The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Wilder ផ្ដួល​គូប្រកួត​ក្នុង​ទឹក​ទី​១ ​ដើម្បី​រក្សា​ខ្សែក្រវាត់ WBC

Wilder ផ្ដួល​គូប្រកួត​ក្នុង​ទឹក​ទី​១ ​ដើម្បី​រក្សា​ខ្សែក្រវាត់ WBC

Content image - Phnom Penh Post
កីឡាករ Wilder (​ឆ្វេង​) ​ប្រើ​កណ្ដាប់ដៃ​វាយ​គូប្រកួត​ថ្មីៗ​នេះ​។ រូប AFP

Wilder ផ្ដួល​គូប្រកួត​ក្នុង​ទឹក​ទី​១ ​ដើម្បី​រក្សា​ខ្សែក្រវាត់ WBC

បុរីញូវយ៉កៈ កីឡាករ​ប្រដាល់​មិន​ធ្លាប់​ស្គាល់​ចាញ់ Deontay Wilder បាន​ផ្ដួល​កីឡាករ Dominic Breazeale ក្នុង​ទឹក​ទី​ ១ ​នៅក្នុង​ការប្រកួត​ពី​រាត្រី​ថ្ងៃ​សៅរ៍​ដើម្បី​រក្សា​ខ្សែក្រវាត់​ពិភពលោក​របស់​ខ្លួន World Boxing Council (WBC) ក្នុង​ទម្ងន់​ធ្ងន់​។

កីឡាករ Wilder ដែល​ប្រើ​កណ្ដាប់​ដៃស្ដាំ​សម្លាប់​គូប្រកួត​ខ្លួន​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​នៃ​ប្រដាល់​ទម្ងន់​ធ្ងន់​នោះ​បាន​ផ្ដួល​គូប្រកួត​ខ្លួន​ដោយ​វាយ​តែ​ ១ ​ដៃស្ដាំ​នៅ​ពេល​ជិត​បញ្ចប់​ទឹក​ទី​ ១ ​នៅ​សង្វៀន Barclays Center​។

កីឡាប្រដាល់ Wilder បាន​វាយ​សន្ធាប់​ទៅ​លើ​កីឡាករ Breazeale តាំងពី​ដើម​ទឹក​ទី​ ១ ​ដោយ​ប្រើ​កណ្ដាប់​ដៃស្ដាំ​វាយ​ទៅ​លើ​គូប្រកួត​ចំ​គោលដៅ​មុនពេល​វាយ​បង្ហើយ​នៅ​ចុង​ទឹក​ទី​ ១ ​នោះ​ដោយ​ដាល់​ ១ ​ដៃ​ចំ​ថ្គាម​ខាង​ឆ្វេង​ធ្វើឲ្យ Breazeale ដួល​លើស​ង្វៀន ហើយ​ត្រូវ​បាន​អាជ្ញាកណ្ដាល​បញ្ឈប់​ក្រោយពី​រាប់​ដល់​ ១០​។

កីឡាករ Wilder បាន​និយាយ​ថា​៖ «​នៅពេល​ខ្ញុំ​ប្រើ​កណ្ដាប់​ដៃស្ដាំ​វាយ​គាត់​ជា​លើកដំបូង ជំហរ​របស់​គាត់​មាន​ការប្រែប្រួល ហើយ​នៅពេល​ដូច្នេះ ខ្ញុំ​បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង​ព្រោះ​ខ្ញុំ​ដឹង​ថា គាត់​កំពុងតែ​វង្វេងវង្វាន់ និង​មាន​ចន្លោះ​ប្រហោង​ច្រើន​»​។

ក្រោយពី​បាន​ការពារ​ខ្សែក្រវាត់​ក្នុង​កម្រិត​ទម្ងន់​ធ្ងន់​ដោយ​បាន​ឈ្នះ​ទៅលើ​កីឡាករ Breazeale នេះ​ហើយ​កីឡាករ Wilder អាយុ​ ៣៣ ​ឆ្នាំ​ទទួល​បាន​ប្រវត្តិ​ប្រកួត​ថ្មី​ទៀត​គឺ​ប្រកួត​បាន​ ៤១ ​លើក​ក្នុង​នោះ​ស្មើ​ ១ ​លើក និង​ផ្ដួល​គូប្រកួត​ឲ្យ​បោះបង់​ការប្រកួត​ចំនួន​ ៤០ ​លើក​។

ចំណែកឯ​កីឡាករ Breazeale ដែល​បាន​ទើប​តែ​ចាញ់​ ១ ​ប្រកួត​មុន​នេះ​ជាមួយ​កីឡាករ Anthony Joshua នោះ​ក៏​មាន​ប្រវត្តិ​ប្រកួត​ថ្មី​ផង​ដែរ​គឺ​ប្រកួត​បាន​ ២០ ​លើក​រួម​ទាំង​ការប្រកួត​ចុង​ក្រោយ​នេះ​ក្នុង​នោះ​ចាញ់​ ២ ​លើក​ និង​ផ្ដួល​គូប្រកួត​ចំនួន​ ១៨ ​លើក​។

នៅ​មុនពេល​ប្រកួត​រវាង​កីឡាករ​ទាំង​ ២ ​នេះ​គេ​បានឃើញ​មាន​ការវាយប្រហារ​ជា​ពាក្យសម្ដី​គ្នា​ជាច្រើន​ចេញ​ពី​កីឡាករ Wilder ដែល​បាន​និយាយ​បែប​យុទ្ធសាស្ត្រ​ដោយ​គំរាម​ថា​គាត់​មាន​បំណង​វាយ​សម្លាប់​គាត់​នៅ​លើ​សង្វៀន​លើក​នេះ​តែ​ម្ដង​។

ទោះ​ជា​ការប្រើ​ពាក្យ​វាយប្រហារ​គ្នា​នេះ​គឺជា​វិធីសាស្ត្រ​ធម្មតា​មួយ​នៃ​ការទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​ក៏ពិតមែន ប៉ុន្តែ​ពាក្យសម្ដី​ដ៏ព្រៃផ្សៃ​ដែល​កីឡាករ Wilder បាន​ប្រើ​នៅ​មុន​ពេល​ប្រកួត​នេះ​វា​បាន​ធ្វើឲ្យ​មហាជន​ដែល​ចូលចិត្ត​វិស័យ​កីឡា​នេះ​មាន​ការរិះគន់​ថា​វា​ហាក់​ដូចជា​ជ្រុល​បន្តិច​ហើយ​។

ពាក្យសម្ដី​បែប​ហិង្សា​របស់​កីឡាករ Wilder នេះ​ធ្វើឲ្យ​មហាជន​គាំទ្រ​វិស័យ​ប្រដាល់​ខកចិត្ត​យ៉ាង​ខ្លាំង​ ខណៈ​ប្រធាន WBC គឺ​លោក Mauricio Sulaiman បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​សួរចម្លើយ​ពាក់ព័ន្ធ​នឹង​ពាក្យសម្ដី​នេះ​។

ទោះបី​យ៉ាង​ណា​កីឡាករ Wilder បាន​និយាយ​គាំទ្រ​ពាក្យសម្ដី​របស់​គាត់​ភ្លាមៗ​ក្រោយពី​បាន​ផ្ដួល​គូប្រកួត​ខ្លួន​នៅពេល​នេះ​ដោយ​បាន​បកស្រាយ​បំភ្លឺ​ពី​ការប្រើ​ពាក្យ​បែប​ហិង្សា​នេះ​។

Wider បាន​និយាយ​ថា​៖ «​អ្វី​គ្រប់យ៉ាង​បាន​កើតឡើង​ដោយសារ​តែ​ខ្ញុំ​។ មាន​ការរៀបចំ​កម្មវិធី​ជាច្រើន​នៅ​មុន​ពេល​ប្រកួត​នេះ​ដូចជា​ការសង្គ្រឺត​ដាក់​គ្នា ការបង្ហាញ​សាច់ដុំ​គ្នា​ និង​ការបង្ហាញ​បែប​ស្អប់​គ្នា​ជាដើម ហើយ​ទាំងអស់​នេះ​គឺ​គ្រាន់តែ​ជា​វិធី​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន​តែ​ប៉ុណ្ណោះ​»៕ SN

អត្ថបទគួរចាប់អារម្មណ៍