្រគល់​​ទៅ​ឲ្យ​ក្រុម​អ្នក​ស៊ើប​អង្កេត​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​នេះ ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​។​​

របាយការណ៍​មួយ​​និយាយ​​ថា គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់ (CRC) ​របស់​ទីភ្នាក់ងារ WADA បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ដែល​នឹង​ត្រូវ​ហាម​ឃាត់​រុស្ស៊ី​មិន​ឲ្យ​ចូលរួម​ប្រកួត​អូឡាំពិក​ក្រុង​តូក្យូ​នៅ​ឆ្នាំ​ក្រោយ ​ដែល​នឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស ​បារាំង ​នៅ​​ថ្ងៃ​ទី ​៩ ​ខែ​ធ្នូ​។

គណៈកម្មាធិការ​​ WADA ​ក៏​បាន​ណែនាំ​ឱ្យ​គេ​ហាម​ឃាត់​​ប្រទេស ​រុស្ស៊ី ​មិន​ឱ្យ​រៀបចំ​ ឬ​ដេញ​ថ្លៃ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​សំខាន់ៗ​សម្រាប់​រយៈពេល ​៤ ឆ្នាំ ​ដែល​​អាច​ប៉ះពាល់​ដល់​​​ឋានៈ​​របស់​ទីក្រុង ​Saint Petersburg​ ​ក្នុង​ការ​ទទួល​រៀបចំ​​ព្រឹត្តិការណ៍ ​Euro ២០២០​។

ប្រសិន​បើ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​ WADA មែន​នោះ​ ប្រទេស ​រុស្ស៊ី ​អាច​ប្តឹង​ជំទាស់​នឹង​ការ​សម្រេច​ចិត្ត​នេះ​ទៅ​តុលាការ​អាជ្ញា​កណ្តាល​សម្រាប់​កីឡា​។

សំណើ​សុំ​ដាក់​ទណ្ឌកម្ម​នេះ​ ​បាន​កើត​ឡើង​បន្ទាប់​ពី​អ្វី​ដែល​ក្រុម​អ្នក​ស៊ើប​អង្កេត​ WADA ​បាន​ចាត់​ទុក​ថា​ជា​ករណី ​«​ធ្ងន់ធ្ងរ​បំផុត​មួយ​» នៃ​​ការ​មិន​គោរព​ច្បាប់ «​ដោយ​មាន​​​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត»​។

ការ​ហាម​ឃាត់​តាម​ការ​ណែនាំ​​រយៈពេល ​៤ ឆ្នាំ​នេះ ​បាន​​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ស៊ើប​អង្កេត ​WADA​ បាន​ពិនិត្យ​ទិន្នន័យ​ពី​មន្ទីរ​ពិសោធន៍​សារធាតុ​លើក​កម្លាំង​ក្រុង​ម៉ូស្គូ ​​ប្រទេស ​រុស្ស៊ី ​ដែល​ត្រូវ​បាន​ប្រគល់​ឱ្យ​ WADA​ កាល​ពី​ខែ​មករា​។

ការ​បង្ហាញ​ទិន្នន័យ​ពេញ​លេញ​​ពី​មន្ទីរ​ពិសោធន៍​ក្រុង​ម៉ូស្គូ​នេះ ​គឺ​ជា​លក្ខខណ្ឌ​​សំខាន់​មួយ​នៃ​ការ​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​ឡើង​វិញ​រវាង​​រុស្ស៊ី​ និង​​ទីភ្នាក់ងារ​ WADA ​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៨។

ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​លើក​កម្លាំង​របស់​រុស្ស៊ី​ (RUSADA) ​ត្រូវ​បាន​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជិត​ ៣ ​ឆ្នាំ​មក​ហើយ ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហាញ​កម្មវិធី​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង​ដែល​គាំទ្រ​ដោយ​រដ្ឋ​ដ៏​ធំ​មួយ​នេះ​។

ទោះបី​យ៉ាង​ណា ទីភ្នាក់ងារ WADA​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ ថ្ងៃ​ចន្ទ​ថា ​ទិន្នន័យ​ដែល​ប្រគល់​ឲ្យ​នេះ​បាន​មាន​បញ្ហា​ជា​ច្រើន​ដោយ​ចាត់​ទុក​ទិន្នន័យ​នោះ​​​ថា គ្មាន​លក្ខណៈ​ពេញ​លេញ​ និង​​ខុស​ពី​ច្បាប់​ដើម​​។

របាយការណ៍​នេះ​បាន​និយាយ​ថា​ ការ​រក​ឃើញ​លទ្ធផល​មិន​ត្រឹមត្រូវ​ជា​ច្រើន​ត្រូវ​បាន​លុប​ចោល ​ខណៈ​​ទិន្នន័យ​ដើម​ និង​ឯកសារ​ PDF ​ត្រូវ​បាន​លុប​​។

ខណៈ​លទ្ធផល​​ដែល​ត្រូវ​បាន​លុប​ចោល​​​​បាន​កើត​ឡើង​នៅ​ឆ្នាំ​ ២០១៦ ​ឬ​នៅ​ឆ្នាំ ២០១៧​​ ជា​ពេល​ដែល​រឿង​អាស្រូវ​នៃ​សារធាតុ​លើក​កម្លាំង​របស់​រុស្ស៊ី​បាន​ផ្ទុះ​ឡើង​ដំបូង​នោះ​ ព័ត៌មាន​ផ្សេង​ទៀត​ត្រូវ​បាន​លុប​​​នៅ​ខែ​ធ្នូ​ ឆ្នាំ ​២០១៨​ ឬ​ខែ​មករា​នៃ​ឆ្នាំ​នេះ​​ភ្លាមៗ ​មុន​ពេល​ទិន្នន័យ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ទីភ្នាក់ងារ​ WADA៕ ​AFP/SN