អាមេរិក: អ្នកប្រដាល់ Deontay Wilder នឹងត្រូវឡើងប្រកួតក្នុងនាមជាអ្នកការពារខ្សែក្រវាត់ពិភពលោក WBC ទម្ងន់ធ្ងន់របស់ខ្លួនជាមួយអ្នកប្រដាល់ សញ្ជាតិអាមេរិក Dominic Breazeale នៅខែឧសភា ក្រោយពីខកបំណងចង់ប្រកួតសាជាថ្មីជាមួយកីឡាករអង់គ្លេស Tyson Fury។
ម្ចាស់ជើងឯកប្រដាល់ក្នុងទម្ងន់ធ្ងន់មិនធ្លាប់ចាញ់សោះ Wilder នឹងត្រូវឡើងប្រកួតជាមួយ Breazeale នៅថ្ងៃទី ១៨ ខែឧសភានៅសង្វៀន Barclays Center ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិកក្រោយពីក្រុមប្រឹក្សាប្រដាល់ពិភពលោក (WBC) សម្រេចនៅដើមខែនេះឲ្យ Wilder ប្រកួតការពារខ្សែក្រវាត់។
ជុំវិញការប្រកួតនេះ Wilder បាននិយាយនៅក្នុងសន្និសីទកាសែតនៅបុរីញូវយ៉កកាលថ្ងៃអង្គារថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលមានឱកាសទទួលបានការសម្រេចឲ្យប្រកួតលើកនេះ ហើយខ្ញុំចាត់ទុកការប្រកួតនេះគឺជាសត្វរុយដែលហើរក្រឡឹងនៅលើក្បាលរបស់ខ្ញុំ»។
កីឡាករជើងខ្លាំងរូបនេះបានបញ្ជាក់ថា៖ «សត្វរុយនេះ តាមរំខានខ្ញុំ នៅពេលខ្ញុំកំពុងរវល់ធ្វើអ្វីៗដែលខ្ញុំចង់ធ្វើ ហើយខ្ញុំត្រៀមខ្លួនកម្ចាត់សត្វរុយនេះចេញពីលើក្បាលខ្ញុំ។ នេះជាការប្រយុទ្ធផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយបើគិតតាមវិស័យប្រដាល់ ជាសកលនេះគឺជាពេលដ៏ល្អបំផុតសម្រាប់ខ្ញុំ»។
អ្នកប្រដាល់សញ្ជាតិអាមេរិក Wilder ដែលធ្លាប់ប្រកួតឈ្នះ ៤០ ដង មិនធ្លាប់ចាញ់ ស្មើ ១ ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់រហូតដល់ចំនួន ៣៩ ដងនោះ នឹងត្រូវការពារខ្សែក្រវាត់របស់ខ្លួនជាលើកទី ៩ នៅពេលប៉ះកីឡាប្រដាល់ Breazeale ដែលធ្លាប់ឈ្នះចំនួន ២០ លើក និងចាញ់ ១ លើកក្នុងនោះធ្លាប់បានផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន ១៨ លើកផងដែរ។
អ្នកប្រដាល់វ័យ ៣៣ ឆ្នាំ Wilder បានចាប់ផ្តើមពេញចិត្តខ្លាំងក្នុងការការពារខ្សែក្រវាត់របស់ខ្លួននៅពេលឡើងលើសង្វៀនប្រកួតជាមួយ Breazeale ខណៈ Breazeale ប្តេជ្ញាចិត្តថានឹងផ្តល់មេរៀនចាស់ដៃមួយដល់គូប្រកួតខ្លួន។
Breazeale បាននិយាយថា៖ «ខ្ញុំចង់បានខ្សែក្រវាត់ WBC ហើយខ្ញុំសប្បាយចិត្តណាស់ចំពោះការប្រកួតនេះ ព្រោះវាស្របតាមឆន្ទៈរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនៅយប់នោះ។ ខ្ញុំមិនខ្លាចការប្រកួតនេះទេ ហើយខ្ញុំនឹងយកឈ្នះការប្រកួតនេះឲ្យបាន ប៉ុន្តែខ្ញុំត្រូវដឹងថា ដើម្បីយកឈ្នះគឺត្រូវត្រៀមកម្លាំងឲ្យបានត្រឹមត្រូវ»។
តាមពិត Wilder ចង់ប្រកួតជាថ្មីទៀតជាមួយនឹងកីឡាប្រដាល់សញ្ជាតិអង់គ្លេស Fury ក្រោយពីអ្នកទាំង ២ ប៉ះគ្នាម្ដងរួចមកហើយនៅទីក្រុងឡូសអេនជឺឡេសសហរដ្ឋអាមេរិកក្នុងលទ្ធផលស្មើគ្នាកាលពីខែធ្នូ ឆ្នាំមុន ដែលធ្វើឲ្យមានការមិនអស់ចិត្តចំពោះការប្រកួតក្នុងទម្ងន់ធ្ងន់នេះ។
ទោះយ៉ាងណាក៏ដោយក្ដីសង្ឃឹមរបស់អ្នកប្រដាល់ជើងខ្លាំង Wilder ក្នុងការឡើងប្រកួតម្ដងទៀតជាមួយ Fury ទំនងជាគ្មានពន្លឺទេ ព្រោះពេលនេះ Fury បានចុះហត្ថលេខាលើការប្រកួតជាច្រើនទៀតជាមួយបណ្ដាញ ESPN កាលពីខែមុនរួចបាត់ទៅហើយ៕ SN