The Phnom Penh Post Search

Search form

Wilder និង Joshua យល់​ព្រម​ឡើង​សង្វៀន​ជួបគ្នា​ឆ្នាំ​នេះ

Content image - Phnom Penh Post
កីឡាករ Anthony Joshua (ឆ្វេង) និង Deontay Wilder។ AFP

Wilder និង Joshua យល់​ព្រម​ឡើង​សង្វៀន​ជួបគ្នា​ឆ្នាំ​នេះ

ក្រុងឡូសអេនជឺលេស: កីឡាករ​ប្រដាល់ Deontay Wilder និង Anthony Joshua បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្សេងៗ​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​រួម​មួយ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​លើ​សង្វៀន​មួយ​របស់​ចក្រភព​អង់គ្លេស​នៅ​ចុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​បណ្តាញ​សារ​ព័ត៌មាន ESPN កាល​ពី​ថ្ងៃ​ចន្ទ។

លោក Shelly Finkel ដែល​អ្នកចាត់ការ​ទូទៅ​ម្នាក់​របស់ Wilder បាន​ប្រាប់ ESPN ថា Wilder ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពី​ស្ថាប័ន WBC បាន​ទទួល​យក​សំណើ​មួយ​របស់​លោក Eddie Hearn អ្នក​រៀបចំ​ការ​ប្រកួត​របស់ Joshua សម្រាប់​ការ​ប្រកួត​មួយ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ។

Joshua ត្រូវបាន​ដកស្រង់​សម្តី​ដោយ ESPN ក្នុងពេល​និយាយ​ថា៖ «យើង​បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្សេងៗ ដែល Eddie បាន​ផ្តល់​ឲ្យ​យើង​សម្រាប់​ការ​ប្រកួត​មួយ​នៅ​ចក្រភព​អង់គ្លេស»។

លោក Finkel បានបញ្ជាក់​បន្ថែមថា៖ «Deontay បាន​ទទួលយក​លក្ខខណ្ឌ​របស់គេ ដើម្បី​ប្រកួត​នៅ​ចក្រភព​អង់គ្លេស។ កីឡាករ Deontay បាន​ផ្ញើ​អ៊ីមែល​មួយ​ទៅ​ឲ្យ Joshua កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ ហើយ​ខ្ញុំ​បាន​ផ្ញើ ១ ដែរ​នៅ​ថ្ងៃ​នេះ ទៅ​ឲ្យ​លោក Barry Hearn និង​លោក Eddie ដើម្បី​ប្រាប់​ពួកគេ​ថា យើង​ទទួល​យក​ជា ផ្លូវការ​នូវ​សំណើ​ក្នុង​ការ​ប្រកួត​ក្រោម​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​យើង និង​ដើម្បី​ចុះ​កុងត្រា»។

បណ្តាញសារព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា សំណើ​នេះ​នឹងមាន​លក្ខខណ្ឌ​នៃ​ការប្រកួត​គ្នា ២ លើក ខណៈ​ដែល​ការ​ប្រកួត​សង​សឹក​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋអាមេរិក ឆ្នាំ​ក្រោយ។

ប្រសិនបើ​ការប្រកួត​នេះ​ត្រូវ​បានប្រកាស​ជា​ផ្លូវការ វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​ធំ​បំផុត​ក្នុង​ប្រភេទ​ទម្ងន់​នេះ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ។

Joshua ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​ឡុង​ដ៍​ឆ្នាំ ២០១២ បានឈ្នះ​ខ្សែក្រវាត់​រួម​ដែល​មាន WBA, IBF និង WBO តាមរយៈ​ការ​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​នូវែលសេឡង់ Joseph Parker កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មីនា។

អ្នកឈ្នះ​ក្នុងការ​ប្រកួត​រវាង Joshua និង Wilder នឹង​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុងការ​គ្រប់គ្រង​រាល់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ទាំង ៤ ដែល​រួម​មាន WBA, WBC, IBF និង WBO ក្នុង​ពេល​តែមួយ។

Joshua វ័យ ២៨ ឆ្នាំ បានឈ្នះ​ខ្សែក្រវាត់​ពិភពលោក​លើក​ទី ១ របស់​គេ​កាល​ពី​ឆ្នាំ ២០១៦ និង​បាន​ការពារ ៥ លើក ដើម្បី​ធ្វើ​ឲ្យ​កំណត់ត្រា​ឈ្នះ​របស់​គេ​កើន​ដល់ ២១ លើក មិន​ដែល​ចាញ់ ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ២០ លើក។ Wilder វ័យ ៣២ ឆ្នាំ មាន​កំណត់​ត្រា​ឈ្នះ ៤០ លើក មិន​ដែល​ចាញ់ ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ៣៩ លើក ក្រោយ​ពី​រូបគេ​បាន​ផ្តួល​កីឡាករ​មិន​ស្គាល់​ចាញ់ Luis Ortiz របស់​គុយបា នៅ​ក្នុង​ទឹក​ទី ១០ ក្នុង​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី ៣ ខែ​មីនា៕

អត្ថបទគួរចាប់អារម្មណ៍