ក្រុង​ឡុងដ៍​: ក្រុម​តោ​ខៀវ Chelsea យក​ជ័យជម្នះ ក្នុង​លទ្ធផល ៣-០ លើក្រុមទៅ​ពី​បារាំង Rennes ដែល​សល់​គ្នា​តែ ១០​ នាក់ បន្ទាប់​ពី Dalbert ត្រូវ​បណ្ដេញ​ចេញ ដោយសារ​បង្ក​កំហុស ទទួល​បាន​កាត​លឿង ២ លើក ខណៈ​កំហុស​ទាំង​នោះ សុទ្ធ​​តែ​នៅ​ក្នុង​តំបន់គ្រោះ​ថ្នាក់ ហើយ​​ Timo Werner អត់​ភ្លាត់​សូម្បី ១ គ្រាប់ ពេល​ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ​ម្ដង​ៗ​។

សម្រាប់​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League កាល​ពី​យប់​ថ្ងៃ​ពុធ​នេះ កំហុស​ដំបូង​របស់​ខ្សែ​ការ​ពារ​សញ្ជាតិ​ប្រេស៊ីល កើត​ឡើង​នៅ​នាទីទី​៩ ពេល​គេ​ទាក់​ជើងរបស់ Werner ក្នុង​ប្រអប់​ប៉េណាល់​ទី ហើយ​ក្រោយ​មក ទទួល​បាន​កាត​លឿង​លើក​ទី២ នៅ​ប៉ុន្មាន​នាទី​មុន​ចប់​វគ្គ​ទី១ នៅ​ពេល​ការ​ស៊ុត​របស់ Tammy Abraham ដែល​ទៅ​បុក​​ជើង​របស់ Dalbert បាន​ធ្វើ​ឱ្យ​បាល់​ប្លាត​ទៅ​ប៉ះ​ដៃ​​ ដែល​លាត​សន្ធឹង​របស់​គេ​​។

ខ្សែ​ប្រយុទ្ធ Werner វ័យ ២៤​ ឆ្នាំ ដែល​ទំនង​ជា​ទទួល​ភារៈទាត់​បាល់​ប៉េណាល់​ទី ជំនួស​​​​ Jorginho ធ្វើ​បាន​សម្រេច​នូវ​គ្រាប់​បាល់ ១១ ម៉ែត្រ ទាំង ២ លើក​នេះ ហើយ​ក្រុមម្ចាស់​ផ្ទះ Chelsea នាំ​មុខ​បណ្ដោះ​អាសន្ន ២-០ នៅ​តង់​ទី១ ខណៈ​តង់​ទី២ Abraham បន្ថែម ៣-០ នៅ​នាទីទី​៥០ ហើយ​ក៏​ជា​លទ្ធផល​ផ្លូវការ​សម្រាប់​ប្រកួត​លើក​ទី៣ របស់​ក្រប​ខ័ណ្ឌ​អឺរ៉ុប​នេះ​ផងដែរ​។​

ជ័យ​ជម្នះ​ ២ លើក ជាប់​ៗ​គ្នានេះ ធ្វើ​ឱ្យ​ក្រុម​ Chelsea របស់​អង់គ្លេស បន្ត​ឈរ​ទី ១ ក្នុង​ពូល E ដដែល​ ​បើ​ទោះស្មើ ៧ ​ពិន្ទុ ជាមួយក្រុម​អេស្ប៉ាញ Sevilla ក៏​ដោយ ដោយ​សារ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង ខណៈ​ក្រុម​ទាំង ២ កំពុង​ស្ថិត​នៅ​ផ្លូវ​ប្រជែង​យក​តំណែង​ទី​កំពូល។

រី​ឯ​ក្រុម Rennes ប្រហែល​ជា​ត្រូវ​ស៊ូ​ជាមួយ​ក្រុម​របស់​រុស្ស៊ី Krasnodar ដែល​ទើប​ចូល​មក​ប្រឡូក​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​នេះ​ថ្មី​ថ្មោង ដើម្បីដណ្ដើម​តំណែង​លេខ ៣ សម្រាប់​បាន​ទៅ​លេង​នៅ​ Europa League វគ្គ ៣២ ក្រុម ដោយ​ពេល​នេះ ក្រុម​ទាំង ២ កំពុង​មាន ១ ពិន្ទុ​ដូច​គ្នា​។​

ការ​ប្រកួត នៅ​ឯ​កីឡដ្ឋាន​ស្អាត​ចែស (អត់មាន​អ្នក​គាំទ្រ) Stamford Bridge គេ​ឃើញ​អ្នក​ចាំទី Edouard Mendy របស់​ក្រុម​ម្ចាស់​ផ្ទះ ឈរ​ផ្ទុយ​ពី​បង្គោល​ទី​របស់​ក្រុម ដែល​ខ្លួន​ទើប​ចាកចេញ កាល​ពី​ខែ​កញ្ញា ហើយ​កីឡាករ​វ័យ ២៨​ឆ្នាំ ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ការ​រារាំង​មិន​ឱ្យ​គ្រាប់​បាល់​របូត​ចូល​ទី​សូម្បី ១ គ្រាប់ ដែល​វា​ជាលើក​ទី៣ នៅ Champions League​ នេះ​។ Mendy បាន​ឱប​មិត្ត​រួម​ក្រុម​ចាស់ ក្រោយ​សំឡេង​កញ្ចែ​ចុង​ក្រោយ​បន្លឺ​ឡើង​។

សម្រាប់​កីឡាករ Werner ឥឡូវ​នេះ រក​បាន ៦ គ្រាប់​ហើយ ក្នុង​ចំណោម ៦ ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន ខណៈ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ សម្រប​ខ្លួន​បាន​យ៉ាង​រហ័ស​នៅ​រដូវកាល​ដំបូង ជាមួយ​ក្លិប​ថ្មី​៕ AFP/VN