ក្រុងអាំស្ទែរដាំ​: ខ្សែ​បម្រើ Georginio Wijnaldum ​របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ឱ្យ​​ឈ្មោះ​ការ​ឈូស​ស្កាត់​ដោយ​អ្នក​ចាំ​ទី​ Jordan Pickford របស់​ក្រុម Everton ដែល​បណ្ដាល​ឱ្យ​ខ្សែ​ការ​ពារ Virgil van Dijk មាន​របួស​ធ្ងន់​ធ្ងរ​នោះ ថា​ ជា «​ទង្វើ​ល្ងង់​ខ្លៅ​» ហើយ​ស្នើ​ឱ្យ​មាន​ការ​ពិន័យ​ចំពោះ​អ្នក​ចាំ​បង្គោល​ទី​ដៃ​ទី ១ របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​។

កីឡាករ Van Dijk ទំនង​ជា​អវត្តមាន​រហូត​ដល់​ចប់​រដូវ​កាល ក្រោយ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ក្នុង​ជំនួប​រវាង​ក្រុម​គូ​ប្រជែង​ក្នុង​ក្រុង​តែ​មួយ សម្រាប់​ក្របខ័ណ្ឌ Premier League ដែល​បញ្ចប់​លទ្ធផល​ជាមួយ​នឹង​ភាព​ចម្រូង​ចម្រាស ២-២ កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ការ​ប្រកួត​នោះ ក៏​ឃើញ​មានការ​ដេញ​កីឡាករ Richarlison របស់​ក្រុម​ម្ចាស់​ផ្ទះ​ផង​ដែរ​​​ ដោយ​សារ​ផ្ដួល​ខ្លួន​ស្កាត់​ជ្រុល​ពេក​ចំពោះ​កីឡាករ Thiago Alcantara​។

និយាយ​នៅ​ឯ​សន្និសីទ​កាសែត មុន​ជំនួប​នៅ​ក្រប​ខ័ណ្ឌ​ Champions League ជាមួយ​ក្រុម Ajax នៅ​ហូឡង់ Wijnaldum បាន​ប្រាប់​ថា​៖ «​ប្រាកដ​ណាស់ យើង​សោក​ស្ដាយ​។ វិធីដែល Pickford ប្រើ​ក្នុង​ការ​ឈូស​ស្កាត់ ដោយ​គំនិត​ផ្ទាល់​ខ្លួន​ខ្ញុំ គឺ​ជា​ទង្វើ​ល្ងង់​ខ្លៅ​ទាំង​ស្រុង​។ ខ្ញុំ​ជឿ​ថា គេ​គ្មាន​ចេតនា​ឱ្យ​ Van Dijk មាន​របួស​នោះ​ទេ តែ​វិធីដែល​គេ​ធ្វើ​ហ្នឹងគឺ​ខុស ពោល​គឺគេ​មិន​ខ្វល់​ពី​អ្វីដែល​កើត​ឡើង​ ក្រោយ​ការ​ប្រជែង​ដ៏​ជ្រុល​ហួស​ហេតុ​ហ្នឹង​»​។​

Wijnaldum របស់ Liverpool និយាយ​នៅ​ឯ​សនិ្ន​សីទ​កាសែត មុន​ការ​ប្រកួត​ជាមួយ​ក្រុម​ Ajax នៅ Champions League យប់​នេះ​។

ខ្សែ​បម្រើសញ្ជាតិ​ហូឡង់​វ័យ ២៩ ​ឆ្នាំ បន្ត​ទៀត​ថា​៖ «​យើង​ដឹង​ថា វា​ជា​ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​នៅ​ក្រុង​តែ​មួយ ហើយ​គ្រប់​គ្នា​ចង់​ឈ្នះ​ការ​ប្រកួត​ហ្នឹង រហូត​ដល់​ពេល​ខ្លះគ្រប់​គ្រង​ខ្លួន​ឯង​មិន​បាន​ គឺ​ជារឿង​ធម្មតា តែ​នេះ គឺ​ជ្រុល​ពេក​ហើយ​។ វា​មិន​មែន​ត្រឹម​តែ​ការ​ឈូស​ស្កាត់​របស់​ Pickford ប៉ុណ្ណោះ​ទេ ប្រសិន​បើ​និយាយ​ពី​រឿង​នេះ ការ​ផ្ដួល​​ស្កាត់ដោយ​ Richarlison ចំពោះ Thiago ក៏​ជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ​មួយ​ដែរ​»​។

តែ​យ៉ាង​ណា Pickford នឹង​មិន​ប្រឈម​ជាមួយ​ការ​ពិន័យ​ណា​មួយ​ឡើយ ក្រោយ​អាជ្ញា​កណ្ដាល លោក Michael Oliver អត់​មាន​ចំណាត់​ការ​អ្វី​សោះ នៅ​លើ​ទីលាន​នាពេល​នោះ ព្រម​ទាំង​មិន​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញនូវ​ហេតុការណ៍​នោះ តាម​រយៈ​វីដេអូ​ជំនួយ​អាជា្ញកណ្ដាល VAR ​ទៀត​ផង​។

Wijnaldum បាន​បន្ថែម​ថា​៖ «ការ​ប៉ះ​ទង្គិច អាច​កើត​មាន​ជា​និច្ច ក្នុង​ការ​ប្រកួត​បាល់​ទាត់​ ពោល​គឺ​អ្នក​អាច​នឹង​ជួប​សំណាង​មិន​ល្អ​នោះ តែ​ទង្វើ ដែល​គេ​បាន​ធ្វើ គឺ​មិនអាច​ទទួល​យក​បាន​ឡើយ​។ វា​រឹត​តែ​ធ្ងន់​ធ្ងរ​ទៀត​នោះ គឺ​ពួក​គេ អត់​ត្រូវ​បាន​ពិន័យ​។ ក្នុង​ករណី​នេះ Pickford អត់​ត្រូវ​បាន​ពិន័យ បើ​ទោះ​ជាមាន​រូប​ភាព​វីដេអូ​នៃ​ហេតុការណ៍នោះ​»​៕ AFP/VN